ចំណេះដឹងអំពីច្បាប់៖ ស្វែងយល់ពីច្បាប់ពាណិជ្ជកម្មនៅកម្ពុជា (ភាគទី២)
“ទម្រង់ក្រុមហ៊ុន” ដូចដែលលោកអ្នកបានជ្រាបរួចមកហើយ តាមរយៈអត្ថបទ “ស្វែងយល់ពីច្បាប់ពាណិជ្ជកម្មនៅ កម្ពុជា (ភាគទី១)” ដើម្បីឱ្យការប្រកបពាណិជ្ជកិច្ចអាចដំណើរការបានដោយរលូន និង ស្របតាមបញ្ញត្តិ ច្បាប់ អស់លោក-លោកស្រីដែលមានបំណងបើកអាជីវកម្មនៅកម្ពុជា គួរគប្បីស្វែងយល់ពីចំណុចគន្លឹះ មួយចំនួននៃច្បាប់ពាណិជ្ជកម្មកម្ពុជាជាមុន ដើម្បីជាមូលដ្ឋានក្នុងការធ្វើសេចក្តីសម្រេចចិត្តពាក់ព័ន្ធទៅនឹង សកម្មភាពអាជីវកម្មរបស់ខ្លួន។ នៅក្នុងអត្ថបទភាគទី២នេះ លោកអ្នកនឹងបានស្វែងយល់ពីទម្រង់ក្រុម ហ៊ុនមួយចំនួន ដែលអនុញ្ញាតឱ្យបង្កើតក្រោមច្បាប់កម្ពុជា។
អានលម្អិតអត្ថបទភាគទី១៖ ចំណេះដឹងអំពីច្បាប់៖ ស្វែងយល់ពីច្បាប់ពាណិជ្ជកម្មនៅកម្ពុជា (ភាគទី១) ខាងក្រោមនេះ គឺជាទម្រង់នៃក្រុមហ៊ុនពាណិជ្ជកម្មមួយចំនួនដែលអាចត្រូវបានបង្កើតឡើងក្រោម ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្មកម្ពុជាឆ្នាំ២០០៥៖ ១. ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ (General Partnership) ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ គឺជាកិច្ចសន្យារវាងបុគ្គលពីរ ឬ ច្រើន ដែលដាក់រួមគ្នានូវទ្រព្យសម្បត្តិ ចំណេះដឹង ឬសកម្មភាពរបស់បុគ្គលនោះ ដើម្បីប្រកបពាណិជ្ជកិច្ចរួមក្នុងគោលបំណងរកប្រាក់ចំណេញ។ កិច្ចសន្យានៃក្រុមហ៊ុនសហកម្មសិទិ្ធទូទៅ អាចធ្វើជាលាយលក្ខណ៍អក្សរ ឬ ដោយផ្ទាល់មាត់។ ២. ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត (Limited Partnership) ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត គឺជាកិច្ចសន្យាដែលធ្វើឡើងរវាងសហកម្មសិទ្ធិករទូទៅម្នាក់ ឬ ច្រើននាក់ ដែលមានបុគ្គលម្នាក់ត្រូវបានអនុញ្ញាតឱ្យគ្រប់គ្រង និងមានកាតព្វកិច្ចនៅក្នុងក្រុមហ៊ុនជាមួយ សហកម្មសិទ្ធិករមានកម្រិតម្នាក់ ឬ ច្រើននាក់ ដែលមានកាតព្វកិច្ចបង់ភាគទុនចូលទៅក្នុងក្រុមហ៊ុនសហ កម្មសិទ្ធិនោះ។ កិច្ចសន្យានៃក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត អាចធ្វើជាលាយលក្ខណ៍អក្សរ ឬ ដោយ ផ្ទាល់មាត់។
ក្រុមហ៊ុនសហកម្មសិទ្ធិ (ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ និង ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត)គឺជាវិធីសាស្ត្រដែលគេនិយមប្រើក្នុងការបង្កើតអង្គភាពអាជីវកម្មលក្ខណៈវិជ្ជាជីវៈដូចជា៖ ក្រុមវេជ្ជបណ្ឌិត មេធាវី និង គណនេយ្យករ។ ពួកគេអាចចែករំលែកនូវទីតាំងធ្វើការងារ (ការិយាល័យ) ដែលសហគ្រាស ឯកបុគ្គលមិនអាចដំណើរការតែឯកឯងបាន។ ទម្រង់អាជីវកម្មប្រភេទនេះមានលក្ខណៈទូទៅផងដែរ ចំពោះអាជីវកម្មធុនតូចភាគច្រើន ផ្តើមចេញពីមូលដ្ឋាននេះ ដោយសារវាអាចចាប់ផ្តើមជាមួយនឹងមូលធន តិចតួច និង មានអ្នកឯកទេស/ជំនាញ មួយចំនួនតូចប៉ុណ្ណោះ។ ៣. ក្រុមហ៊ុនមូលធន (Limited Company) ក្រុមហ៊ុនមូលធន (Limited Company) បែងចែកចេញជា ២ ប្រភេទគឺ ក្រុមហ៊ុនឯកជន ទទួលខុសត្រូវមានកម្រិត (Private Limited Company) (រាប់បញ្ចូលទាំងសហគ្រាសឯកបុគ្គលទទួល ខុសត្រូវមានកម្រិត ឬ Single Member Private Limited Company) និង ក្រុមហ៊ុនមហាជនទទួល ខុសត្រូវមានកម្រិត (Public Limited Company). ក. ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត (Private Limited Company) ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត (Private Limited Company) គឺជាទ្រង់ទ្រាយមួយ នៃក្រុមហ៊ុនមូលធន ហើយមានលក្ខណៈសម្គាល់ដូចតទៅ៖ • មានសមាជិកភាគហ៊ុនចាប់ពី ០២ នាក់ រហូតដល់ ៣០ នាក់។ ប៉ុន្តែបុគ្គលម្នាក់ក៏អាចបង្កើត ក្រុមហ៊ុនប្រភេទនេះបានដែរ ដែលមានឈ្មោះថា សហគ្រាសឯកបុគ្គលទទួលខុសត្រូវមាន កម្រិត (Single Member Private Limited Company)។ • មិនអាចលក់ភាគហ៊ុន ឬ មូលបត្រដទៃទៀតជាសាធារណៈបានឡើយ ប៉ុន្តែអាចធ្វើអនុប្បទាន (ផ្ទេរ) ទៅឱ្យសមាជិកហ៊ុន សមាជិកគ្រួសារ និង អ្នកគ្រប់គ្រងបាន។ • អាចមានការរិតត្បិតមួយ ឬ ច្រើន ទៅលើការផ្ទេរចំណែកនៃប្រភេទភាគហ៊ុនទាំងអស់។ • ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតចាប់ពេលដែលបានចុះ បញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម។ ជាទូទៅ យើងអាចសម្គាល់ក្រុមហ៊ុនមួយ ថាជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតបាន តាមរយៈការសង្កេតមើលនាមករណ៍ (ឈ្មោះ) របស់ក្រុមហ៊ុននោះ ដែលនៅខាងចុង ឬ ខាងក្រោមនាម ករណ៍នៃក្រុមហ៊ុននោះ មានសរសេរពាក្យថា “ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត” ឬ “Limited” ឬ “Ltd.” ឬ “Co., Ltd.” ខ. ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត (Public Limited Company) ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត (Public Limited Company) គឺជាទ្រង់ទ្រាយមួយ នៃក្រុមហ៊ុនមូលធន ដែលត្រូវបានអនុញ្ញាតដោយច្បាប់ក្នុងការបោះចេញនូវមូលបត្រដែលអាចលក់ជា សាធារណៈបាន។ ក្រុមហ៊ុនដែលមានកម្មវត្ថុអាជីវកម្មធនាគារ ក្រុមហ៊ុនធានារ៉ាប់រង និង ក្រុមហ៊ុនឥណ ទាន ត្រូវបង្កើតឡើងក្នុងទម្រង់ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត។ យើងអាចសម្គាល់ក្រុមហ៊ុនមួយ ថាជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតបាន តាមរយៈ ការសង្កេតមើលនាមករណ៍ (ឈ្មោះ) របស់ក្រុមហ៊ុននោះ ដែលនៅខាងចុង ឬ ខាងក្រោមនាម ករណ៍នៃក្រុមហ៊ុននោះ មានសរសេរពាក្យថា “ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត” ឬ “Plc”។ ៤. ក្រុមហ៊ុនពាណិជ្ជកម្មបរទេស ក្រុមហ៊ុនពាណិជ្ជកម្មបរទេសគឺជាក្រុមហ៊ុនដែលបង្កើតឡើងក្រោមច្បាប់នៃប្រទេសដទៃ ហើយ បានមកបោះទីតាំងធ្វើពាណិជ្ជកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនពាណិជ្ជកម្មបរទេសអាចត្រូវបានបង្កើតឡើងក្នុងទម្រង់ជា ការិយាល័យតំណាងពាណិជ្ជ កម្ម (ឬ ការិយាល័យទំនាក់ទំនងពាណិជ្ជកម្ម) សាខាក្រុមហ៊ុនពាណិជ្ជកម្ម និង បុត្រសម្ព័ន្ធ។ ការិយាល័យតំណាងពាណិជ្ជកម្ម និង សាខាក្រុមហ៊ុនពាណិជ្ជកម្មគឺជាភ្នាក់ងាររបស់ក្រុមហ៊ុនដើម ហើយពុំមាននីតិបុគ្គលិកលក្ខណៈ (លក្ខណៈ ឬ ទ្រង់ទ្រាយតាមផ្លូវច្បាប់) ដាច់ដោយឡែកពីក្រុមហ៊ុន ដើមឡើយ។ រីឯបុត្រសម្ព័ន្ធក្រុមហ៊ុនពាណិជ្ជកម្មបរទេស គឺជាក្រុមហ៊ុនដែលបង្កើតឡើងដោយក្រុមហ៊ុន ពាណិជ្ជកម្មបរទេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងដែលមានភាគហ៊ុនយ៉ាងតិច ៥១% ត្រូវបានកាន់ កាប់ដោយក្រុមហ៊ុនពាណិជ្ជកម្មបរទេសនោះ។ ចំពោះការសិក្សាលម្អិតអំពីទម្រង់នៃក្រុមហ៊ុននីមួយៗ សូមអានអត្ថបទដែលមានភាគជាបន្តបន្ទាប់។ ដោយ៖ ប៉ុម ទូច