តើ​អ្វី​ទៅជា​កម្មសិទ្ធិបញ្ញា (Intellectual Property)?​



​ចំណេះដឹង គឺជា​បុព្វហេតុ​នៃ​ការបង្កើត​ថ្មី ហើយ​ការបង្កើត​ថ្មី​នោះ​ហើយ​ដែល​បាន​ជំរុញ​នូវ​កំណើន សេដ្ឋកិច្ច​។ កម្មសិទ្ធិបញ្ញា គឺជា​ការពិចារណា​ដ៏​សំខាន់​ក្នុងការ​សម្រេចចិត្ត​ផ្នែក​ពាណិជ្ជកម្ម​។ ផលិតផល ម៉ាក និង ការច្នៃប្រឌិត​ថ្មីៗ ជាច្រើន​ដែលមាន​វត្តមាន​នៅលើ​ទីផ្សារ​ជា​រៀងរាល់ថ្ងៃ គឺជា​លទ្ធផល​នៃ​ការច្នៃប្រឌិត និង ការ បង្កើត​ថ្មី​របស់​មនុស្សជាតិ​។

សមិទ្ធផល​នៃ​ការច្នៃប្រឌិត និង ការបង្កើត​ថ្មី គឺ​ត្រូវ​បានទទួល​ការការពារ​សិទ្ធិ​លើ កម្មសិទ្ធិ​ផ្តាច់មុខ​ដោយ​ច្បាប់ ដែល​យើង​ហៅថា “​កម្មសិទ្ធិបញ្ញា​”​។ តើ​កម្មសិទ្ធិបញ្ញា​គឺជា​អ្វី​?

​កម្មសិទ្ធិបញ្ញា (Intellectual Property ឬ IP) គឺ​សំដៅ​ដល់​ការបង្កើត​គំនិត ការបង្កើត​ការងារ ផ្នែក​អក្សរសាស្ត្រ និង សិល្បៈ និង និមិត្តសញ្ញា ឈ្មោះ រូបភាព និង ម៉ូដ ដែល​ត្រូវបាន​ប្រើប្រាស់​នៅក្នុង វិស័យ​ពាណិជ្ជកម្ម​។ IP ត្រូវបាន​បែងចែក​ជា ពីរ​ប្រភេទ​គឺ ៖

  • ទី​១ អចលនទ្រព្យ​ឧស្សាហកម្ម​ដែល​រួមបញ្ចូល ទាំង​ការ​ប្រឌិត (​ប៉ាតង់​) ពាណិជ្ជសញ្ញា និង ម៉ូដ​ឧស្សាហកម្ម និង
  • ទី​២ សូចនាករ​ភូមិសាស្ដ្រ​នៃ​ប្រភព​និង​រក្សា​សិទ្ធ​គ្រប់យ៉ាង ដែល​រួមបញ្ចូល​ទាំង​ការងារ​ផ្នែក​អក្សរសាស្ត្រ និង សិល្បៈ ដូចជា​រឿង ប្រលោមលោក កំណាព្យ រឿងល្ខោន ខ្សែភាពយន្ត ស្នាដៃ​តន្ត្រី គំនូរ រូបថត រូបចម្លាក់ និង ការ​រចនា​ស្ថាបត្យកម្ម​។​

​ប្រសិនបើ​កម្មសិទ្ធិបញ្ញា​ទាំងនោះ មិនត្រូវ​បានការ​ពារ​ដោយ​ច្បាប់​នោះទេ តក្កកម្ម (​ការបង្កើត​ថ្មី​) នឹង​បាត់ បង់​ទៅ​គូប្រកួត​ប្រជែង​ធំៗ ដែលមាន​ភាព​ប្រកួតប្រជែង​ក្នុង​ការធ្វើ​អាជីវកម្ម​លើ​ផលិតផល ឬ​សេវា ក្នុងតម្លៃ​ទាប ដែល​ធ្វើឱ្យ​ត​ក្តករ ឬ ម្ចាស់​ដើម មិនអាច​ទទួលបាន​អត្ថប្រយោជន៍ ឬ​តម្លៃតបស្នង​ពី​ការបង្កើត​ថ្មី​របស់ខ្លួន​នោះទេ​។​ កិច្ចការពារ​កម្មសិទ្ធិ​បញ្ញា​សមស្រប​របស់​ក្រុមហ៊ុន គឺជា​ជំហាន​ដ៏​សំខាន់​ក្នុងការ​កំណត់​អំពី​ការរំលោភ បំពាន និង ការ​ប្រែក្លាយ​គំនិត​ទៅជា​ទ្រព្យ​អាជីវកម្ម​ដែលមាន​តម្លៃ​។

ការទាញយក​ផលប្រយោជន៍​ពេញលេញ ពី​ប្រព័ន្ធ​ការពារ​កម្មសិទ្ធិបញ្ញា អាចធ្វើឱ្យ​ក្រុមហ៊ុន​ទទួលបាន​នូវ​ចំណូល​ពី​ការបង្កើត​ថ្មី និង ការច្នៃប្រឌិត​របស់ខ្លួន ដែលជា​ការលើកទឹកចិត្ត និង​បង្កើន​មូលធន​ដល់​ការស្រាវជ្រាវ​និង​ការអភិវឌ្ឍ​ សហគ្រាស តែងតែ​ជូ​ប​ប្រទះ​នូវ​បញ្ហា​ប្រឈម​ជាច្រើន​ក្នុងការ​ទាញយក​តម្លៃ​នៃ​កម្ម​សិ​ទិ្ធ​បញ្ញា​របស់ខ្លួន និង ប្រើប្រាស់​កម្មសិទ្ធិបញ្ញា ឱ្យមាន​ប្រសិទ្ធិភាព​ក្នុង​យុទ្ធសាស្ត្រ​អាជីវកម្ម​របស់ខ្លួន​។

ក្រុមហ៊ុន​ដែល​ចំណាយ ធនធាន និង​ពេលវេលា​ក្នុងការ​ការពារ​ទ្រព្យ​កម្មសិទ្ធិបញ្ញា​របស់ខ្លួន​អាច​បង្កើន​ការប្រកួតប្រជែង​របស់​ខ្លួន និង ជួយ​៖ 

•​ បង្ការ​គូប្រកួត​ប្រជែង​ពី​ការចម្លង ឬ ធ្វើ​ត្រាប់​តាម​ផលិតផល​របស់ខ្លួន​

•​ ​ជៀសវាង​លើ​ការចំណាយ​ថវិកា​ខ្ជះខ្ជាយ​លើ​ការស្រាវជ្រាវ និង ការផ្សព្វផ្សាយ​នៅ​ទីផ្សារ​

•​ ​បង្កើត​អត្តសញ្ញាណ​សហគ្រាស​តាមរយៈ​ម៉ាក​

•​ ​ក្នុង​ការផ្តល់​អាជ្ញាប័ណ្ណ ឬ​ការផ្ទេរសិទ្ធិ ផ្សេងៗ​នៃ​កម្មសិទ្ធិបញ្ញា​

•​ ​បង្កើត​តម្លៃ​ទីផ្សារ​របស់ខ្លួន​

•​ ​ទទួលបាន​មូលធន និង​ហិរញ្ញប្បទាន និង

•​ ​អាច​ពង្រីក​ទៅកាន់​ទីផ្សារ​ថ្មីៗ​។​

​ដោយ​៖ ប៉ុ​ម ទូច​

​ប្រភព​៖ នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា​នៃ​ក្រសួងពាណិជ្ជកម្ម​

X
5s