Facebook ចំណាយ ២ម៉ឺនដុល្លារក្នុងមួយថ្ងៃដើម្បីការពារសន្តិសុខនិងសុវត្តិភាព Mark Zuckerberg
ក្រុមហ៊ុន Facebook បានចំណាយប្រាក់ប្រមាណ ៧.៣ លានដុល្លារ កាលពីឆ្នាំទៅ ទៅលើការការពារសន្ដិសុខ សុវត្តិភាពផ្ទាល់ខ្លួនរបស់លោក Mark Zuckerberg ដែលនេះមានការកើនឡើងជិត ៥០% ពីចំនួន ៤.៩ លានដុលារ ក្នុងឆ្នាំ ២០១៦។ ការចំណាយនេះស្មើនឹង ២០ ០០០ ដុល្លារ ក្នុងមួយថ្ងៃ ទៅលើការការពារសន្តិសុខ សុវត្តិភាពរបស់លោក Mark Zuckerberg មហាសេដ្ឋីទី ៧ របស់ពិភពលោក ដែលមានទ្រព្យសម្បត្តិសរុបស្មើនឹង ៦៧ ពាន់លានដុល្លារ (ប៊ីលលានដុល្លារ) នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ cnbc។
រឿងនេះមិនមែនជាអ្វីដែលគួរឲ្យភ្ងាក់ផ្អែលនោះទេ ដោយសារតែក្រុមហ៊ុនធំៗមួយចំនួនបានចំណាយមិនតិចនោះទេទៅលើការការពារសន្តិសុខ សុវត្តិភាពរបស់នាយកប្រតិបត្តិរបស់ខ្លួន។ ក្រុមហ៊ុន Amazon បានចំណាយទឹកប្រាក់ប្រមាណ ១.៦ លានដុល្លារក្នុងឆ្នាំ ២០១៦ ទៅលើការការពារសន្តិសុខ សុវត្តិភាពរបស់លោក Jeff Bezos ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនខាងលើនេះ ដែលចំនួននេះស្មើនឹងក្រុមហ៊ុន Oracle បានចំណាយទៅលើលោក Larry Ellison សហស្ថាបនិក និងជានាយកប្រតិបត្តិរបសក្រុមហ៊ុន Oracle ផងដែរ។ ក្រឡេកទៅមើលក្រុមហ៊ុន Apple វិញ ដោយក្រុមហ៊ុនមួយនេះបានចំណាយប្រាក់ប្រមាណ ២២៤ ០០០ ដុល្លារទៅលើការការពារសុខសុវត្តិភាពរបស់លោក Tim Cook នាយកប្រតិបត្តិរបស់ ក្រុមហ៊ុនApple ខណៈក្រុមហ៊ុន Berkshire Halthaway បានចំណាយប្រាក់ប្រមាណ ៣៨៧ ០០០ដុល្លារ ទៅលើលោក Warren Buffet៕ សូមអាន៖ Mark Zuckerberg វ័យ ៣៣ឆ្នាំ មហាសេដ្ឋីមានទ្រព្យច្រើនលេខ ៥ពិភពលោក តើលោកមានប្រវត្តិយ៉ាងណាដែរ?
ដោយ៖ លង់ វណ្ណៈ