ទីផ្សារអចលនទ្រព្យឆ្នាំ ២០១៨៖ អ្នកជំនាញពិភាក្សាអំពីតម្លៃជួលខុនដូ ការិយាល័យ និងហាងលក់រាយ
វិស័យអចលនទ្រព្យកម្ពុជាមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០១៧កន្លងមកក្នុងនោះក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានអនុម័តលើគម្រោងសរុបចំនួន ៣,៤១៨ នៅទូទាំងប្រទេស។
តម្លៃសរុបទឹកប្រាក់ការវិនិយោគដែលបានអនុម័តនៅក្នុងវិស័យសំណង់បានកើនឡើង២២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដែលមានរហូតដល់៦,៨ពាន់លានដុល្លារ។ នៅឆ្នាំ២០១៧គម្រោងលំនៅដ្ឋានមានចំនួន៨២ភាគរយនៃគម្រោងដែលបានអនុម័តទាំងអស់ខណៈដែលគម្រោង បែបពាណិជ្ជកម្មមានត្រឹមតែ៨ភាគរយប៉ុណ្ណោះ។ គម្រោងដែលបានអនុម័តនៅឆ្នាំ ២០១៧ នឹងផ្គត់ផ្គង់លំនៅដ្ឋាន និងពាណិជ្ជកម្មកាន់តែច្រើននៅឆ្នាំ ២០១៨ ដែលនេះទំនងជាមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើទីផ្សារជួល ជាពិសេសនៅខុនដូ ការិយាល័យ និងលក់រាយ។
ទីផ្សារជួលខុនដូ
យោងតាមរបាយការណ៍របស់ CBRE កម្ពុជា ឆ្នាំ ២០១៧ នៅដំណាច់ឆ្នាំ ២០១៧ ការផ្គត់ផ្គង់ខុនដូក្នុងទីក្រុងភ្នំពេញមានចំនួន ៨,៦០០ យូនីត ដែលបានកើនឡើង ១០៨ ភាគរយ បើប្រៀបធៀបទៅនឹងចុងឆ្នាំ ២០១៦។ ប្រហែល ៦៣ ភាគរយ នៃចំនួនយូនីតសរុបនៅចុងត្រីមាសទី ៤ ត្រូវបានចាត់ថ្នាក់ជាយូនីតកម្រិតមធ្យម ដែលមានខុនដូជាង ៥,០០០ យូនីតបានបញ្ចប់ការសាងសង់។
ខុនដូសម្រាប់ជួលនៅទីតាំងសំខាន់ៗបានស្ថិតក្នុងសភាពថេរនៅក្នុងឆ្នាំ២០១៧។ ខុនដូតម្លៃខ្ពស់នៅក្នុងទីតាំងសំខាន់ៗ មានតម្លៃជួលចន្លោះពី១៤ទៅ១៨ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែខណៈខុនដូតម្លៃមធ្យមមានតម្លៃជួលចន្លោះពី១១ទៅ ១៥ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ខុនដូដែលមានតម្លៃសមរម្យនៅក្នុងទីតាំងសំខាន់ៗតម្លៃជួលមានត្រឹម១០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
អ្នកស្រី អាន សុធីតា នាយិការរបស់ក្រុមហ៊ុន CBRE កម្ពុជាបានមានប្រសាសន៍ថា "ទីផ្សារខុនដូនៅឆ្នាំ២០១៧ មានភាពល្អប្រសើរក្នុងនោះអត្រាស្នាក់នៅមានប្រហែល៨៥ភាគរយ។ ទោះជាយ៉ាងណាទីផ្សារប្រហែលត្រូវការពេលវេលាដើម្បីស្រូបយកការផ្គត់ផ្គង់ថ្មីៗបន្ថែមទៀត ដូច្នេះយើងគិតថាអត្រានៃការកាន់កាប់ទំនងជានឹងធ្លាក់ចុះនៅឆ្នាំ ២០១៨ ។
អ្នកស្រី ធីតា បានបន្ថែមទៀតថា នៅឆ្នាំ ២០១៨ នេះនឹងមានការផ្គត់ផ្គង់ខុនដូបន្ថែមចំនួន ១៣,០០០ យូនីត សេវាកម្មអាផាតមេនចំនួន១,២០០ យូនីត។ លោកស្រីបានបញ្ជាក់ថា "ការផ្គត់ផ្គង់ត្រឹមឆ្នាំ ២០១៨ នឹងកើនឡើង៨៧ភាគរយកើនឡើងពី១៦,៣០០យូនីតទៅដល់៣០,៥០០យូនីត"។ បើពិនិត្យមើលអំពីការផ្គត់ផ្គង់លំនៅដ្ឋានសំខាន់ៗនៅក្នុងទីផ្សារ អ្នកស្រី ធីតា បាននិយាយថាអត្រាជួល លំនៅដ្ឋានទំនងជានឹងធ្លាក់ចុះប្រហែល១០ភាគរយនៅឆ្នាំ២០១៨។
ទីផ្សារជួលការិយាល័យ៖ អត្រាជួលរំពឹងថានឹងកើនឡើង
ឆ្នាំ២០១៧មានការកើនឡើងនៃតម្រូវការការិយាល័យដែលមានគុណភាពខ្ពស់ទាំងតម្រូវការជួលពីអ្នកក្នុងស្រុក និងបរទេសហើយក្រុមហ៊ុនចម្រុះជាតិសាសន៍ជាច្រើនបានកំពុងកាន់កាប់ការិយាល័យជួលធំៗ។ កត្តានេះបានធ្វើឲ្យការិយាល័យកម្រិត B កើនឡើងអត្រាជួលប្រហែល១០ភាគរយក្នុងមួយឆ្នាំ។
របាយការណ៍របស់ CBRE បង្ហាញថា នៅចុងឆមាសទី៤ឆ្នាំ២០១៧ការផ្គត់ផ្គង់ការិយាល័យទំនើប នៅទីក្រុងភ្នំពេញបានកើនឡើង១១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ និង២ភាគរយពីមួយត្រីមាសទៅមួយត្រីមាស។ គិតត្រឹមត្រីមាសទី៤ឆ្នាំ២០១៧ការកាន់កាប់ក្នុងវិស័យនេះទាំងមូលមានចំនួន៨២,៧ភាគរយដែលជាអត្រាខ្ពស់បំផុតចាប់តាំងពីដើមឆ្នាំ២០០៩មកហើយការិយាល័យទំហំប្រមាណ160,000 ម៉ែត្រការ៉េកំពុងត្រូវបានសាងសង់ ហើយនឹងត្រូវបញ្ចេញទៅក្នុងទីផ្សារក្នុងអំឡុងពេល២៤ខែខាងមុខនេះ។
ការកាន់កាប់ការិយាល័យជិតពាក់កណ្តាលដែលស្មើនឹង៣៦ភាគរយនៃការផ្គត់ផ្គង់ការិយាល័យនាពេលអនាគតខណៈពេលអគារការិយាល័យប្លង់កម្មសិទ្ធិរួមកំពុងស្ថិតនៅក្នុងដំណាក់កាលសាងសង់ដែលអាចផ្តល់ជូនទំហំជួលប្រហែល១០៥,០០០ម៉ែត្រ ការ៉េ។
ទាក់ទងទៅនឹងការជួលការិយាល័យ អ្នកស្រី ធីតា បាននិយាយថា "តម្លៃជួលជាមធ្យមសម្រាប់ការិយាល័យបែបទំនើបគ្រប់កម្រិតទាំងអស់បានកើនឡើង១ភាគរយក្នុងឆ្នាំនេះរហូតដល់ខែធ្នូឆ្នាំ២០១៧។ សម្រង់តម្លៃការិយាល័យជួលកម្រិតA មាននៅចន្លោះ ២៨ដុល្លារ និង៣៨ដុល្លារក្នុងមួយខែ។"
អ្នកស្រី ធីតា បានបន្ថែមថា “តម្លៃជួលជាមធ្យមគ្រប់កម្រិតការិយាល័យទាំងអស់មានស្ថិរភាពនៅក្នុងត្រីមាសទី៤ប្រៀបធៀបនឹងត្រីមាសទី៣។ ទោះជាយ៉ាងណាការជួលការិយាល័យកម្រិតBនៅក្នុងទីតាំងក្រៅពីតំបន់ពាណិជ្ជកម្មទីក្រុងបានកើនឡើង៤,៤ភាគរយនៅត្រីមាសទី៤ធៀបនឹង ត្រីមាសទី៤ឆ្នាំ២០១៧។”
នៅពេល ដែលតម្រូវការការិយាល័យនៅតែរឹងមាំនៅឆ្នាំនេះ បន្ថែមលើការផ្គត់ផ្គង់ការិយា ល័យថែមទៀតនៅពេលបច្ចុប្បន្ន អ្នកស្រីធីតា រំពឹងថាការជួលការិយាល័យនឹងមានការកើនឡើងបន្តិច នៅឆ្នាំនេះ។ លោក June Zeng មកពីក្រុមហ៊ុន Tings & Associates Co. , LTD បាននិយាយថា "ខ្ញុំមានសុទិដ្ឋិនិយមចំពោះទស្សនវិស័យសម្រាប់វិស័យការិយាល័យនៅកម្ពុជា។ សម្រាប់អ្នកទាំង ឡាយណា ដែលបានអភិឌ្ឍន៍គម្រោងជាមួយនឹងជំនាញវិជ្ជាជីវៈច្បាស់លាស់ ដូចជាគម្រោង Exchange Square ប្រាកដជានឹងទទួលបានជោគជ័យ។ ហើយនេះក៏មិនខុសអ្វីអំពីវិស័យលំនៅដ្ឋានដែរ ប្រសិន បើមិនមានផែនការច្បាស់លាស់នោះទេ ក៏មិនទទួលបានជោគជ័យដែរ។ ខ្ញុំយល់ឃើញថាវិស័យការិយាល័យនៅឆ្នាំ ២០១៨ គឺមានបញ្ហាជាមួយវិជ្ជាជីវៈជាជាងតម្រូវការ និងការផ្គត់ផ្គង់។" ស្របជាមួយគ្នានេះ ការិយាល័យសម្រាប់ជួលនៅភ្នំពេញនៅតែមាននៅលើទីផ្សារ។
ទីផ្សារលក់រាយជួល៖ សំណង់ថ្មីៗនឹងផ្គត់ផ្គង់ទ្វេដងបន្ថែមលើកន្លែងលក់រាយបច្ចុប្បន្ន
យោងតាមរបាយការណ៍ CBRE កម្ពុជា បង្ហាញថានៅដំណាច់ត្រីមាសទី៤ឆ្នាំ២០១៧ទំហំកន្លែងលក់រាយទំនើបប្រមាណ៣០០,០០០ម៉ែត្រការ៉េកំពុងសាងសង់ ឬគ្រោងនឹងសាងសង់ ហើយនៅពេលបញ្ចប់នឹងបន្ថែមការផ្គត់ផ្គង់ទ្វេដងក្នុងរយៈពេល២៤ខែខាងមុខនេះ
តម្លៃជួលកន្លែងលក់រាយធំៗ មានស្ថេរភាពក្នុងអំឡុងត្រីមាសទី៤ឆ្នាំ ២០១៧ បើប្រៀបធៀបទៅនឹងត្រីមាសមុន(ត្រីមាសទី៣) ដែលមិនបានការផ្លាស់ប្តូរគួរឱ្យកត់សំគាល់ណាមួយទេសម្រាប់ផ្សារទំនើបធំៗ ឬផ្សារទំនើបលក្ខណៈសហគមន៍។ តម្លៃជួលរបស់ស្តង់ដែលមានកម្រិតខ្ពស់មានតម្លៃត្រឹម៦៥ដុល្លារក្នុងមួយម៉ែត្រការ៉េ។
លោកស្រី ធីតា បានមានប្រសាសន៍ថា "ទំហំហាងលក់រាយបន្ថែមចំនួន ២០០,០០០ ម៉ែត្រការ៉េ នឹង មាននៅក្នុងគម្រោងប្រាំពីរនៅក្នុងឆ្នាំ ២០១៨ ដែលនឹងបង្កើនតួលេខទ្វេដងបន្ថែមលើការផ្គត់ផ្គង់ បច្ចុប្បន្ន។ ការផ្គត់ផ្គង់ថ្មីនេះត្រូវបានជម្រុញ ដោយការរួមបញ្ចូលគ្នានៃផ្សារទំនើបថ្មី ដែលបង្កើតឡើង ដោយ ក្រុមហ៊ុនអន្ដរជាតិ និងអ្នកលក់រាយដ៏សំខាន់នៅក្នុងគម្រោងប្រើប្រាស់ចម្រុះ។"
ទោះជាយ៉ាងណាក៏ដោយសារគម្រោងអភិវឌ្ឍន៍កន្លែងលក់រាយដែលបន្ថែមលើទីផ្សារនៅឆ្នាំ២០១៨ បានរីករាលដាលយ៉ាងខ្លាំងទៅតំបន់ពាណិជ្ជកម្មទីក្រុងទី២ និងទីតាំងផ្សេងៗទៀត ហើយតម្រូវការ នៅតែមានច្រើន។ អ្នកស្រី ធីតា រំពឹងថានៅក្នុងឆ្នាំ២០១៨ តម្លៃជួលហាងលក់រាយនឹងនៅថេរបើប្រៀបធៀបទៅនឹងឆ្នាំ២០១៧៕
ដៃគូសហការ៖ realestate.com.kh