ហេតុផលដែលអ្នកគួរឈប់ទាក់ទងជាមួយមនុស្សដែលនាំយកមកនូវភាពអវិជ្ជមានទៀតទៅ
មិនថាមិត្តរួមការងារ មិត្តភ័ក្ដិ សង្សារឬសមាជិកគ្រួសារនោះទេ មនុស្សម្នាក់ៗគួរណាតែផ្តល់នូវភាពវិជ្ជមានឲ្យគ្នា លើកទឹកចិត្តនិងគាំទ្រគ្នា។ កុំរាប់អានមនុស្សដោយសារតែអ្នកខ្លាចភាពឯកាឲ្យសោះ។ ផ្ទុយទៅវិញ អ្នកគួររាប់អានមនុស្សដែលផ្តល់ផលប្រយោជន៍ដល់ជីវិតអ្នក។ ដូច្នេះហើយ ប្រសិនជាអ្នកកំពុងតែទាក់ទងមនុស្សដែលនាំយកមកនូវតែភាពអវិជ្ជមាន ខាងក្រោមនេះជាហេតុផលបង្ហាញថាអ្នកគួរឈប់ទៅ៖
១) អ្នកមិនមានន័យអ្វីសម្រាប់ពួកគាត់ផង៖ ប្រសិនអ្នកកំពុងតែចំណាយពេលវេលាជាមួយមនុស្សដែលមិនផ្តល់តម្លៃដល់វត្តមានរបស់អ្នកផង ហេតុអ្វីបានជាអ្នកនៅតែបន្តរាប់អានឬចំណាយពេលវេលាជាមួយពួកគាត់ទៀត? មិត្តភ័ក្ដិគួរណាតែលើកទឹកចិត្ត ដឹងគុណចំពោះវត្តមានរបស់មិត្តម្នាក់ទៀតដែលចូលមកកាន់ជីវិតពួកគាត់ឬផ្លាស់ប្តូរជីវិតពួកគាត់ឲ្យល្អប្រសើរជាងមុន។ អាក្រក់ជាងនេះទៅទៀត ប្រសិនពួកគេបំបាក់ទឹកចិត្តឬធ្វើឲ្យអ្នកមិនសប្បាយចិត្តទៀតនោះ អ្នកគួរតែឈប់ទាក់ទងជាមួយមនុស្សប្រភេទនេះទៅ។
២) អ្នកជាមនុស្សតែម្នាក់ដែលព្យាយាមក្នុងមិត្តភាពនេះ៖ មិត្តភាពគឺមានទៅនិងមានមក មិនមែនម្នាក់ចាំតែទទួលផលហើយម្នាក់ទៀតចាំតែផ្តល់ឲ្យរហូតនោះទេ។ មនុស្សរាប់គ្នាមានតួនាទីកសាងមិត្តភាពមួយនេះឲ្យដំណើរការ។ មិត្តភ័ក្ដិត្រូវតែចេះជួយគ្នា លើកទឹកចិត្តឬនៅក្បែរគ្នាពេលដែលមិត្តជួបបញ្ហា។ អ៊ីចឹងហើយ ប្រសិនមិត្តរបស់អ្នកគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន អ្នកកំពុងត្រូវគេបោកប្រើហើយ។
៣) មិនជឿទុកចិត្តគ្នា៖ តើអ្នកដឹងទេអ្វីទៅដែលធ្វើឲ្យមិត្តភាពគង់វង្សយូរអង្វែង? ចម្លើយគឺការទុកចិត្តគ្នា។ ឧទាហរណ៍សាមញ្ញគឹអ្នកអាចចែករំលែករឿងសម្ងាត់ទៅកាន់ពួកគាត់បាន ហើយពួកគាត់មិនក្បត់អ្នកឬយករឿងរបស់អ្នកទៅចែករំលែកបន្តនោះទេ។ សរុបជាខ្លីគឺមិត្តភ័ក្ដិត្រូវតែស្មោះត្រង់និងជឿជាក់គ្នា។ ដូច្នេះហើយ ប្រសិនមិត្តរបស់អ្នកជាមនុស្សមាត់ច្រើន អ្នកគួរតែគិតគួរឡើងវិញតើគួរបន្តទៀតទេ។
៤) ភាពឈឺចាប់៖ ដូចដែលបាននិយាយពីខាងលើអ៊ីចឹង មិត្តភ័ក្ដិគួរណាតែនាំយកនូវភាពវិជ្ជមាន ភាពរីករាយឲ្យគ្នា។ មិត្តភ័ក្ដិត្រូវចេះលើកទឹកចិត្ត យកអសារគ្នានិងសប្បាយរីករាយពេលនៅជាមួយគ្នា។ ប៉ុន្តែ ប្រសិនមិត្តភ័ក្ដិរបស់អ្នកចេះតែធ្វើឲ្យអ្នកឈឺចាប់មិនចេះចប់មិនចេះហើយនោះ អ្នកគួរតែឈប់រាប់អានទៅ អ្នកមិនត្រូវការមនុស្សអវិជ្ជមានក្នុងជីវិតរបស់អ្នកទេ៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ vixendaily.com