៣ចំណុចដែលជាលក្ខណៈរបស់​អ្នកដឹកនាំ​ប្រកប​ដោយ​ក្ដី​មេត្តា​​



អ្នកដឹកនាំ​មួយ​ចំនួន​ចូលចិត្ត​ដឹកនាំ​កូនចៅ​ដោយ​ប្រើប្រាស់​អំណាច​ដើម្បី​ត្រួតត្រា បញ្ជា​បុគ្គលិក​ឲ្យ​ធ្វើ​ទៅ​តាម​អ្វី​ដែល​ខ្លួនឯង​ចង់​បាន។ យ៉ាងណាមិញ អ្នកដឹកនាំ​បែប​នេះ​នឹង​ទទួល​បាន​ការ​កោតខ្លាច​តែ​នៅ​នឹង​មុខ​នោះ​ទេ។

រីឯ​អ្នកដឹកនាំ​ដែល​មាន​ក្ដី​មេត្តា ពួកគេ​នឹង​ដាក់​ខ្លួន​ឯង​ឲ្យ​ដូចជា​សំឡាញ់​ដែល​ចាំ​ជួយ​ជ្រោមជ្រែង​កូនចៅ​នៅ​ពេល​ពួកគេ​ត្រូវការ​ជំនួយ។ អ្នកដឹកនាំ​បែប​នេះ​នឹង​ទទួល​បាន​ការ​គោរព​ទាំង​នៅ​មុខ​និង​នៅ​ក្រោយ​ខ្នង​ផង​ដែរ។ តើ​អ្នកដឹកនាំ​ប្រកប​ដោយ​ក្ដី​មេត្តា​មាន​លក្ខណៈ​សម្បត្តិ​យ៉ាង​ដូចម្ដេច​ខ្លះ ?

១) សិក្សា​រៀន​សូត្រ៖ បុគ្គល​ដែល​ជា​អ្នកដឹកនាំ​គំរូ​ស្គាល់​ពី​ដែន​កំណត់​នៃ​ការ​ចេះ​ដឹង​របស់​ខ្លួនឯង និង​ភាព​ល្ងង់ខ្លៅ​របស់​ខ្លួនឯង។ ពួកគេ​មិន​បាន​លើក​តម្កើង​ខ្លួន​ខ្ពស់​ក្អេងក្អាង​មិន​ស្ដាប់​គេ​ឯង​នោះ​ឡើយ ព្រោះ​ពួកគេ​ដឹង​ថា​ការ​ធ្វើ​បែប​នេះ​នឹង​រារាំង​ពួកគេ​ពី​ការ​អភិវឌ្ឍ​ខ្លួនឯង​ឲ្យ​រីកចម្រើន និង​ជា​លទ្ធផល​នាំឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​រួម​នៅ​ក្នុង​ក្រុមហ៊ុន​ទាំងមូល។ អ្នកដឹកនាំ​បែប​នេះ​នឹង​គោរព​អ្នកដទៃ​ដោយ​ទុក​ពេលវេលា​ឲ្យ​ពួកគេ​បញ្ចេញ​គំនិត​ផ្ទាល់ខ្លួន ដើម្បី​ឆ្ពោះ​ទៅ​រក​ភាព​រុងរឿង​ទាំងអស់​គ្នា។

២) ជួយ​ដក​ចេញ​នូវ​រនាំង​រារាំង​ទាំងឡាយ៖ អ្នកដឹកនាំ​ដែល​ប្រកប​ដោយ​ក្ដី​មេត្តា ចេះ​ឈឺឆ្អាល​បញ្ហា​របស់​កូនចៅ និង​លូកដៃ​នៅ​ក្នុង​រឿង​របស់​ពួកគេ​តាមតែ​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ជួយ​សម្រាល​ទុក្ខ​លំបាក​របស់​ពួកគេ​នៅ​ក្នុង​ការ​បំពេញ​កិច្ច​ការងារ​ឲ្យ​រលូន។ អ្នកដឹកនាំ​បែប​នេះ​ចំណាយ​ពេលវេលា​ដើម្បី​ជជែក​សួរនាំ​ជាមួយ​កូនចៅ ហើយ​គិតគូរ​រក​វិធី​ណា​ដែល​អាច​ជួយ​ពួកគេ​ដោះស្រាយ​បញ្ហា​បាន និង​ជំរុញ​លើកទឹកចិត្ត​ពួកគេ​ឲ្យ​ខិតខំ​តទៅទៀត។

៣) ជះ​ឥទ្ធិពល​វិជ្ជមាន​ដល់​កូនចៅ៖ ជាជាង​សម្លឹង​មើល​តែ​ទៅលើ​អ្វី​ដែល​កូនចៅ​មិន​បាន​ធ្វើ អ្នកដឹកនាំ​ដែល​ប្រកប​ដោយ​ក្ដី​មេត្តា​សម្លឹង​មើល​ទៅលើ​តម្រូវការ​អ្វីខ្លះ​ដែល​កូនចៅ​អាច​កំពុង​ត្រូវការ​ដើម្បី​បំពេញ​កិច្ចការ​របស់​ពួកគេ​ឲ្យ​រលូន។ សម្រាប់​ពួកគេ ភាព​ជោគជ័យ​គឺជា​កាល​ដែល​មាន​ឥទ្ធិពល​វិជ្ជមាន​និង​ជ្រាលជ្រៅ​ទៅលើ​កូនចៅ​របស់​ពួកគេ​ទាំងអស់​គ្នា ជាជាង​ជា​ការ​មាន​ភាព​ល្បីល្បាញ​និង​មាន​ទ្រព្យសម្បត្តិ​ច្រើន។ អ្នកដឹកនាំ​នេះ​តែង​ជួយ​ជ្រោមជ្រែង​កូនចៅ​ឲ្យ​ប្រឹង​បញ្ចេញ​នូវ​សក្ដានុពល​របស់​ខ្លួន ទាំង​ជា​ជំនាញ ទេពកោសល្យ កម្លាំង​ចិត្ត​ខ្លាំងក្លា ទស្សនវិស័យ និង​ការ​ប្ដេជ្ញា​ចិត្ត​ដើម្បី​សាមគ្គី​គ្នា​ឆ្ពោះ​ទៅ​សម្រេច​គោលដៅ​រួម​មួយ៕

ដោយ៖ ស្រីពៅ

សូមអាន៖ គន្លឹះ ៣យ៉ាងដើម្បីឆ្លើយតបថា «ទេ» ចំពោះអតិថិជន​

X
5s