តើ​ការ​​រៀន​នៅក្រៅ​ប្រទេស អាច​ផ្លាស់ប្ដូរ​ជីវិតអ្នកយ៉ាងដូចម្ដេច​ខ្លះ​?​



ការ​ពិត​ទៅ ការ​ទៅ​រៀន​ក្រៅ​ប្រទេស វា​មិន​ត្រឹម​តែ​អភិវឌ្ឍ​​ដល់​ការ​សិក្សា​របស់​អ្នក​ប៉ុណ្ណោះ​ទេ តែ​វា​បាន​ផ្លាស់ប្ដូរ​ចំណុច​ច្រើន ណាស់ ដែល​អ្នក​នឹង​ស្មាន​មិន​ដល់។​ ពេល​ដែល​​បុគ្គល​ទាំង​​នោះ​វិល​ត្រលប់​មក​មាតុភូមិ​វិញ ពួក​គេ​នឹង​ឃើញ​ពី​ផ្នត់គំនិត​ផ្សេង​គ្នា យ៉ាង​ច្រើន​របស់​ប្រទេស​ខ្លួន​ និង​ប្រទេស​ដទៃ។ តើ​ការ​ទៅ​រៀន​នៅ​ប្រទេសក្រៅ អាច​ផ្លាស់ប្ដូរ​អ្វី​បាន​ខ្លះ​?

១) ពិភពលោក​និង​គំនិត​ចាប់​​ផ្ដើម​បើក​ទូលាយ​៖ ក្នុង​​ថ្នាក់​​រៀន គឺ​​មិន​មែន​មាន​តែ​ជនជាតិ​អ្នកឯណា​។ ជាតិសាសន៍​ច្រើន​ណាស់​ដែល​​អ្នក​​បាន​ជួប​ ដោយ​ក្នុង​នោះ​អ្នក​នឹង​ទទួល​​បាន​ការ​យល់​ដឹង​ច្រើន​ ពី​វប្បធម៌​ដទៃ តាម​រយៈ​ម្ហូបអាហារ របរ រស់នៅ ទម្លាប់​ ប្រពៃណី និង​អ្វីៗ ច្រើន​ទៀត​។​

២) ស្គាល់​រសជាតិ​លំបាក​៖ ការ​នៅ​ម្នាក់​ឯង​ គឺ​មិន​មែន​រឿង​ងាយ​ទេ​ ដោយ​សំណាង​របស់​អ្នក​គឺ​អ្នក​ជា​ម្ចាស់ គ្រប់គ្រង​វា​​តែ​ឯង​។​ ទោះ​បី​វា​លំបាក​ក្ដី តែ​ជីវិត​គឺ​ជៀស​មិន​ផុត​នឹង​ជួប​រឿង​បែប​នេះ​ទេ ហើយ​បើ​អ្នក​ធ្លាប់​ឆ្លង​កាត់​បែប​នេះ វា​ល្អ​​ខ្លាំង​ណាស់​​សម្រាប់​អ្នក​។​

៣) ពូកែ​ខាង​ទំនាក់ទំនង​ និង​ចេះ​ភាសា​ថ្មីៗ​៖ ទៅ​ស្រុកក្រៅ ភាសា​អង់គ្លេស​គឺ​ជា​ភាសា​ទី​១​ដែល​អ្នក​អាច​​ទាក់ទង​នឹង​ពួក​គេ​។ អាច​ថា​ពេល​ទៅ​​ទី​នោះ អ្នក​មិន​សូវ ជា​និយាយ​​បាន​ស្ទាត់​ ដោយ​វា​មិន​មែន​​ជា​ភាសា​ដើមកំណើត​ តែ​បើ​​នៅ​យូរៗ ទៅ អ្នក នឹង​ប្លែក​ខ្លួន​ឯង​ ដោយ​​មិន​ត្រឹម​តែ​និយាយ​បាន ស្ទាត់​ទេ តែ​សរសេរ ស្ដាប់​ បាន​យ៉ាង​ល្អ​ទៀត​។​

៤) ជា​មនុស្ស​ឯករាជ្យ​ដ៏​អស្ចារ្យ៖ ដែល​ហៅ​ថា​មនុស្ស​ឯករាជ្យ​គឺ​ជា​មនុស្ស​ សម្រេច​ចិត្ត​​ធ្វើ​អ្វី​​ដោយ​ខ្លួន​ឯង​ អត្តនោម័តិ​។​​ កាល​ណា​អ្នក​មក​រៀន​នៅ​ប្រទេសក្រៅ​ ប្រាកដ​ណាស់ អ្នក​គ្មាន​គ្រួសារ​ ឬ​មិត្ត​សម្រាប់​ពឹង​ទេ គឺ​​មាន​តែ​ខ្លួន​ទីពឹង​ខ្លួន​។ ដូចនេះ​អ្នក​ក៏​បាន​ផ្លាស់ប្ដូរ​ពី​មនុស្ស​ដែល​រស់​ពឹង​លើ​គេ មក​ជា​មនុស្ស​​ឯករាជ្យ​ ធ្វើ​អ្វី​ដោយ​ខ្លួន​ឯង​ហើយ៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ educationinireland

X
5s