ទីផ្សារ​​​​ផលិតផល​កសិកម្ម​សរីរាង្គ​នៅ​កម្ពុជា​ ​​​​​កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍​​​គួរ​ឲ្យ​កត់សម្គាល់​​​



​ក្រុម​អ្នក​​ផ្គត់ផ្គង់​ ​និង អ្នក​ជំនាញ​ផ្នែក​​ផលិតផល​សរីរាង្គ​​ ​កំពុង​​មាន​សុទិដ្ឋិនិយម​ចំពោះ​​ ​ទីផ្សារ​​​កសិកម្ម​សរីរាង្គ​​នៅ​កម្ពុជា​ ​ស្រប​ពេល​ដែល​សន្ទុះ​នៃ​ការ​ប្រើប្រាស់​​​​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ​ស្រប​ពេល​ដែល​បច្ចុប្បន្ន​នេះ ​​​បញ្ហា​ចំណី​អាហារ​​ដែល​មាន​សារធាតុ​គីមី ​​កំពុង​តែ​​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​ប្រើប្រាស់ ​​​ប្រជាជន​ទូទៅ​ហាក់​ដូច​ជា​មក​ចាប់​អារម្មណ៍​ផលិតផល​ដែល​គ្មាន​ជាតិ​គីមី​ ​ដែល​គេ​ស្គាល់​ថា ​«ផលិតផល​សរីរាង្គ»។​ ​

មួយ​វិញ​ទៀត​ ​​គេ​មើល​ឃើញ​ថា ​​ដោយសារ​ប្រជាជន​មួយ​ចំនួន​មាន​ជីវភាព​ល្អ​ប្រសើរ​ជាង​មុន​ ​​ដូច្នេះ​ហើយ​ពួក​គាត់​អាច​​មាន​លទ្ធភាព​ទិញ​ ផលិតផល​ដែល​ផ្ដល់​អត្ថប្រយោជន៍​ទាំង​​​នោះ ​​ដើម្បី​បរិភោគ​។ លោក ​​​​ម៉ៅ ​មិថុនា ​អ្នក​សម្របសម្រួល​កម្ម​វិធី​​របស់​​សមាគម​កសិកម្ម​សរីរាង្គ​កម្ពុជា (Cambodian Organic Agriculture Association) ឬ ហៅ​កាត់​ថា​កូរ៉ា (COrAA) ​បាន​លើកឡើង​ថា​៖ ​«​ខ្ញុំ​​មើល​ឃើញ​ថា ​ប្រជាជន​ចាប់​ផ្ដើម​បារម្ភ​អំពី​សុខភាព​ច្រើន​​ ​ដូច្នេះ​គាត់​ចាប់​ផ្ដើម​គិត​ពី​ផលិតផល​ស្តង់ដារ​​គុណភាព​»។

​លោក​បន្ថែម​ថា៖«​ខ្ញុំ​ឃើញ​ថា​ ​មាន​ការ​ផ្លាស់ប្ដូរ​ខ្លាំង​មែនទែន​

ទី១ ​គឺ​តាមរយៈ​ពិព័រណ៍​ផលិតផល​សរីរាង្គ​ ​​

ទី២​​តាមរយៈ​ការ​ផ្សព្វផ្សាយ​តាមរយៈ​សារព័ត៌មាន​​ ​

ទី៣​ ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​»​។

​​លោក ឌី ​សីវយុត្តិ ​ប្រធាន​សាខា​ហាង​សួន​ធម្មជាតិ​ ​(​Natural Garden) ​​ដែល​​មាន​៣​សាខា​នៅ​រាជធានី​ភ្នំពេញ​​បាន​អះអាង​ថា៖« តាម​ការ​សង្កេត​របស់​ខ្ញុំ​ ​​​កំណើន​នៃ​ការ​​លក់​​ផលិតផល​​សរីរាង្គ​របស់​យើង​ចេះ​តែ​មាន​ការ​កើន​ឡើង​ជា​លំដាប់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​»។ ​លោក​ពន្យល់​បន្ថែម​ថា ​​​កាល​ពី​មុន​គឺ​​ភាគច្រើន​​ ​មាន​តែ​ជនបរទេស​ប៉ុណ្ណោះ​​ដែល​ទិញ​ផលិតផល​សរីរាង្គ​ទាំង​នោះ ​ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ន​នេះ ​​ប្រជាជន​ខ្មែរ​​មួយ​ចំនួន​បាន​ចាប់​ផ្ដើម​គាំទ្រ ​​និង ទិញ​​យក​ទៅ​ប្រើ​ប្រាស់​គួរ​ឲ្យ​តក់​សម្គាល់​​ ​។ ​​ដូច​គ្នា​នេះ​ដែរ​​​ហាង​សួន​បន្លែ​​អមតៈ ​(Amarak Veggie Garden)​ដែល​ជា​​ហាង​លក់​ផលិតផល​​សរីរាង្គ​​ចំនួន​​ពីរ​​​កន្លែង​​នៅ​រាជធានី​ភ្នំពេញ​​​ក៏​មាន​កំណើន​នៃ​ការ​លក់​គួរ​ឲ្យ​គត់​សម្គាល់​ផង​ដែរ​។

​​​​ហាង​ខាង​លើ​នេះ ​​​មាន​ភ្ញៀវ​បរទេស​​​ចូល​មក​ទិញ​ប្រមាណ ៦០​ភាគ​រយ ​និង ​៤០​ភាគរយ​​គឺ​ជា​ជនជាតិ​ខ្មែរ​។​​ លោក ​កែវ​ រ៉ាឌី​ ​ស្ថាបនិក​របស់​​ហាង​សួន​បន្លែ​​អមតៈ ​(Amarak Veggie Garden)​បាន​បញ្ជាក់​ថា​៖ ​​​​ «​​កំណើន​នៃ​អ្នក​ប្រើប្រាស់​ ​គឺ​មាន​ប្រហែល​ពី​២០ ទៅ​៣០ ​ភាគ​រយ​​កាល​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ​»។ ​​សូម​បញ្ជាក់​ថា ​ហាង​ភាគច្រើន​ដែល​កំពុង​លក់​ផលិតផល​សរីរាង្គ​​នា​ពេល​បច្ចុប្បន្ន​នេះ ​គឺ​​​​​​​ម្ចាស់ហាង​មាន​​ចម្ការ​ដាំដំណាំ​ដោយ​ខ្លួន​ឯង​​ដូច្នេះ ​​ពួកគេ​អាច​នាំ​យក​ផលិតផល​របស់​ខ្លួន​មក​លក់​លើ​ទីផ្សារ​។ ​ទី២ ​ហាង​ទាំង​នោះ ​​ទទួល​ទិញ​​ផលិតផល​​ពី​ក្រុមហ៊ុន ឬ ​អង្គការ​ដែល​ជា​សមាជិក​របស់​សមាគម​កសិកម្ម​សរីរាង្គ​កម្ពុជា ​ដើម្បី​ធានា​ថា ​ផលិតផល​ទាំង​នោះ ​មិន​ប្រើប្រាស់​សារធាតុ​គីមី​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​​អ្នក​ប្រើប្រាស់​។ ​​

ទាក់ទង​នឹង​​បញ្ហា​ប្រឈម​នៃ​ផលិតកម្ម​សរីរាង្គ​​​​វិញ​ ​លោក​ម៉ៅ ​មិថុនា ​បាន​​ពន្យល់​ថា ​​​​ ​ផល​លំបាក​ទី​១​​ ​ដែល​សមាគម​ក៏​ដូច​ជា ​កសិករ​ ​អង្គការ​ ​និង ​ក្រុមហ៊ុន​កំពុង​ជួប​ការ​លំបាក​នោះ​​​គឺ​ដោយសារតែ​​ ​កត្តា​បម្រែបម្រួល​អាកាស​ធាតុ ​ព្រោះ​បញ្ហា​នេះ​នាំ​ឲ្យ​ទិន្នផល​នៃ​ការ​ដាំដុះ​មិន​អាច​សម្រេច​ទៅ​តាម​គម្រោង​។ ​ទី២ ​​គឺ​បញ្ហា​ទីផ្សារ ​បើ​ទោះបីជា​បច្ចុប្បន្ន​ផលិតផល​សុខភាព​បែបនេះ ​ចាប់​ផ្ដើម​ទទួល​ការ​ចាប់​អារម្មណ៍​ខ្ពស់​ក៏​ដោយ ​ប៉ុន្តែ​​ទីផ្សារ​នៅ​តែ​មិន​ទាន់​ទូលំទូលាយ​ខ្លាំង​នៅ​ឡើយ​ ​និង​ ​ទី៣​នោះ​គឺ​​លទ្ធភាព​ក្នុង​ការ​ផលិត​ជី​។ ​​ការ​ដាំដុះ​ដំណាំ​សរីរាង្គ​គឺ​​ ត្រូវ​ការ​ជី​ធម្មជាតិ​ ​ហើយ​ប្រជាកសិករ និង​ អ្នក​​ផលិត​គ្មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ផលិត​ជី​តាម​តម្រូវ​ការ​នោះ​ទេ ​ជា​ពិសេស​នៅ​ពេល​ពួក​គេ​ចង់​ដាំដុះ​​លើ​ផ្ទៃដី​ធំ​។

​សូម​បញ្ជាក់​ថា សមាគម​កសិកម្ម​សរីរាង្គ​កម្ពុជា​ ​គឺ​ជា​សមាគម​​​ដែល​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៦ ​​​ដើម្បី​ជួយ​ជំរុញ​ផលិតផល​​វិស័យ​កសិកម្ម​សរីរាង្គ​នៅ​កម្ពុជា​ ​​ហើយ​បច្ចុប្បន្ន​នេះ ​មាន​សមាជិក​សរុប​​ប្រមាណ​៦៩ ​។ ​៦៩​ ​សមាជិក​នេះ ​គឺ​មាន​ទាំង​ប្រជា​កសិករ ​ក្រុមហ៊ុន​ឯង​ជន ​និង ​អង្គការ​​ដែល​កំពុង​​បង្កើត​ផលិតផល​កសិកម្ម​សរីរាង្គ​៕

​​ដោយ​៖ ​អ៊ុន ​ភក្តី​ ​

X
5s