ស្វែងយល់អំពីនីតិវិធីក្នុងការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (Certificate of Origin) សម្រាប់ការនាំចេញតាមផ្លូវគោក
វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ គឺជាឯកសារផ្លូវការមួយ ប្រើប្រាស់ដើម្បីបញ្ជាក់ពីប្រភពដើមទំនិញ ដែលបានផលិត ឬ បានទទួលទាំងស្រុង នៅក្នុងប្រទេសមួយ។ ជាទូទៅឯកសារនេះ គឺជាផ្នែកស្នូលនៃឯកសារ នាំចូល ដែលប្រទេសនាំចូលបានតម្រូវ។
នៅពេលអនុវត្តទម្រង់ការទាំងឡាយសម្រាប់នាំចេញទំនិញក្រោមប្រព្រឹត្តិកម្មអនុគ្រោះ អ្នកនាំចេញ ឬ តំណាងទទួលសិទ្ធិរបស់ខ្លួន ត្រូវដាក់ពាក្យជាលាយលក្ខណ៍អក្សរស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើម ទំនិញ ដោយភ្ជាប់មកជាមួយនូវឯកសារគាំទ្រត្រឹមត្រូវ ដែលបង្ហាញថាទំនិញដែលត្រូវនាំចេញ មានលក្ខណៈសម្បត្តិ គ្រប់គ្រាន់សម្រាប់ការចេញ វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ។
វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ មានពីរប្រភេទគឺ៖
• មិនទទួលបានភាពអនុគ្រោះពន្ធ និង
• ទទួលបានភាពអនុគ្រោះពន្ធ។
ប្រទេសដែលតម្រូវឲ្យមានវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ
ខាងក្រោមនេះគឺជាឈ្មោះប្រទេសដែលតម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ ដែលអ្នកនាំ ទំនិញទៅកាន់ប្រទេសទាំងនោះ ត្រូវតែបំពេញ ដើម្បីទទួលបាននូវអត្រាពន្ធអនុគ្រោះក្នុងទម្រង់ផ្សេងៗ ដូចជា៖
• អាស៊ាន-អូស្ត្រាលី-ញ៉ូវហ្សីលែន៖ វិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញ ទម្រង់ AANZ
• ចិន: វិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញទម្រង់ AC
• ឥណ្ឌា: វិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញទម្រង់ AI
• កូរ៉េ: វិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញទម្រង់ AK
• ជប៉ុន: វិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញទម្រង់ AJ
• វៀតណាម: វិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញទម្រង់ S
• ប្រព័ន្ធអនុគ្រោះទូទៅ ផ្នែកពាណិជ្ជកម្ម(LDC និងLLDC): វិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញទម្រង់ A
• អត្រាពន្ធមិនអនុគ្រោះអាចចេញបាន ដោយប្រើ វិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញ ទម្រង់ N
របៀបដាក់ពាក្យស្នើសុំ វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ
អ្នកនាំចេញចាំបាច់ ត្រូវដាក់ពាក្យស្នើសុំ វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញនៅនាយកដ្ឋាននាំចេញ-នាំចូលនៃក្រសួងពាណិជ្ជកម្ម។ នីតិវិធីនៃការដាក់ពាក្យ ស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ អាចរកបាននៅ ក្នុងប្រកាសលេខ ១១២ MOC/SM 2013 ស្តីពីការកែប្រែនីតិវិធីចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ។
ការដាក់ពាក្សស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញសម្រាប់ការនាំចេញតាមផ្លូវគោក ត្រូវធ្វើតាម បែបបទដូចខាងក្រោម ៖
ក. ទំនិញជាសម្លៀកបំពាក់ ផលិតផលវាយនភ័ណ្ឌ ស្បែកជើង និងរបស់របរប្រើប្រាស់ផ្សេងទៀត (ប្រដាប់តុបតែង កាយ) ដូចជា កាបូប មួក ជាដើម ៖
• ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញពីក្រុមហ៊ុន
• ច្បាប់ចម្លងប័ណ្ណបើកប្រាក់ (សែក) បញ្ជាក់ពីការទូទាត់កម្រៃរដ្ឋបាល និងកម្រៃគ្រប់គ្រងការនាំចេញ
• វិក្កយបត្រទូទាត់កម្រៃសេវាសាធារណៈ
• វិក្កយបត្រពាណិជ្ជកម្ម
• បញ្ជីវេចខ្ចប់
• របាយការណ៍ត្រួតពិនិត្យរួមលើផលិតផលវាយនភណ្ឌនាំចេញ ដោយ អគរ និងកាំកុងត្រូល
• ប្រតិវេទន៍គយនាំចេញពីកម្ពុជា
• លិខិតបញ្ជាក់អ្នកតំណាងរបស់ក្រុមហ៊ុន
ខ. ទំនិញជាសិប្បកម្មតូចៗ និងកសិកម្ម
• ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញពីក្រុមហ៊ុន
• វិក្កយបត្រពាណិជ្ជកម្ម
• បញ្ជីវេចខ្ចប់
• អញ្ញត្តិប័ណ្ណដឹកជញ្ជូនតាមផ្លូវគោក
• ប្រតិវេទន៍នាំចេញពីកម្ពុជា
បន្ទាប់ពីនាំចេញទំនិញរួចហើយ ត្រូវដាក់ឯកសារបន្ថែមទៀតដូចជា ៖
• វិញ្ញាបនបត្របញ្ជាក់គុណភាពទំនិញនាំចេញ ដោយកាំកុងត្រូល (CQ)
• ប្រតិវេទន៍គយ ដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃកម្ពុជា (CD)
• ច្បាប់ចម្លងប័ណ្ណបើកប្រាក់(សែក) បញ្ជាក់ពីការទូទាត់កម្រៃរដ្ឋបាល
• ឯកសារផ្សេងទៀតរបស់ក្រុមហ៊ុនដែលអាចបញ្ជាក់ពីប្រភពដើមនៃទំនិញ (ករណីអង្ករ និងផលិតផលកសិកម្មដែលជាផលិតផលរសើប)
ដោយ៖ ប៉ុម ទូច
ប្រភព៖ អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា