​អ្នក​ជំនាញ​លើកឡើង​ថា បើ​ដំណើរ​ការ​អាជីវកម្ម​​​ ១​ឆ្នាំ​​ហើយ​ អត់​ប្រព័ន្ធ​គណនេយ្យ​ អត្រា​បរាជ័យ​មាន​ដល់​ ២៥%​



អាជីវកម្ម​ដែល​មិន​មាន​ប្រព័ន្ធ​គណនេយ្យ​​ច្បាស់លាស់ អាច​នឹង​ប្រឈម​មុខ​នឹង​ហានិភ័យ​ខ្ពស់ ក្រោយ​ពេល​អាជីវកម្ម​មាន​ការ​រីក​ដុស​ដាល​ធំ​ឡើង​ៗ​រយៈពេល ២-៣​ឆ្នាំ​ក្រោយ ព្រោះ​តែ​មិន​មាន​របាយការណ៍​នៃ​​ចំណូល​ចំណាយ​ច្បាស់លាស់​។ ​​

តាម​​ការ​ស្រាវជ្រាវ​របស់​អ្នក​ជំនាញ​​​ផ្នែក​គណនេយ្យ​និង​​ប្រធាន​ក្រុមហ៊ុន​គណនេយ្យ​ BSE Accounting​​​ ​បើ​​អាជីវកម្ម​ដំណើរការ​​បាន​រយៈ​ពេល​មួយ​ឆ្នាំ​​ ហើយ​គ្មាន​ប្រព័ន្ធ​គណនេយ្យ​ត្រឹម​ត្រូវ​​គឺ​ជាង​ ២៥%​ជួប​បរាជ័យ បើ​ដំណើរការ​ក្រោយ​បី​ឆ្នាំ​​​ ហើយ​នៅ​តែ​គ្មាន​ប្រព័ន្ធ​ស្ដង់ដារ​គណនេយ្យ​ត្រឹម​ត្រូវ​​ គឺ​ជាង​ ៤៥% ជួប​បរាជ័យ​។

គណនេយ្យ​មិនមែន​មាន​សារៈ​សំខាន់​ចំពោះ​តែ​ម្ចាស់​អាជីវកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​សំខាន់​សម្រាប់​បុគ្គលិក​ផង​ដែរ ពោល​គឺ នៅ​ពេល​ក្រុមហ៊ុន ឬ​អាជីវកម្ម​មួយ​ចេញ​របាយការណ៍​គណនេយ្យ​​របស់​ខ្លួន​ហើយ​នោះ បុគ្គលិក​ត្រូវ​មាន​សិទ្ធិ​ដឹង​ថា តើ​របាយការណ៍​គណនេយ្យ​ទទួល​បាន​ផល​ចំណេញ​ឬ​ខាត បើ​ចំណេញ ត្រូវ​គិត​គូរ​តំឡើង​ប្រាក់​បៀវត្សរ៍​ដល់​បុគ្គលិក ចំណុច​នេះ​គឺ​សម្រាប់​បុគ្គលិក។ ​

លោក សាន ឫទ្ធី​ ​ បាន​លើក​ឡើង​ថា​ ​ជា​​ទូទៅ​ យើង​សង្កេត​ឃើញ​អាជីវកម្ម​លក្ខណៈ​គ្រួសារ​​គ្មាន​​របាយការណ៍​គណនេយ្យ​ច្បាស់​លាស់​ទេ ប៉ុន្តែ​វា​មិនសូវ​មាន​បញ្ហា​ទេ សម្រាប់​ដំណើរ​ការ​អាជីវកម្ម​ដំបូង ព្រោះ​បុគ្គលិក​នៅ​មាន​តិចតួច ហើយ​ការ​ចំណាយ​ក៏​មិន​សូវ​មាន​ច្រើន​នោះ​ដែរ ប៉ុន្តែ​វា​អាច​មាន​ផល​ប៉ះ​ពាល់​នា​ពេលក្រោយ ពោល គឺ​នៅ​ពេល​ដែល​អាជីវកម្ម​នោះ​ រីក​ដុស​ដាល​បាន ៣-៤ឆ្នាំ​ក្រោយ​មក ហើយ​វា​អាច​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់។ លោក​បន្ត​ថា សម្រាប់​អាជីវកម្ម​ដែល​មាន​ចក្ខុ​វិស័យ​វែងឆ្ងាយ ឬ​អាជីវកម្ម​ធំៗ គឺ​តែងតែ​មាន​ប្រព័ន្ធ​ប្រតិបត្តិការ​លើ​របាយការណ៍​គណនី​ច្បាស់លាស់​តាំង​ពី​ពេល​បង្កើត​ដំបូង ជា​ហេតុ​នាំ​ឲ្យ​ម្ចាស់​អាជីវកម្ម​អាច​ក្តោប​បាន​នូវ​ចំណូល​ចំណាយ​យ៉ាង​ច្បាស់លាស់។

បើ​តាម​ការ​ស្រាវជ្រាវ​របស់​លោក​ ​​គណនេយ្យ​មាន​សារសំខាន់​បី​យ៉ាង​សម្រាប់​ក្រុមហ៊ុន​គឺ​ ​កាត់​បន្ថយ​ថ្លៃ​ដើម (​​គ្រប់គ្រង​ប្រកប​ដោយ​ប្រសិទ្ធភាព, អាច​គ្រប់គ្រង​​ទុន​ដែល​កំពុង​ដំណើរការ, ងាយ​ស្រួល​រៀប​ចំ​​ការ​បង់​ពន្ធ​ និង​ងាយ​ស្រួល​គ្រប់គ្រង​ផ្ទៃក្នុង)​ពង្រីក​មុខ​មាត់​ក្រុមហ៊ុន (ងាយ​ស្រួល​​ខ្ចី​ទុន​ពី​ធនាគារ​ ឬ​អ្នក​ចូល​ហ៊ុន​មាន​ការ​ទុក​ចិត្ត)​និង​​កែ​លម្អ​ការ​រៀប​ចំ​ផែនការ​ និង​យុទ្ធសាស្ត្រ​ក្រុមហ៊ុន​៕

X
5s