តើអ្វីទៅជា “គម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយ One Belt One Road Initiative"?​



យោងទៅលើទិន្នន័យរបស់ធនាគារពិភពលោក (World Bank) ដែលបានចេញផ្សាយកាលពីថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០១៧ នេះ ប្រទេសចិនគឺជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២របស់ពិភពលោកបន្ទាប់ពីសហរដ្ឋ អាមេរិក ដែលទំហំសេដ្ឋកិច្ចរបស់ប្រទេសចិនមានទឹកប្រាក់ចំនួន ១១ សែនកោដិដុល្លារអាមេរិក (US$ 11 Trillion) ដែលស្មើនឹង ១៤,៨៤% នៃទំហំសេដ្ឋកិច្ចពិភពលោក។  ដើម្បីបង្កើនសក្តានុពលសេដ្ឋកិច្ចរបស់ខ្លួន ក៏ដូចជាក្នុងតំបន់ និង ពិភពលោកឱ្យកាន់ខ្លាំងក្លា ចិនបានបង្កើតគោលនយោបាយដ៏មហិមាមួយដែលមានឈ្មោះ ថា “គម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយ” (One Belt One Road Initiative)។

នៅក្នុងអត្ថបទនេះ លោកអ្នកនឹងបាន ស្វែងយល់ថាតើ “គម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយ” (One Belt One Road Initiative) គឺជាអ្វី? គម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយ (One Belt One Road Initiative ឬ Belt and Road Initiative) គឺជា គម្រោងផ្លូវសូត្រថ្មីមួយរបស់ប្រទេសចិនដែលត្រូវបានប្រកាសឱ្យអនុវត្តកាលពីឆ្នាំ ២០១៣ ដោយប្រធានាធិបតីចិន ដ៏មានអំណាចគឺ លោក ស៊ី ជីនពីង (Xi Jinping)។ គម្រោងនេះបែងចែកចេញជាពីរគឺទី១ គម្រោង “ផ្លូវមួយ (One Road)” ដែលសំដៅដល់ការកសាង ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ឬ ផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ (the 21st-Century Maritime Silk Road) ដែលតភ្ជាប់ពីតំបន់ហ្វូចូវ (Fuzhou) នៃខេត្តហ្វូជាន (Fujian) ប្រទេសចិន រហូតដល់ទីក្រុងវែនីស (Venice) ប្រទេសអ៊ីតាលី ដោយឆ្លងកាត់តំបន់អាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូង អាហ្វ្រិក និង អឺរ៉ុបខាងត្បូង និង ទី២ គម្រោង “ខ្សែក្រវ៉ាត់មួយ (One Belt)” ដែលសំដៅដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក ឬ ផ្លូវសូត្រខ្សែក្រវ៉ាត់សេដ្ឋកិច្ច (the Silk Road Economic Belt) ដែលតភ្ជាប់ពីតំបន់ស៊ីអាន (Xi'an) នៃខេត្តសានស៊ី (Shaanxi) ប្រទេសចិន រហូតដល់ទីក្រុងវែនីស (Venice) ប្រទេសអ៊ីតាលី ដែលជាទីភ្ជាប់គ្នាទៅនឹងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ (the 21st-Century Maritime Silk Road) ដោយឆ្លងកាត់តំបន់អាស៊ីកណ្តាល ទីក្រុងមូស្គូ (Moscow) នៃប្រទេស រុស្ស៊ី និង អឺរ៉ុបខាងត្បូង។ គម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយ (One Belt One Road Initiative ឬ Belt and Road Initiative) នេះ ត្រូវបានគេប៉ាន់ប្រមាណថានឹងត្រូវចំណាយទឹកប្រាក់ប្រហែល ៥ សែនកោដិដុល្លារអាមេរិក (US$ 5 Trillion) ក្នុង ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ដោយមានការចូលរួមពីប្រទេសដ៏មានសក្តានុពលចំនួន ៦៥ ប្រទេស ដែលមាន ប្រជាជនសរុបចំនួន ៤,៤ ពាន់លាននាក់ (4.4 Billion) ស្មើនឹង ៦២% នៃចំនួនប្រជាជនក្នុងពិភពលោក ហើយទំហំសេដ្ឋកិច្ចជារួមស្មើនឹង ៣០% នៃទំហំសេដ្ឋកិច្ចពិភពលោក។ ជាការពិតណាស់ គម្រោងមួយនេះត្រូវបានបង្កើតឡើងក្នុងបំណងបង្កើននូវទំនាក់ទំនងឱ្យកាន់តែជិតស្និត រវាងប្រទេសចិន និង បណ្តាប្រទេសនៅក្នុងតំបន់អាស៊ី អឺរ៉ុប និង អាហ្រ្វិក ក្នុងគោលដៅពង្រីកលំហូរពាណិជ្ជកម្ម (Trade Flows) ជំរុញការអភិវឌ្ឍន៍ និង កំណើនសេដ្ឋកិច្ចរយៈពេលវែង ព្រមទាំងផ្តល់នូវអត្ថប្រយោជន៍ ទៅដល់ប្រទេសដែលចូលរួមទាំងនោះផងដែរ៕

ដោយ៖ ប៉ុម ទូច

X
5s