តើ​លោក​អ្ន​ក​ដឹង​ពី​វិធី​គណនា​ ​ពន្ធ​និង​អាករ​លើ​ទំនិញ​នាំចូល នាំចេញ ​ហើយ​ឬ​នៅ?​



ប្រហែល​ជា​មាន​​មិត្ត​​អ្នក​អាន​មួយ​ចំនួន​ធំ​ ​ មាន​ចម្ងល់​ជា​ច្រើន​ជុំវិញ​បញ្ហា​ នៃ​ការ​គណនា​ ពន្ធនិង​អាករ​លើ​ទំនិញ​នាំ​ចូល​ នាំ​ចេញ​ ​ព្រោះ​ថា​​ការ​នាំ​ចេញ​នាំ​ចូល​នេះ ​​គឺ​ជា​សកម្មភាព​យ៉ាង​ចម្បង​មួយ​​នៃ​វិស័យ​ពាណិជ្ជកម្ម។ BizKhmer ជឿ​ជាក់​ថា​ ប្រហែល​ជា​មាន​មិត្ត​អ្នក​អាន​មួយ​ចំនួន​ធំ​ បាន​ និង​កំពុង​ឬ មាន​គម្រោង​រក​ស៊ី​ផ្នែក​នេះ​ផង។  ​ចង់​ដឹង​ថា​ ពន្ធ និង​អាករ​លើ​ទំនិញ​នាំចូល នាំចេញ ត្រូវបាន​គណនា​​យ៉ាង​ម៉េច​សូម​មើល​​​វិធីសាស្ត្រ​​ខាងក្រោម​៖

ក​. ចំពោះ​ទំនិញ​ទូទៅ​ ​ការ​គណនា​ប្រាក់​ពន្ធ អាករ ត្រូវ​គណនា​តាម​លំដាប់លំដោយ ជាដំបូង​ត្រូវ​គណនា​ពន្ធ​នាំចូល អាករ​ពិសេស (​បើ​មាន​) និង​អាករ​លើ​តម្លៃបន្ថែម​។​

•​ ​ពន្ធ​នាំចូល = តម្លៃ​គិត​ពន្ធគយ x អត្រាពន្ធ​នាំចូល​

•​ ​អាករ​ពិសេស = (​តម្លៃ​គិត​ពន្ធគយ + ពន្ធ​នាំចូល​) x អត្រា​អាករ​ពិសេស​

•​ ​អាករ​លើ​តម្លៃបន្ថែម = (​តម្លៃ​គិត​ពន្ធគយ + ពន្ធ​នាំចូល​) x ១០% (​ចំពោះ​ទំនិញ​ទូទៅ​មិន​ជាប់​អាករ​ពិសេស​) ឬ = (​តម្លៃ​គិត​ពន្ធគយ + ពន្ធ​នាំចូល + អាករ​ពិសេស​) x ១០% (​ចំពោះ​ទំនិញ​ទូទៅ​) ​ប្រាក់​ពន្ធ និង​អាករ​សរុប = ពន្ធ​នាំចូល + អាករ​លើ​តម្លៃបន្ថែម (​ចំពោះ​ទំនិញ​ទូទៅ​មិន​ជាប់​អាករ​ពិសេស​) ឬ = ពន្ធ​នាំចូល + អាករ​ពិសេស + អាករ​លើ​តម្លៃបន្ថែម (​ចំពោះ​ទំនិញ​ទូទៅ​ជាប់​អាករ​ពិសេស​)

ឧទាហរណ៍ៈ ក្រុមហ៊ុន A នាំចូល​ស្រា​បៀរ​ចំនួន 20 កេស ដែលមាន​តម្លៃ​គិត​ពន្ធគយ​ស្មើ 4​លាន​រៀល​។ តើ​ប្រាក់​ពន្ធ និង​អាករ​សរុប​ដែល​ត្រូវ​បង់​ស្មើ​ប៉ុន្មាន ? ​ចម្លើយៈ ការនាំ​ចូល​ស្រា​បៀរ ត្រូវ​ជាប់ពន្ធ​នាំចូល​តាម​អត្រា 35% អាករ​ពិសេស 25% និង​អាករ​លើ​តម្លៃបន្ថែម​ 10% ។

ការ​គណនា​ប្រាក់​ពន្ធ និង​អាករ មាន​ដូចខាងក្រោម​៖ •​ ​ពន្ធ​នាំចូល = 4,000,000 x 35% = 1,400,000​រៀល​ •​ ​អាករ​ពិសេស = (4,000,000 + 1,400,000) x 25% = 1,350,000​រៀល​ •​ ​អាករ​លើ​តម្លៃបន្ថែម = (4,000,000 + 1,400,000 + 1,350,000) x 10% = 675,000 រៀល​ ដូចនេះ ប្រាក់​ពន្ធ និង​អាករ​សរុប​ដែល​ត្រូវ​បង់ = 1,400,000 + 1,350,000 + 675,000 = 3,425,000 រៀល​។​

ខ​. ចំពោះ​ប្រេងសាំង ឬ​ម៉ា​ស៊ូ​ត​ ​ការ​គណនា​ប្រាក់​ពន្ធ អាករ ត្រូវ​គណនា​តាម​លំដាប់លំដោយ ជាដំបូង​ត្រូវ​គណនា​ពន្ធ​នាំចូល អាករ​បន្ថែម អាករ​ពិសេស និង​អាករ​លើ​តម្លៃបន្ថែម​។​

•​ ​ពន្ធ​នាំចូល = តម្លៃ​គិត​ពន្ធគយ x អត្រាពន្ធ​នាំចូល​

•​ ​អាករ​បន្ថែម = បរិមាណ (​ចំនួន​លីត្រ​) x 0.02$ x អត្រា​ប្តូរប្រាក់ (​ចំពោះ​ប្រេងសាំង​) ​ឬ = បរិមាណ (​ចំនួន​លីត្រ​) x 0.04$ x អត្រា​ប្តូរប្រាក់ (​ចំពោះ​ប្រេងម៉ាស៊ូត​)

•​ ​អាករ​ពិសេស = (​តម្លៃ​គិត​ពន្ធគយ + ពន្ធ​នាំចូល + អាករ​បន្ថែម​) x អត្រា​អាករ​ពិសេស​

•​ ​អាករ​លើ​តម្លៃបន្ថែម = (​តម្លៃ​គិត​ពន្ធគយ + ពន្ធ​នាំចូល + អាករ​បន្ថែម + អាករ​ពិសេស​) x ១០% ​ប្រាក់​ពន្ធ និង​អាករ​សរុប = ពន្ធ​នាំចូល + អាករ​បន្ថែម + អាករ​ពិសេស + អាករ​លើ​តម្លៃបន្ថែម​ ​

ឧទាហរណ៍ៈ ក្រុមហ៊ុន B នាំចូល​ប្រេងសាំង 100 លីត្រ ដែលមាន​តម្លៃ​គិត​ពន្ធគយ​ស្មើ 250,000​រៀល​។ តើ​ប្រាក់​ពន្ធ និង​អាករ​សរុប​ដែល​ត្រូវ​បង់​ស្មើ​ប៉ុន្មាន ? ដោយ​ដឹងថា អត្រា​ប្តូរប្រាក់ 1$ = 4,000 រៀល​។​ ​

ចម្លើយៈ ការ​នាំចូល​ប្រេងសាំង ត្រូវ​ជាប់ពន្ធ​នាំចូល​តាម​អត្រា 35% អាករ​បន្ថែម 0.02$ ក្នុង 1​លីត្រ អាករ​ពិសេស 33.33% និង​អាករ​លើ​តម្លៃបន្ថែម 10% ។ ការ​គណនា​ប្រាក់​ពន្ធ និង​អាករ មាន​ដូចខាងក្រោម​៖ •​ ​ពន្ធ​នាំចូល = 250,000 x 35% = 87,500​រៀល​ •​ ​អាករ​បន្ថែម = 100 x 0.02 x 4000 = 8,000 រៀល​ •​ ​អាករ​ពិសេស = (250,000 + 87,500 + 8,000) x 33.33% = 115,155.15 រៀល​ •​ ​អាករ​លើ​តម្លៃបន្ថែម = (250,000 + 87,500 + 8,000 + 115,155.15) x 10% = 46,065.52 រៀល​ ដូចនេះ ប្រាក់​ពន្ធ និង​អាករ​សរុប​ដែល​ត្រូវ​បង់ = 87,500 + 8,000 + 115,155.15 + 46,065.52 = 256,721 រៀល​។​

​ដោយ​៖ ប៉ុ​ម ទូច​

ប្រភព​៖ អគ្គនាយកដ្ឋាន​គយ និង រដ្ឋាករ​កម្ពុជា​

X
5s