អ្នកនឹងទទួលប្រយោជន៍សំខាន់ៗ៥យ៉ាង ប្រសិនហាត់ប្រាណជាប្រចាំ!
មនុស្សមួយចំនួនតែងខ្ជិលហាត់ប្រាណ ព្រោះមិនចង់ហត់ និង ឈឺចាប់រាងកាយផ្សេងៗ។ ប៉ុន្តែមនុស្សដែលមានទម្លាប់បែបនេះ គឺប្រឈមនឹងបញ្ហាជាច្រើនដែលពួកគេមិនធ្លាប់គិត។ សម្រាប់អ្នកដែលនិយមហាត់ប្រាណវិញ គឺជាមនុស្សដែលស្វាហាប់ និង មានសុខភាពល្អទាំងផ្នែករាងកាយ និង ផ្លូវចិត្ត។ ខាងក្រោមនេះ ជាប្រយោជន៍សំខាន់ៗនៃការហាត់ប្រាណ៖
- ជួយពង្រឹងសុខភាព៖ សម្រាប់អ្នកដែលឧស្សាហ៍ហាត់ប្រាណជាប្រចាំនោះ ពួកគេតែងមានសុខភាពល្អ ជាងអ្នកដែលកម្រហាត់ប្រាណ។ ការហាត់ប្រាណនេះ ពិតជាសំខាន់សម្រាប់សុខភាព ព្រោះវាជួយបញ្ចេញជាតិពុលជាច្រើន តាមរយៈញើស ដូច្នេះហើយសូមកុំខ្ជិលច្រអូសក្នុងការហាត់ប្រាណឲ្យសោះ ប្រសិនបើអ្នកចង់ក្លាយជាមនុស្សមានសុខភាពល្អ។
- កាត់បន្ថយការធាត់លើសទម្ងន់៖ ចំពោះអ្នកដែលមិនចង់មានបញ្ហាធាត់លើសទម្ងន់ទេ គឺគួរតែឆ្លៀតពេលឲ្យបានច្រើនដើម្បីហាត់ប្រាណ ព្រោះថាវាពិតជាអាចជួយឲ្យអ្នកមិនឡើងគីឡូផ្តេសផ្តាស និង ជួយឲ្យរាងកាយរឹងមាំ និង ស្អាតផងដែរ។ ទន្ទឹមគ្នានោះដែរ អ្នកក៏មិនត្រូវបរិភោគច្រើនពេកទេ ព្រោះទោះបីជាហាត់ប្រាណច្រើនក្តី ប៉ុន្តែបើបរិភោគមិនចេះរើស ហើយចេះតែឆ្ងាញ់រហូតនោះ ក៏មិនងាយស្រកទម្ងន់ដែរ។
- កាត់បន្ថយភាពតានតឹង៖ នៅពេលអ្នកមានអារម្មណ៍ថា ស្មុគស្មាញចំពោះការងារ ការសិក្សា ឬ បញ្ហាគ្រួសារជាដើម សូមកុំទៅគិតធ្វើរឿងដែលផ្តេសផ្តាស ពោលគឺគួរតែងាកមកហាត់ប្រាណវិញ។ ការហាត់ប្រាណនេះ ពិតជាជួយកាត់បន្ថយភាពតានតឹងទាំងឡាយ ដែលមានក្នុងចិត្តរបស់អ្នកយ៉ាងមានប្រសិទ្ធភាព។ ដូច្នេះគួរសាកល្បងហាត់ប្រាណ ប្រសិនបើមានអារម្មណ៍ស្មុគស្មាញលើអ្វីមួយ។
- ជួយឲ្យសម្រួលដល់បញ្ហាដំណេក៖ មូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនទៀតដែលធ្វើឲ្យមនុស្សមួយចំនួនមានបញ្ហាដំណេកនោះ គឺដោយសារតែមិនដែលហាត់ប្រាណ។ បើយោងតាមការស្រាវជ្រាវរបស់ស្ថាប័នNational Sleep Foundationដែលមានមូលដ្ឋាននៅអាមេរិក បានលើកឡើងថាការហាត់ប្រាណជាប្រចាំ ពិតជាអាចជួយឲ្យអ្នកគេងលក់ស្រួលនៅពេលយប់។
- ធ្វើឲ្យរាងកាយ និង ស្មារតីមានភាពស្វាហាប់៖ អ្នកដែលចូលចិត្តហាត់ប្រាណជាប្រចាំនោះ តែងតែមានរាងកាយរឹងមាំ និង ស្មារតីល្អជាងមនុស្សទូទៅ ដូច្នេះហើយពួកគេអាចបំពេញការងារបានយ៉ាងស្វាហាប់ និង ប្រកបដោយប្រសិទ្ធភាពខ្ពស់៕
ដោយ៖ រតនា វិចិត្រ ប្រភព៖ sleepfoundation.org & lifehacker.com