លោកស្រី ជា សុផល្លា ស្ថាបនិក​ និងជា​អគ្គនាយិកា Emerald Plus ៖ ​៥ ចំណុច​​អំពី​អ្នក​ដឹកនាំ​ល្អ​​ត្រូវ​ចេះ​បង្កើត​​អ្នក​ដឹកនាំ​



លោកស្រី ជា សុផល្លា ស្ថាបនិក​ និងជា​អគ្គនាយិកា ​​ក្រុមហ៊ុន​គ្រប់​គ្រង​អចលន​ទ្រព្យ​ Emerald Plus បានមានប្រសាសន៍ថា​ ដើម្បីធ្វើជាអ្នកដឹកនាំល្អយើងត្រូវធ្វើជាអ្នកដឹកនាំដែលបង្កើតអ្នកដឹកនាំ។ ​ការ​ថ្លែង​នេះ​​ ធ្វើ​ឡើង​នៅ​ក្នុង​កម្មវីធី​ ចែក​រំលែក​​ភាព​ជា​អ្នកដឹកនាំ​ស្រ្តី​នៅ​ក្នុង​សិក្ខាសាលា​មួយ​ស្តី​អំពី វេទិការជជែកស្តីពីការដឹកនាំ កាលពីថ្ងៃទី១០ មិថុនាកន្លងទៅ​។ ​

លោកស្រី បាន​មាន​ប្រសាសន៍​ដោយ​លើក​យក​ឧទាហរណ៍​ពាក់ព័ន្ធ​នឹង​បទ​ពិសោធន៍​របស់​អ្នក​ស្រី​ផ្ទាល់​ នូវ​គោលការណ៍​ប្រាំ​ចំណុច​ដូច​ខាង​ក្រោម៖

ចំណុច​ទីមួយ អ្នក​ដឹកនាំត្រូវមានចំណេះដឹង: ចំណេះដឹង​គឺ​ជា​ចំណុចដែលមិនអាចខ្វះបានឡើយសម្រាប់អ្នកដឹកនាំព្រោះបើគ្មានចំណេះដឹងទេអ្នកដឹកនាំគឺមិនអាចទៅដឹកនាំគេបានឡើយ។

​ចំណុចទី២ អ្នកដឹកនាំត្រូវមានគុណធម៍ជាចាំបាច់: ការគោរពអ្នកដទៃ ការឲ្យតម្លៃគឺត្រូវតែមានបើយើងចង់ឲ្យគេស្ដាប់តាមនិងធ្វើតាមយើង យើងត្រូវតែគោរពគេនិងឲ្យតម្លៃពួកគេ។

ចំណុចទី៣ គឺ ក្នុងនាមជាអ្នកដឹកនាំគឺយើងត្រូវស្ដាប់: ជាអ្នកដឹកនាំមិនមែនគ្រប់ពេលយើងចាំបាច់ត្រូវតែនិយាយនោះទេ គឺ​យើង​ត្រូវ​ស្ដាប់​យោបល់​របស់​គេ​និង​ទទួល​យក​នូវ​គំនិត​ល្អៗ​របស់គេ។

ចំណុចទី៤ គឺ ត្រូវចេះជម្រុញលើកទឹកចិត្ត: បើបុគ្គលិកធ្វើបានល្អគឺយើងត្រូវចេះសរសើរគេ ហើយប្រសិនបើគេធ្វើខុសគឺយើងត្រូវអធ្យាស្រ័យនិងណែនាំពួកគេ។

ចំណុច​ទី៥ ជាអ្នកដឹកនាំឆ្នើមចាំបាច់ត្រូវមានគោលដៅច្បាស់លាស់: ជា​អ្នកដឹកនាំ​ចាំបាច់​ត្រូវ​មាន​គោលដៅ​ច្បាស់លាស់​បើ​សិន​ជា​អ្នកដឹកនាំ​គ្មាន​គោលដៅ​ពិតប្រាកដ​ច្បាស់លាស់​ទេ​នោះ​យើងនិងមិនអាចឲ្យគេស្ដាប់តាមយើងឬធ្វើតាមយើងបានឡើយ។

លោកស្រីបានបន្តថា៖ «ក្នុងនាម​ខ្ញុំផ្ទាល់​ខ្ញុំបាន​ឆ្លងកាត់​ការធ្វើការងារ​ឲ្យ​គេ​និង​ការរៀនសូត្រ​ដែល​ទម្រាំ​មកដល់​ពេលនេះ​​គឺ​ខ្ញុំ​ចំណាយ​ពេល​១៥ឆ្នាំ​ខ្ញុំបាន​ចាប់ផ្ដើម​តាំង​ពីពេល​ដែល​​ខ្ញុំ​មិនទាន់​ដឹងថាខ្លួនឯងមានភាពជាអ្នកដឹកនាំក្នុងខ្លួន កាល​ពី ១៥​ឆ្នាំ​មុន​នៅពេល​ដែលខ្ញុំ​សម្រេចចិត្ត​ធ្វើការ​គឺ​មានន័យថា​ខ្ញុំមាន​ភាព​​ជា​អ្នកដឹកនាំ​រួច​ទៅហើយ​ព្រោះ​កំឡុង​ពេលនោះ​មនុស្សគ្រប់គ្នាកំពុងតែផុសផុល​ទៅលើការសិក្សា ដោយឡែក​សំរាប់ខ្ញុំ​នៅឆ្នាំទី២​នៃ​មហាវិទ្យាល័យ​ខ្ញុំបាន​សម្រេចចិត្ត​ទៅ​ធ្វើការ​ព្រោះ​តែ​ខ្ញុំ​ចង់ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​មាន​មុខជំនួញ​ផ្ទាល់ខ្លួន​ដើម្បីបំពេញក្ដីស្រមៃរបស់ខ្លួន»។

លោកស្រីបន្ថែមថា ៖ «ដូច្នេះកាលពី១៥ឆ្នាំមុន និងពេលបច្ចុប្បន្នតើខ្ញុំខុសប្លែកពីគ្នាបែបណា ១៥ឆ្នាំមុនខ្ញុំគ្រាន់តែជាអ្នកដឹកនាំដែលដើរតាមអ្នកដឹកនាំផ្សេងទៀត ប៉ន្តែ​បច្ចុប្បន្ន​ខ្ញុំ​មាន​បុគ្គលិក​ធ្វើការប្រហែលជា ៥០០នាក់ ខ្ញុំមានមុខជំនួញផ្ទាល់ខ្លួន ៦​ ព្រមទាំងមានតួនាទីជាអ្នកដឹកនាំនៅក្នុងការងារសង្គមផងដែរ ដូច្នេះ​ក្នុងនាម​ជា​ស្រ្តី​ម្នាក់​យើង​មិនត្រឹមតែ​មាន​តួនាទី​នៅក្នុងការងារទេ យើងក៏មានតួនាទីជាអ្នកដឹកនាំនៅក្នុងគ្រួសារផងដែរ»៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s