គន្លឹះសំខាន់ៗដែលលោកអ្នកត្រូវយល់ដឹងមុនពេលទិញលំនៅដ្ឋានក្នុងខេត្តព្រះសីហនុ​



ខេត្តព្រះសីហនុគឺជាតំបន់ទិសដៅទេសចរណ៍ដ៏សំខាន់រប​ស់ប្រទេសកម្ពុជា ហើយក៏ជាខេត្តដែលមានសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័សបំផុត។ ចំណែកឯវិស័យអចលនទ្រព្យមានការអភិវឌ្ឍន៏លឿនបំផុតវាមិនមែនជាការភ្ញាក់ផ្អើលសម្រាប់អត្ថប្រយោជន៏នៃការវិនិយោគនៅពេលអនាគតជាពិសេសនៅក្នុងទីផ្សារលំនៅដ្ឋាន។ ប្រាកដណាស់វិស័យទេសចរពិតជាស្រូបយកប្រាក់ចំណូលខ្ទង់លានដុល្លារក្នុងមួយឆ្នាំៗ ដោយឡែកសម្រាប់អ្នកវិនិយោគខ្លះបានសំលឹងមើលការអភិវឌ្ឍន៍លើវិស័យលំនៅដ្ឋានដែលប្រកបដោយស្តង់ដាររស់នៅបែបទំនើបជាការរស់នៅអចិន្ត្រៃយ៍សម្រាប់ស្នាក់នៅលំហែកាយ ឬសម្រាប់ការស្នាក់នៅបណ្តោះអាសន្នសម្រាប់អ្នក ធ្វើការនៅទីនេះ។ តើមានលំនៅដ្ឋានប្រភេទអ្វីខ្លះនៅក្នុងខេត្តព្រះសីហនុ បច្ចុប្បន្នវិស័យលំនៅដ្ឋាននៅក្នុងខេត្តនេះកំពុងតែរីកចម្រើនគួរឲ្យកត់សំគាល់ទន្ទឹមនឹងកំណើនទេសចរ និងកំណើនតម្រូវការក្នុងខេត្តផងដែរ។ តួយ៉ាងយើងឃើញថាមានប្រភេទផ្ទះច្រើនប្រភេទដូចជា៖ ​បុរី វីឡា ផ្ទះអាជីវកម្ម អាផាតមេន និងផ្ទះលំហែកាយជាដើម។ បុរីសម្រាប់លក់នៅក្នុងខេត្តព្រះសីហនុ លំនៅដ្ឋានបុរីត្រូវបានគេចាត់ទុកថាជាប្រភេទលំនៅដ្ឋានមួយ ដែលមានការពេញនិយមរស់នៅសំណាក់ ប្រជាជន ខ្មែរដែលមានជីវភាពមធ្យមនិងលើមធ្យមឫអ្នកមានជីវភាពធូធារ។ គម្រោងបុរីក៏ជាការវិនិយោគដ៏ល្អមួួយសម្រាប់អ្នកអភិវឌ្ឍន៍គម្រោងលំនៅដ្ឋាននៅក្នុងប្រទេសនាពេលបច្ចុប្បន្ន។ យើងឃើញគម្រោងលំនៅដ្ឋានប្រភេទបុរីកំពុងតែមានការអភិវឌ្ឍន៍គួរឲ្យកត់សំគាល់បុរីទាំងនោះ ភាគច្រើនមានប្រភេទផ្ទះដូចជា៖ ផ្ទះល្វែង ផ្ទះវីឡា ផ្ទះអាជីវកម្មហើយគម្រោងខ្លះទៀតមានគម្រោងខុនដូ និងរីសតផងដែរ។​ តួយ៉ាងយើងឃើញថា មានគម្រោងបុរីដូចជា៖ បុរី BS បុរី Peal City បុរី Borey Hillton Park Villa។ ផ្ទះក្នុងបុរីមានចាប់ពី១បន្ទប់គេង និង១បន្ទប់ទឹកឡើងទៅហើយតម្លៃអាចរកបាន ចាប់ពី៦០,០០០ដុល្លារឡើងទៅ។ គម្រោងខុនដូសម្រាប់លក់នៅក្នុងខេត្តព្រះសីហនុ ទោះបីជាយ៉ាងនេះក្ដីជាមួយការអភិវឌ្ឍន៏គម្រោងថ្មីៗជាច្រើនកំពុងតែកើនឡើងក្នុងប្រទេសកម្ពុជា យើងឃើញថាការផ្គត់ផ្គង់គម្រោងខុនដូក្នុងក្រុងភ្នំពេញមានយ៉ាងច្រើន ក្រលេកមើលទៅគម្រោងខុនដូនៅក្នុងខេត្តព្រះសីហនុវិញក៏មានការកើនឡើងគួរឲ្យកត់សំគាល់ផងដែរ។ ជាក់ស្តែងមានងគម្រោងខុនដូ D’Seaview ដែលមានទីតាំងចំងាយប្រមាណ១គីឡូម៉ែត្រពីឆ្នេរសុខា។ មានទាំងខ្យល់អាកាសស្រស់ស្រាយ និងទេសភាពធម្មជាតិដ៏ស្រស់បំព្រងនិងផាសុកភាពសម្រាប់អ្នករស់នៅទីនោះ។ យូនីតលំនៅដ្ឋានរបស់វាមានចាប់ពី១បន្ទប់គេងដល់៣បន្ទប់គេង និងលំនៅដ្ឋានសម្រាប់មនុស្សសម័យថ្មី។ គម្រោងខុនដូ The Royal Bayview វាស្ថិតនៅតាមបណ្ដោយឆ្នេរឯករាជ្យ។ គម្រោងនេះមានយូនីតទាំងអស់សរុបចំនួន១,៣៤៤យូនីតហើយមានហាងលក់ទំនិញចំនួន៣ជាន់។ គម្រោងអភវិឌ្ឍន៏ The Royal Bayview រំពឹងថាបញ្ចប់ការសាង សង់នៅចុងឆ្នាំ២០១៩។ នៅមានគម្រោងជាច្រើនទៀតដូចជា The Blue Sky Tower ស្ថិតនៅក្នុងសង្កាត់២ដែលមានតម្លៃចាប់ពី ៤០,០០០ដុល្លារឡើងទៅ និងគម្រោងខុនដូ Nest Apartments Seaview Condominium ស្ថិតនៅតាមបណ្តោយឆ្នេរហាវៃ។ វាមានកម្ពស់៩ជាន់ហើយមានទំហំចាប់ពី៣០ទៅ១២៦ម៉ែត្រការ៉េដែលមានតម្លៃចាប់ពី២៨,៥០០ទៅ៥២,៥០០ដុល្លារ។ ទាំងអស់នេះសុទ្ធសឹងជាគម្រោងអភិវឌ្ឍន៍ចម្រុះដែលផ្តល់នូវជម្រើសរស់នៅ​យ៉ាងសំបូរបែប។ ដូចបានរៀបរាប់ខាងដើមដូច្នេះហាក់បីដូចជាគម្រោងលំនៅដ្ឋានប្រភេទខុនដូកំពុងតែបោះជំហានមកកាន់តំបន់ឆ្នេរសមុទ្រនេះយ៉ាងច្រើន។ ហេតុអ្វីបានជាការអភិវឌ្ឍន៏លំនៅដ្ឋានក្នុងខេត្តព្រះសីហនុមានភាពទាក់ទាញ? ហេដ្ឋារចនាសម្ព័ន្ធជាច្រើនបានធ្វើការអភិវឌ្ឍន៍យ៉ាងសម្បើមក្នុងខេត្តព្រះសីហនុដែលបច្ចុប្បន្នគម្រោងមួយចំនួនបានស្ថិតនៅក្រោមការសាងសង់តួយ៉ាង៖ ការពង្រឹងប្រព័ន្ធផ្លូវរថភ្លើង គម្រោងពង្រីកព្រលានយន្ត ហោះអន្តរជាតិខេត្តព្រះសីហនុ គម្រោងពង្រីកផែសមុទ្រទឹកជ្រៅ។ ការអភិវឌ្ឍន៍នេះមិនត្រឹមតែជួយជម្រុញសក្តាសក្ដានុពលនៃតំបន់ប៉ុណ្ណោះទេ ហើយថែមទាំងផ្តល់នូវទំនុកចិត្តសម្រាប់វិនិយោគិនផងដែរ។ ប៉ុន្តែវាថែមទាំងបង្កើននូវភាពងាយស្រួលនៃការដឹកជញ្ជូននៃសម្ភារៈសំណង់ និងកាត់បន្ថយតម្លៃរបស់ខុនដូនៅតំបន់នោះទៀតផង។ ជាងនេះទៅទៀតកត្តាទាក់ទាញដ៏សំខាន់នៃខេត្តព្រះសីហនុនៅគឺទេសភាពស្រស់ស្អាតនៃសមុទ្រកម្ពុជា និងការថែរក្សាឆ្នេរបានយ៉ាងល្អដែលមានការលក់និងជួលនៃយូនីតនីមួយៗនៅទីនោះផងដែរដូច្នេះ ហើយវាគឺជាកត្តាលីករដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៏នៅក្នុងតំបន់។ សក្តានុពលកំណើនភ្ញៀវទេសចរនៅក្នុងតំបន់ដែលជាប្រភពសេដ្ឋកិច្ចចំបងមួយ អគ្គនាយកដ្ឋានទេសចេរ រំពឹងថានឹងមានភ្ញៀវទេសចរមកទស្សនា៣លាននាក់ប្រចាំឆ្នាំនៅចុងឆ្នាំ២០២០នេះ ដែលភ្ញៀវទេសចរចំនួន១លាននាក់ជាភ្ញៀវអន្តរជាតិ និង២លាននាក់ជាភ្ញៀវក្នុងតំបន់។ តើតំបន់ណាដែលមានសក្ដានុពលសម្រាប់វិនិយោគ ឬទិញខុនដូក្នុងខេត្តព្រះសីហនុ? សង្កាត់៤គឺជាតំបន់អភិវឌ្ឍន៏លំនៅដ្ឋានសម្រាប់វិនិយោគល្អបំផុតពីព្រោះវាស្ថិតនៅតាមបណ្ដោយឆ្នេរសមុទ្រ។ ក្នុងតំបន់នេះរួមមានឆ្នេរអូរឈើទាលលាតសន្ធឹងប្រវែង៤គីឡូម៉ែត្រហើយស្ថិតនៅតាមបណ្ដោយផ្លូវឆ្ពោះទៅឆ្នេរសេរិនឌីធីផងដែរ។ បើទោះបីជាអាជីវកម្មមួយចំនួនក្នុងឆ្នេរអូរឈើទាលបានធ្លាក់ចុះប៉ុន្តែទោះជាយ៉ាង ណាខេត្តព្រះសីហនុវានៅតែជាឆ្នេរដែលពេញនិយមពីព្រោះតែភាពងាយស្រួលក្នុងការដឹកជញ្ចូនពាណិជ្ជកម្មអន្តរជាតិ។ ខណៈដែលការស្រាវជ្រាវបង្ហាញថាតម្លៃដីនៅតាមបណ្ដោយឆ្នេរអូឈឺទាលកើនឡើងទ្វេរដងក្នុងឆ្នាំ ២០១៥៕ ផ្ដល់​សិទ្ធិ៖ realestate.com.kh
X
5s