រោគសញ្ញា៣យ៉ាងនៃការខ្វះខាតវីតាមីនសេដែលអ្នកអាចកំពុងតែព្រងើយកន្តើយ
វីតាមីនសេមានសារសំខាន់សម្រាប់ការលូតលាស់របស់ជាលិកា និងដើម្បីជួសជុលទូទាំងសារពាង្គកាយរបស់យើង។ វាក៏ជួយដល់ការកកើតរបស់កូឡាសែន ដែលត្រូវបានប្រើប្រាស់ដើម្បីបង្កើតស្បែក សរសៃឈាម ឆ្អឹង និងសរសៃពួរ។ មិនតែប៉ុណ្ណោះ វីតាមីននេះក៏ត្រូវការសម្រាប់ការព្យាបាលរបួស ការស្រូបយកជាតិដែក និងថែទាំសុខភាពរបស់ឆ្អឹង។ ខាងក្រោមនេះគឺជារោគសញ្ញា៣យ៉ាងនៃការខ្វះខាតវីតាមីនសេដែលអ្នកអាចកំពុងតែព្រងើយកន្តើយ៖
១) ឧស្សាហ៍ចេញឈាមច្រមុះ៖ ការចេញឈាមច្រមុះកើតឡើងនៅពេលសរសៃឈាមតូចៗនៅក្នុងច្រមុះត្រូវបានដាច់រហែក ហេតុនេះការចេញឈាមច្រមុះញឹកញាប់គឺជាសញ្ញាណដែលចង្អុលបង្ហាញថាសរសៃឈាមនៅក្នុងច្រមុះមានសភាពទន់ខ្សោយ។ ដោយសារតែសរសៃឈាមត្រូវបានពង្រឹងឲ្យរឹងមាំដោយកូឡាសែន ហេតុនេះកង្វះវីតាមីនសេអាចបណ្ដាលឲ្យសរសៃឈាមមានសភាពទន់ខ្សោយបាន ហើយក៏ធ្វើឲ្យឈាមច្រមុះញឹកញាប់បែបនេះ។
២) សក់ស្ងួតហើយបែកចុង៖ សក់ភ្លឺរលោងចែងចាំងនិងមានសុខភាពល្អគឺជាសញ្ញាណដែលចង្អុលបង្ហាញថាអ្នកបានទទួលយកវីតាមីនសេគ្រប់គ្រាន់ហើយ។ យ៉ាងណាមិញ បើសិនជាសក់របស់អ្នកមានសភាពស្ងួតហើយបែកចុង នោះអ្នកអាចកំពុងតែខ្វះខាតវីតាមីនសេ ព្រោះថាសក់របស់អ្នកត្រូវការកូឡាសែនដើម្បីភាពរឹងមាំនិងមានសុខភាពល្អ តែបើសិនជាអ្នកខ្វះវីតាមីនសេ នោះវាក៏ធ្វើឲ្យការផលិតរបស់កូឡាសែនខ្វះខាតដែរ ដែលជាហេតុនាំឲ្យសក់របស់អ្នកប្រែជាស្ងួតហើយបែកចុងនិងឆាប់ជ្រុះដូចនេះ។
៣) របួសយូរជាសះស្បើយ៖ ប្រព័ន្ធភាពស៊ាំដែលធ្វើការជួសជុលរបួសនិងប្រយុទ្ធជាមួយការចម្លងមេរោគផ្សេងៗអាស្រ័យទៅលើវីតាមីនសេ។ វីតាមីនសេជួយដល់ការកកើតរបស់កូឡាសែន ដែលពង្រឹងទៅដល់ជាលិកាដែលមានរបួស។ នៅពេលវីតាមីនសេមិនមានគ្រប់គ្រាន់ ដំណើរការនេះមានប្រសិទ្ធភាពទាបជាងមុន ដែលបណ្ដាលឲ្យមានការហូរឈាមយូរ និងយឺតយូរក្នុងការឲ្យរបួសជាសះស្បើយ៕
ដោយ៖ ស្រីពៅ