​ហេតុផល​សំខាន់ៗ​​៥​យ៉ាង​ ដែល​យុវជន​​​កម្ពុជា​គួរ​គិតគូរ​ធ្វើ​ជំនួញ ជាជាង​​ធ្វើ​ការ​​​ឲ្យ​គេ​មួយ​ជីវិត​​



​គ្មាន​ប្រទេស​ណា​មួយ​ ដែល​អាច​​មាន​សេដ្ឋកិច្ច​រឹងមាំ​ខ្លាំង​ ដោយ​គ្មាន​ភាព​រឹងមាំ​ និង ភាព​សម្បូរ​បែប​​​នៃការ​​ប្រកប​​អាជីវកម្ម​​ក្នុង​ដែនដី​របស់​ខ្លួន​នោះ​ឡើយ​ ​​​កុំ​ថា​ឡើយ​ប្រទេស​ធំៗ​​ក្នុង​លោក​ សូម្បី​​សិង្ហបុរី​ដែល​ជា​កូន​ប្រទេស​តូច​មួយ​ ក៏​ជា​​​កន្លែង​ធ្វើ​អាជីវកម្ម​ដ៏​សម្បូរ​បែប​ ហើយ​​ប្រទេស​នេះ​ក៏​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​សំខាន់​​មួយ​ប្រចាំ​តំបន់​ផង​ដែរ​។ ​ដូច្នេះ​ហើយ​ សម្រាប់​យុវជន​ក្មេងៗ​​​ គួរ​តែ​នឹក​គិត​អំពី​ការ​ធ្វើ​អាជីវកម្ម​​ ជាជាង​​ចាំ​តែ​​​​ទៅ​សុំ​ការងារ​គេ​ធ្វើ​​មួយ​ជីវិត។ ​​​

ប៉ុន្តែ​មុន​នឹង​សម្រេច​ចិត្ត​បើក​អាជីវកម្ម​ ក៏​ត្រូវ​តែ​​មាន​ការ​សិក្សា​ និង គិតគូរ​​ឲ្យ​ច្បាស់លាស់​សិន ​ជា​ពិសេស​ត្រូវ​មាន​បទពិសោធន៍​ក្នុង​វិស័យ​នោះ​ថែម​ទៀត​ ទើប​​ធ្វើ​​​ឲ្យ​​សង្ខារ​អាជីវកម្ម​របស់​អ្នក​​មិន​ខ្លី​។ ​ខាង​ក្រោម​នេះ ជា​ហេតុផល​ ដែល​អ្នក​គួរ​ចាប់​ផ្ដើម​គិតគូរ និង ​ត្រៀម​ខ្លួន​ធ្វើ​អាជីវកម្ម​៖

១) ​មាន​ឯករាជ្យ​ និង ​សេរីភាព​៖

នៅ​ពេល​អ្នក​ធ្វើ​​ការ​​នៅ​ក្រុមហ៊ុន​របស់​គេ​ ​ប្រាកដ​ណាស់​ថា អ្នក​ត្រូវ​តែ​ដើរ​តាម​បន្ទាត់​ដែល​គេ​បាន​គូស​ និង កំណត់​យ៉ាង​ច្បាស់​បំផុត​ ​​​ដែល​មិន​អាច​ធ្វើ​អ្វី​តាម​ការ​ចង់​បាន ឬ ​តាម​គំនិត​របស់​ខ្លួន​ងាយ​ៗ​នោះ​ឡើយ​។ ប៉ុន្តែ​​​បើ​អ្នក​ចង់​ មាន​សេរីភាព​ ​និង ឯករាជ្យ​ភាព​ក្នុង​ការ​គិត​ និង ការ​អនុវត្ត​គំនិត​​​​របស់​ខ្លួន​​ឲ្យ​ចេញ​ជា​ផ្លែផ្កា​នោះ ​​ការ​ប្រកប​អាជីវកម្ម​​​គឺ​ជា​ជម្រើស​ល្អ​បំផុត​។

២) ​​រៀន​សូត្រ​​បាន​ច្រើន​៖ ​​

ការ​ធ្វើ​អាជីវកម្ម​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ​​​ ​ហើយ​​អ្នក​ធ្វើ​អាជីវកម្ម​គ្រប់រូប​​សុទ្ធតែ​ធ្លាប់​ជួប​ពាក្យ​ថា បរាជ័យ​។ ប៉ុន្តែ​​​​​សម្រាប់​អ្នក​ដែល​មាន​បេះដូង​ជា​អ្នក​ជំនួញ​ពិត​ប្រាកដ​ ​ពួកគេ​នឹង​​កែប្រែ​ស្ថានការណ៍​ពី​ភាព​បរាជ័យ​នោះ ទៅ​ជា​មេរៀន​​ដ៏​សែន​មាន​តម្លៃ​​ ​ដែល​​មិន​អាច​រក​​បាន​នៅ​ក្នុង​សៀវភៅ ឬ សាលា​។ ​​លើស​ពី​នេះ​ ​នៅ​ពេល​បើក​អាជីវកម្ម​នោះ ​អ្នក​នឹង​​​រៀន​សូត្រ​បាន​យ៉ាង​ច្រើន​ ពី​ការ​ប្រកួត​ប្រជែង​ ​​ការ​គ្រប់គ្រង​បុគ្គលិក​ ​និង ការ​រៀបចំ​ផែនការ​ ឬ យុទ្ធសាស្ត្រ​ជាដើម​ ​ដែល​ធ្វើ​​​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​មាន​ចំណេះដឹង​ទូលំទូលាយ​ ព្រោះ​​​​នៅ​ពេល​ដំណើរ​ការ​អាជីវកម្ម​ បើ​​ទោះបីជា​ចង់​ឬ មិន​ចង់​ក៏​ដោយ គឺ​ត្រូវ​តែ​រៀន បើ​មាន​រៀន​ទេ​គឺ​​ដឹង​តែ​ដួល​​។

៣) ​​​​មាន​ឱកាស​ក្លាយ​ជា​អ្នក​មាន​៖

រាល់​ពួក​អ្នក​មាន​ គឺ​ភាគច្រើន​សុទ្ធតែ​ជា​អ្នក​រកស៊ី​ ​​ថ្វីត្បិត​តែ​ពេល​ខ្លះ​​​ត្រូវ​ប្រឈម​នឹង​បញ្ហា​ និង ឧបសគ្គ​ជាច្រើន ​ហើយ​ពេល​ខ្លះ​ទៀត​​អាច​នឹង​បរាជ័យ​ក្ដី​ ប៉ុន្តែ​សម្រាប់​មនុស្ស​ដែល​ពិត​ជា​ស្រលាញ់​​ផ្នែក​ជំនួញ​ ហើយ​មាន​ឆន្ទៈ​យ៉ាង​មុតមាំ​ក្នុង​កិច្ចការ​ដែល​ខ្លួន​ធ្វើ​មែន​ ​នោះ​​​ពាក្យ​ថា​ជោគជ័យ​ ឬ ក្លាយ​ជា​អ្នក​មាន​ គឺ​ទៅ​​ណា​មិន​ឆ្ងាយ​នោះ​ណា​​។​

៤) ​បង្កើត​ការងារ​​ដល់​អ្នកដទៃ​៖

ការ​ធ្វើ​អាជីវកម្ម​មិន​មែន​​ ​សម្រាប់​តែ​អ្នក​ចំណេញ​ ឬ​ កើប​លុយ​យក​តែ​ម្យ៉ាង​នោះ​ទេ តែ​វា​ក៏​បាន​ផ្ដល់​ប្រយោជន៍​យ៉ាង​ច្រើន​ទៅ​ដល់​អ្នកដទៃ​ ជាពិសេស​ផ្ដល់​ឱកាស​ការងារ​ជាច្រើន​ដល់​ពលរដ្ឋ​ក្នុង​ប្រទេស​របស់​ខ្លួន​ ឲ្យ​​មាន​ការងារ​ធ្វើ​។ ​​បើ​អាជីវកម្ម​របស់​អ្នក​កាន់​តែ​ធំ​ នោះ​ត្រូវ​ការ​បុគ្គលិក​កាន់​តែ​ច្រើន​ ​​ដែល​មាន​ន័យ​ស្មើ​នឹង​​ ​កាត់​បន្ថយ​អត្រា​គ្មាន​ការងារ​ធ្វើ​សម្រាប់​ជន​រួម​ជាតិ​របស់​ខ្លួន​​ ​ហើយ​ក៏​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​លើក​ស្ទួយ​ជីវភាព​គ្រួសារ​របស់​អ្នក​ទាំង​នោះ​ផង​ដែរ​។

៥) ​​អាច​ក្លាយ​ជា​គំរូ​សម្រាប់​អ្នកដទៃ​

​នៅ​ពេល​ដែល​អ្នក​ចាប់​ផ្ដើម​អាជីវកម្ម​ ហើយ​ដំណើរការ​វា​បាន​យ៉ាង​ល្អ​ រហូត​ធ្វើ​​​ឲ្យ​អាជីវកម្ម​នោះ​​ទទួល​បាន​ផ្លែផ្កា​យ៉ាង​ធំធេង​នោះ ​អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​ត្រូវ​បាន​មនុស្ស​ជាច្រើន​ ជា​ពិសេស​ក្មេងៗ​ជំនាន់​ក្រោយ​​​ចង់​យក​គំរូ​តាម​។ ​​ភាព​ជោគជ័យ​របស់​អ្នក​ នឹង​ក្លាយ​ជា​​​កម្លាំង​ជំរុញ​ទឹកចិត្ត​ដ៏​​សំខាន់​មួយ ដែល​រុញ​ច្រាន​​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​​ចង់​ជោគជ័យ​ដូច​អ្នក ​ហើយ​នៅ​ពេល​ដែល​​ប្រទេស​យើង​មាន​អ្នក​ជំនួញ ឬ ​មាន​ក្រុមហ៊ុន​ក្នុង​ស្រុក​កាន់​តែ​ច្រើន​ឡើង​ៗ​នោះ ​ប្រាកដ​ណាស់​ថា ​សេដ្ឋកិច្ច​របស់​ប្រទេស​នឹង​កាន់​តែ​រឹងមាំ​៕

ដោយ​៖ រតនា​ ​វិចិត្រ

X
5s