លោក Joel Brow៖ ជីវិត«ជោគជ័យ ឬបរាជ័យ» អាស្រ័យលើចំណុច៤នេះ
លោក Joel Brow ជាអ្នកជំនាញផ្នែកលើកទឹកចិត្ត និង ជាស្ថាបនិកគេហទំព័រ Addict2Sucessដែលផ្ដោតទៅលើមេរៀនអាជីវកម្ម ជីវិតជោគជ័យ និង ការសិក្សា។ លោកក៏ជាអ្នកនិពន្ធម្នាក់ផងដែរ។ ទាក់ទងនឹងពាក្យថាជោគជ័យ លោក Joel Brow បានយល់ឃើញថា មានចំណុច៤យ៉ាង ដែលសំខាន់មិនអាចខ្វះបាន។
១) តម្លៃ៖ តម្លៃ គឺ ពិតជាដើរតួយ៉ាងសំខាន់សម្រាប់ភាពជោគជ័យរបស់អ្នក មិនថាការរស់នៅក្នុងសង្គម ឬ ការប្រកបអាជីវកម្មនោះឡើយ។ ដូច្នេះហើយ ត្រូវដឹងពីតម្លៃរបស់ខ្លួនឲ្យបានច្បាស់ ហើយព្យាយាមធ្វើឲ្យតម្លៃនោះ កាន់តែប្រសើរឡើងៗ ព្រោះថា កាលណាអ្នកស្គាល់ច្បាស់ពីតម្លៃរបស់ខ្លួនឯងហើយ នោះរាល់កិច្ចការដែលអ្នកធ្វើ នឹងមិនងាយរាថយនោះឡើយ ទោះបីជាមានការរិះគន់ ឬ ប្រឆាំងពីអ្នកជុំវិញខ្លួនក៏ដោយ។
២) ការជឿជាក់៖ ការជឿជាក់គឺ ពិតជាសំខាន់ខ្លាំងណាស់ ជាពិសេសជឿថា ខ្លួនឯងអាចធ្វើបាន ទោះបីជាមានឧបសគ្គប៉ុណ្ណា ឬ អ្នកដទៃនិយាយថា ទៅមិនរួចក៏ដោយ។ ការជឿជាក់នេះ វាប្រៀបបាននឹងប្រេងសំាង ដែលធ្វើឲ្យម៉ាស៊ីនរបស់អ្នកអាចដំណើរការទៅមុខបាន ហើយបើវាគ្មានវាទេ គឺប្រាកដជាមិនអាចទៅមុខបានឡើយ។ ដូច្នេះហើយ មុននឹងចាប់ផ្ដើមធ្វើអ្វីមួយ ត្រូវព្យាយាមសម្រួចការជឿជាក់របស់ខ្លួនឯងសិន ព្រោះបើខ្លួនឯងមិនជឿជាក់ផង តើនរណាអាចជឿជាក់លើអ្នកបាន។
៣) ទម្លាប់៖ ទម្លាប់ល្អ នាំមកនូវសកម្មភាព និង លទ្ធផលល្អ តែបើទម្លាប់អាក្រក់វិញ នោះអ្នកនឹងជួបតែលទ្ធផលមិនល្អមិនខាន។ វាជាចំណុចសំខាន់មួយ ដែលកំណត់ពីភាពជោគជ័យរបស់អ្នក ដូច្នេះហើយត្រូវព្យាយាមពិនិត្យមើលទម្លាប់របស់ខ្លួនឯងឡើងវិញ ថាតើទម្លាប់របស់ខ្លួនល្អគ្រប់គ្រាន់ហើយឬនៅ ។ បើល្អហើយ គឺត្រូវព្យាយាមថែរក្សា ហើយពង្រឹងវាឲ្យប្រសើរថែមទៀត តែបើអាក្រក់វិញ គឺត្រូវព្យាយាមកែប្រែវាឲ្យបានឆាប់។
៤) ជំនាញ៖ ជំនាញ ជាទូទៅ គេបែងចែកជាពីរ គឺជំនាញរឹង ឬ ជំនាញបច្ចេកទេស (Hard-skills) និង ជំនាញទន់ (Soft-skills)។ ដើម្បីជោគជ័យបាន អ្នកត្រូវតែមានជំនាញទាំងពីរនេះ មានន័យថា បើមានតែជំនាញបច្ចេកទេសតែម្យ៉ាងគឺមិនគ្រប់គ្រាន់ឡើយ ព្រោះ ជំនាញបច្ចេកទេសអាចឲ្យអ្នកធ្វើបានត្រឹមតែម្នាក់ឯង ឬ ជាមួយមនុស្សតិចតួចប៉ុណ្ណោះ ប៉ុន្តែជំនាញទន់នឹងជួយឲ្យអ្នកអាច ធ្វើការ និង ទាក់ទាញមនុស្សជាមួយឲ្យធ្វើការជាមួយអ្នក ហើយសហការដើម្បីធ្វើគម្រោងជាច្រើន ដើម្បីភាពជោគជ័យក្នុងជីវិត៕
ដោយ៖ រតនា វិចិត្រ