បើមិនបរាជ័យទេ អ្នកក៏មិនទទួលបានបទពិសោធន៍ល្អៗទាំងនេះដែរ
តើមានអ្នកណាដែលមិនដែលជួបពាក្យបរាជ័យ? ការ បរាជ័យអាចធ្វើឲ្យអ្នកឈឺចាប់មួយគ្រាមែន តែបទពិសោធន៍ ទទួលបានមកវិញយ៉ាងច្រើនលើសលប់។ ពេលអ្នកបរាជ័យ អ្នកបានរៀនពីវា ហើយមេរៀនជីវិតទាំងនេះ ទាមទារឲ្យអ្នកបរាជ័យទើបអ្នកអាចរៀនពីវាបាន។ តើមានអ្វីខ្លះទៅ?
១) អ្នកនឹងដឹងថា ពិភពលោកគឺមិនទាន់រលាយនៅថ្ងៃនេះទេ
ពេលអ្នកបរាជ័យ ហើយបរាជ័យរឿងធំទៀត អ្នកនឹងចាប់ផ្ដើមគិតថាពិភពលោកគឺរលាយហើយ។ វាហាក់ដូចជាជីវិតអ្នក លែងដើរទៅមុខរួច ហើយផែនដីឈប់វិលដែរ។ តែការពិតវាមិនដូច្នោះទេ ការបរាជ័យវាពិបាកយកបន្តិចមែន តែវាជាស្ពានមួយនាំអ្នកទៅរកភាពជោគជ័យ។ ហើយសួរថា តើបុគ្គលជោគជ័យមួយណាដែលមិនដែលឆ្លងកាត់ការបរាជ័យនោះ?
២) ធ្វើឲ្យអ្នកកាន់តែខំប្រឹងខ្លាំងទៅៗ
មនុស្សម្នាក់ៗ មុនដំបូងឡើយគឺមិនដែលខិតខំធ្វើអ្វីមួយដោយការអត់ធ្មត់ និងខំប្រឹងប្រែងឲ្យអស់ពីខ្លួនទេ។ លុះដល់ពេលមួយដែលពួកគេបរាជ័យ ពួកគេទើបនឹកឃើញខំប្រឹងប្រែងជាងមុន គុណនឹង២ ឬ៣ដង។
៣) បរាជ័យអាចធ្វើឲ្យអ្នកផ្លាស់ប្ដូរផ្លូវដើរខ្លះ
ជាការពិតណាស់ ដើម្បីដើរទៅរកគោលដៅមួយបានសម្រេច គឺមានផ្លូវដើរជាច្រើនណាស់ដែលអ្នកអាចឆ្លងកាត់។ តែបើអ្នកបរាជ័យនឹងផ្លូវដើរមួយ វានឹងជំរុញឲ្យអ្នកផ្លាស់ប្ដូរផ្នត់គំនិតនិងទិសដៅថ្មី ដើម្បីដើរទៅរកគោលដៅឲ្យបាន។
៤) វាបង្កើតឱកាសដល់អ្នក
ពេលខ្លះ អ្នកធ្វើអ្វីមួយដែលមិនជោគជ័យ ហេតុនេះការបរាជ័យនោះនឹងផ្ដល់ជាឱកាសមួយ ឲ្យអ្នកបានទៅធ្វើអ្វីថ្មីទៀតក៏ថាបាន។ ឧទាហរណ៍ អ្នកធ្លាប់បរាជ័យរឿងស្នេហា ហើយពេលមួយអ្នកក៏មានឱកាសបានជួបមនុស្សល្អដែលស័ក្ដិសមនឹងជីវិតរបស់អ្នកក៏ថាបាន។ បើមិនបរាជ័យស្នេហាចាស់ទេ អ្នក ក៏មិនបានជួបគូ ជីវិតថ្មីរបស់អ្នកបានដែរ៕
ប្រែសម្រួល៖ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ powerofpositivity