ឧបករណ៍នៃការគិត ៣យ៉ាងសម្រាប់ជាជំនួយស្វែងរកដំណោះស្រាយនៃបញ្ហា
ចំណុចដូចគ្នាម្យ៉ាងដែលមនុស្សរាល់គ្នាមាននោះគឺ នៅលើលោកនេះបុគ្គលណាម្នាក់ក៏ជួបប្រទះនឹងបញ្ហាជាប្រចាំថ្ងៃនៅក្នុងជីវិតរបស់ពួកគេដែរ។ យ៉ាងណាមិញ ថ្វីត្បិតតែមនុស្សយើងមិនមានសិទ្ធិឃាត់ឃាំងបញ្ហាទាំងឡាយមកចូលក្នុងជីវិតយើងក៏ពិតមែន ប៉ុន្តែសិទ្ធិដែលយើងមានគឺជាជម្រើសក្នុងការឆ្លើយតប។ នៅពេលបញ្ហាលេចឡើងមក អ្វីដែលសំខាន់មិនមែនបញ្ហានោះទេ តែស្ថិតនៅត្រង់ថាតើអ្នកជ្រើសរើសឆ្លើយតបបែបណាទៅកាន់ស្ថានការណ៍លំបាកទាំងនោះ ?
តើអ្នកជ្រើសរើសសម្លឹងមើលចំពោះបញ្ហានោះក្នុងផ្លូវដូចម្ដេច ? ជម្រើសរបស់អ្នកនឹងទទួលខុសត្រូវចំពោះរាល់លទ្ធផលបន្ទាប់ដែលអ្នកទទួលបានក្នុងជីវិត។ បើអ្នកផ្លាស់ប្ដូរការគិតរបស់អ្នកបាន នោះស្ថានការណ៍របស់អ្នកក៏នឹងផ្លាស់ប្ដូរដូចគ្នា។ តាមពិតការជួបប្រទះនឹងបញ្ហាលំបាកច្រើនក្នុងជីវិតគឺជារឿងល្អទៅវិញទេ ព្រោះបើកាលណាអ្នកជួបបញ្ហាច្រើន បទពិសោធន៍របស់អ្នកនឹងមានកាន់តែច្រើន ឯចំណេះដឹងរបស់អ្នកនឹងកើនឡើងដូចគ្នាដែរ។ មិនតែប៉ុណ្ណោះ ការលំបាកទាំងនោះនឹងហាត់ពត់លត់ដំចិត្តគំនិតអ្នកឲ្យចាស់ទុំ យល់ដឹងរាក់ជ្រៅក្នុងបញ្ហាជីវិតបានយ៉ាងល្អប្រសើរ។ នៅពេលអ្នកជួបបញ្ហាលើកក្រោយទៀត អ្នកនឹងមើលទៅលើវាជារឿងធម្មតានិងថែមទាំងជាឱកាសអភិវឌ្ឍខ្លួនទៅទៀត។ ហេតុនេះ បើអ្នកបានស្វែងយល់ពីឧបករណ៍នៃការគិតចំនួន៣ខាងក្រោម ផ្លូវឆ្ពោះទៅកាន់ដំណោះស្រាយចាកចេញពីបញ្ហានឹងកាន់តែងាយស្រួលសម្រាប់អ្នកមិនខាន។
១) ផ្ដោតទៅលើដំណោះស្រាយ មិនមែនបញ្ហានោះទេ៖ កាលណាអ្នកផ្ដោតទៅលើបញ្ហាជាជាងដំណោះស្រាយ វាមិនបានជួយជាប្រយោជន៍អ្វីដល់អ្នកក្រៅតែពីពង្រីកខ្លួនឲ្យបញ្ហានោះកាន់តែរីកធំឡើងនោះទេ។ វានឹងចូលមកបំពុលដល់ការគិតរបស់អ្នកឲ្យផ្ដោតតែទៅលើភាពអវិជ្ជមានទាំងឡាយដែលនឹងអាចកើតឡើងដែលមានតែនៅក្នុងការគិតរបស់អ្នកប៉ុណ្ណោះ។
២) ជីករកឫសគល់ដែលបង្កជាបញ្ហាឡើង៖ បើអ្នកចង់ដកស្មៅចង្រៃចេញដោយគ្រាន់តែកាត់តម្រឹមស្មៅខាងលើចេញ នោះស្មៅចង្រៃដដែលនេះនឹងដុះចេញមកសារជាថ្មីទៀត លុះត្រាតែអ្នកដកឫសដែលបង្កជាស្មៅចង្រៃនោះចេញមក ទើបអាចប្រាកដថាបញ្ហាអាចដោះស្រាយបាន ស្មៅចង្រៃមិនដុះចេញជាថ្មីមកទៀត។ ដូចគ្នាដែរ ការលាងជម្រះចេញនូវបញ្ហាបានអស់ទាល់តែអ្នកដឹងជាមុនពីដើមហេតុរបស់វា។
៣) ព្យាយាមរិះគិតពីដំណោះស្រាយដែលអាចទៅរួចឲ្យបានកាន់តែច្រើនកាន់តែល្អ៖ ការស្វែងរកផ្លូវដើរច្រើនសម្រាកចាកចេញពីបញ្ហា នឹងជួយបើកចំហចិត្តអ្នកឲ្យមានភាពសុទិដ្ឋិនិយមក្នុងការដោះស្រាយបញ្ហា ទើបចុងក្រោយអ្នកត្រូវសម្រេចយកផ្លូវដើរមួយណា។ ផ្លូវឆ្ពោះទៅកាន់ដំណោះស្រាយមានច្រើន មិនមែនមានផ្លូវបិទតែមួយនោះទេ គ្រាន់តែថាដំណោះស្រាយណាមួយដែលស័ក្ដិសមជាងគេក្នុងកាលៈទេសៈរបស់អ្នកនាពេលនោះនិងប្រភេទមនុស្សដែលអ្នកមានបញ្ហាជាមួយប៉ុណ្ណោះ៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ lifehack