តើទម្លាប់ទទួលទានអាហារពេលល្ងាចរបស់អ្នក អាចមានចំណែកប៉ះពាល់ដល់បញ្ហាដំណេករបស់អ្នកយ៉ាងដូចម្ដេច ?
នៅពេលហត់នឿយអស់កម្លាំងដូចជាពេលល្ងាចបន្ទាប់ពីបំពេញកិច្ចការពេញមួយថ្ងៃរួចមក សមត្ថភាពក្នុងការសម្រេចចិត្តរបស់យើងជាទូទៅត្រូវបានចុះខ្សោយទៅតាមនោះដែរ។ មូលហេតុនេះហើយទើបបានជាពួកយើងតែងតែយល់ថាត្រូវផ្ដល់រង្វាន់ខ្លួនឯងដោយទទួលទានអាហារច្រើនៗសម្រាប់អាហារពេលល្ងាច។ វាគឺជារឿងល្អនោះទេ ប៉ុន្តែបើសិនជាអ្នកមានបញ្ហាគេងមិនលក់យប់ឡើង នោះអ្នកគួរតែយកទម្លាប់មួយនេះមកពិចារណាឡើងវិញ ព្រោះថាការទទួលទានអាហារច្រើនៗនៅពេលល្ងាច និងជាពិសេសរៀបនឹងចូលគេង ក៏មានចំណែកសំខាន់ដែលបានជះឥទ្ធិពលទៅលើបញ្ហាដំណេករបស់អ្នកដែរ។
រយៈពេលដ៏ស័ក្ដិសមបំផុតសម្រាប់ទទួលទានអាហារពេលល្ងាច គឺយ៉ាងហោចណាស់ក៏ត្រូវឲ្យបាន ៤ម៉ោងមុនពេលចូលគេងដែរ។ បើសិនជាអ្នកទទួលទានអាហារច្រើនសម្រាប់អាហារពេលល្ងាចទៀត នោះអ្នកត្រូវគិតថា ប្រព័ន្ធរំលាយអាហាររបស់អ្នកនឹងត្រូវធ្វើការសកម្មនិងខ្លាំងជាងធម្មតា ហើយវាប្រាកដជាមិនស្រួលក្នុងអារម្មណ៍នោះឡើយ នៅពេលប្រព័ន្ធរំលាយអាហាររបស់អ្នកនៅតែធ្វើការខណៈពេលដែលអ្នកត្រូវដល់ម៉ោងគេងហើយនោះ។ ចំណុចសំខាន់មួយទៀតដែលនឹងជះឥទ្ធិពលប៉ះពាល់ដល់ដំណេករបស់អ្នកដែរនោះគឺជាប្រភេទអាហារដែលអ្នកទទួលទានមុនពេលចូលគេងនេះឯង។ អាហារដូចជាស៊ុត គ្រាប់ធញ្ញជាតិ ត្រីសាលមន ផ្លែចេក និងទឹកដោះគោ នឹងជួយជំរុញដល់ការផលិតអ័រម៉ូនសេរ៉េតូនីន និងមេឡាតូនីន ដែលអ័រម៉ូនទាំង២យ៉ាងនេះសុទ្ធតែចាំបាច់ដល់ការសម្រួលអារម្មណ៍អ្នកឲ្យបានធូរស្រាលនិងសម្រួលដល់ការគេងរបស់អ្នកឲ្យបានស្កប់ស្កល់។
ភេសជ្ជៈដ៏ពេញនិយមដូចជាកាហ្វេនេះជាដើមផ្សំឡើងដោយសារធាតុកាហ្វេអ៊ីន ហើយដែលសារធាតុកាហ្វេអ៊ីននេះឯងដែលជួយដាស់ស្មារតីរបស់អ្នកឲ្យស្វាហាប់បាន។ ប៉ុន្តែអ្នកត្រូវដឹងថាប្រសិទ្ធភាពរបស់វាមានអាយុជីវិតពាក់កណ្ដាលប្រមាណជិត៦ម៉ោង។ នេះមានន័យថាបើសិនជាអ្នកទទួលទានកាហ្វេនៅម៉ោង២ថ្ងៃត្រង់ នោះដល់ម៉ោង៨យប់សារធាតុកាហ្វេអ៊ីននឹងថយចុះប្រសិទ្ធភាពរបស់វាទៅអស់៥០%ប៉ុណ្ណោះ។ មូលហេតុនេះហើយទើបបានជាអ្នកវិទ្យាសាស្ត្រនិងគ្រូពេទ្យតែងតែណែនាំមិនឲ្យអ្នកទទួលទានកាហ្វេចាប់ពីម៉ោង២ឬ៣ថ្ងៃត្រង់ទៅ។ ការគេងមានសារសំខាន់ខ្លាំងណាស់សម្រាប់ជីវិតរបស់មនុស្សយើងម្នាក់ៗ។ វាគឺជាចំណែកមួយដែលមិនអាចខ្វះបាននៅក្នុងការធ្វើឲ្យជីវិតរបស់យើងពោរពេញដោយគុណភាពនិងមានសេចក្ដីសុខផ្លូវចិត្តនិងផ្លូវកាយ។ ហេតុនេះហើយអ្នកមិនគួរមើលរំលងវានោះទេ បើសិនជាអ្នកតែងតែមានបញ្ហាជាមួយនឹងដំណេកកន្លងមក៕
ប្រភព៖ thriveglobal.com
ប្រែសម្រួល៖ ស្រីពៅ