សកម្មភាពប្រចាំថ្ងៃ ៤យ៉ាង ដែលអ្នកគួរគិតគូរឡើងវិញដើម្បីបញ្ចៀសផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព
ពួកយើងភាគច្រើនមិនដែលគិតដល់ទាល់តែសោះថាសកម្មភាពសាមញ្ញតូចតាចមួយចំនួនអាចបង្កជាលទ្ធផលអវិជ្ជមានមកលើរាងកាយរបស់យើង។ នេះក៏ព្រោះតែផលប៉ះពាល់របស់វាមិនបង្ហាញឲ្យយើងឃើញភ្លាមៗនោះទេ ប៉ុន្តែក្នុងរយៈពេលវែងផលអវិជ្ជមានដែលបង្កជាជំងឺធ្ងន់ធ្ងរផ្សេងៗក៏ស្រាប់តែលេចឡើងមកហួសពីការរំពឹងទុករបស់យើង។ សកម្មភាពសាមញ្ញតូចតាចទាំង៤ខាងក្រោមនេះគឺជាទម្លាប់រស់នៅមិនល្អដែលអ្នកគួរចៀសវាងដើម្បីសុខភាពរបស់អ្នក។
១) ប្រើប្រាស់ទឹកអប់៖ ជាទូទៅ តម្រូវការរបស់ទឹកអប់សម្រាប់មនុស្សគ្រប់គ្នាគឺដើម្បីបំបាត់ក្លិនមិនល្អសាយភាយទៅកាន់មនុស្សជុំវិញខ្លួន។ ប៉ុន្តែ អ្នកមានដឹងទេថា ដើម្បីទទួលបានក្លិនក្រអូបសិប្បនិម្មិតបែបនេះ មានសារធាតុគីមីជាច្រើនដែលមិនល្អទាល់តែសោះចំពោះស្បែករបស់អ្នក និងត្រូវបានយកមកសំយោគបញ្ចូលគ្នាដើម្បីបង្កើតក្លិនក្រអូប។ ភាគច្រើនគេប្រើប្រាស់គ្រឿងផ្សំដែលមានតម្លៃថោក តែចោទជាបញ្ហាយ៉ាងខ្លាំងពីផលប៉ះពាល់របស់វាមកលើមនុស្ស ដែលអាចនាំទៅរករោគសញ្ញាឈឺក្បាល វិលមុខធេងធោង រលាកភ្នែក ឡើងកន្ទួលក្រហមលើស្បែក និងរមាស់បំពង់ក នៅពេលមានការប្រើប្រាស់ហួសកម្រិតពេក។
២) ពាក់ខោរឹបៗ៖ នៅពេលអ្នកចូលចិត្តពាក់ខោរឹបជើងពេក វានឹងបង្កើតសម្ពាធដល់ស្បែករបស់អ្នកដែលអាចប៉ះពាល់ដល់ប្រព័ន្ធប្រសាទឲ្យខូចបាន។ ម្យ៉ាងទៀត ខោរឹបជើងនឹងធ្វើឲ្យខ្យល់ពិបាកនឹងចេញចូលតាមជើងរបស់អ្នក ដែលអាចបណ្ដាលឲ្យជើងរបស់អ្នកតឹងណែន មានសម្ពាធ និងឡើងហើមបាន។ ហេតុនេះ រវាងភាពឡូយឆាយនិងផលប៉ះពាល់ចំពោះសុខភាពក្នុងរយៈពេលវែង អ្នកគួរតែថ្លឹងថ្លែងពីចំណុចនេះផងដែរ។
៣) ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកមុនពេលចូលគេង៖ នៅក្នុងសម័យបច្ចេកវិទ្យាជឿនលឿនដែលនាំឲ្យមនុស្សស្ទើរតែគ្រប់គ្នាទៅហើយដែលមានទូរស័ព្ទប្រើប្រាស់នៅក្នុងដៃ អ្នកស្រាវជ្រាវក៏បានធ្វើការសិក្សាអស់រយៈពេលយូរមកហើយ ទៅលើប្រធានបទដែលពាក់ព័ន្ធជាមួយនឹងផលអវិជ្ជមានពីការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកមុនពេលចូលគេងមានទៅលើមនុស្សជាតិ។ ដល់ពេលយប់ដែលត្រូវចូលគេងហើយ នៅពេលអ្នករំខានបង្អាក់វាមិនឲ្យសម្រាក នោះមិនចាំបាច់តែរយៈពេលវែងដែលអាចនាំអ្នកទៅរកជំងឺបាក់ទឹកចិត្ត ប្រព័ន្ធភាពស៊ាំមានបញ្ហានិងចុះខ្សោយ និងរោគមហារីកនោះទេ រយៈពេលខ្លីដែលជាពេលអ្នកក្រោកពីគេងព្រឹកព្រលឹមក៏អ្នកអាចសង្កេតបានដែរថាការគេងមិនគ្រប់គ្រាន់និងមិនស្កប់ស្កល់ពីយប់ ធ្វើឲ្យអ្នកអស់កម្លាំងល្ហិតល្ហៃ មិនស្រស់ស្រាយ ថែមទាំងឈឺក្បាលធេងធោង និងប៉ះពាល់ដល់ប្រសិទ្ធភាពការងាររបស់អ្នកពេញមួយថ្ងៃនេះឯង។ វាគឺជាលទ្ធផលពីភ្លើងពណ៌ខៀវដែលចេញមកពីឧបករណ៍អេឡិចត្រូនិកជះចំមកភ្នែកអ្នក ដែលធ្វើឲ្យរាងកាយរបស់អ្នកយល់ច្រឡំថាជាពេលព្រឹក ហើយវាក៏កាត់បន្ថយបញ្ចេញអ័រម៉ូនមេឡាតូនីន ដែលចាំបាច់សម្រាប់ការគេង ជាលទ្ធផលអ្នកក៏ស្វាងមិនងងុយគេងនៅពេលដែលត្រូវគេងនេះឯង។
៤) ប្រើប្រាស់សាប៊ូប្រឆាំងនឹងបាក់តេរីច្រើនហួសហេតុពេក៖ បាក់តេរីមិនមែនសុទ្ធតែចង្រៃទាំងអស់នោះទេ ព្រោះមានបាក់តេរីខ្លះពិតជាសំខាន់ណាស់សម្រាប់ការពាររាងកាយរបស់អ្នក។ ដូច្នេះនៅពេលអ្នកប្រើប្រាស់សាប៊ូប្រឆាំងនឹងបាក់តេរីរៀងរាល់ថ្ងៃពេក វានឹងទៅសម្លាប់ទាំងបាក់តេរីល្អៗដែលការពារអ្នកនោះ ហើយរាងកាយរបស់អ្នកក៏ចាប់ផ្ដើមទន់ខ្សោយក្នុងការទប់ទល់ជាមួយនឹងបាក់តេរីដែលផ្ដល់គ្រោះថ្នាក់ដល់អ្នក៕
ដោយ៖ ស្រីពៅ