តើផ្នត់គំនិតបែបណាជាគ្រឹះសម្រាប់ការសម្រេចជោគជ័យរបស់មនុស្ស ?
ទស្សនជាទូទៅនៅក្នុងផ្នត់គំនិតរបស់មនុស្សជាច្រើនយល់ឃើញថា អំណោយទាននៃទេពកោសល្យពីធម្មជាតិរបស់បុគ្គលម្នាក់ៗ ជាអ្នកកំណត់នូវភាពជោគជ័យរបស់បុគ្គលនោះ។ បើពិចារណាឲ្យសើៗទៅ ជាក់ស្ដែងគឺវាបែបនេះមែន ប៉ុន្តែវាគ្រាន់តែជាកត្តារួមចំណែកមួយផ្នែកទៅលើភាពជោគជ័យរបស់បុគ្គលនោះតែប៉ុណ្ណោះ។ រាល់បុគ្គលដែលគិតដូច្នេះ កំពុងតែបង្កើតនូវទស្សនមិនត្រឹមត្រូវគ្រប់ជ្រុងជ្រោយទៅលើកត្តាកំណត់ភាពជោគជ័យរបស់បុគ្គលម្នាក់ៗហើយ។
ចុះឯណាទៅតម្លៃនៃការខិតខំប្រឹងប្រែងរបស់ពួកគេ គុណភាពនៃការគិតរបស់ពួកគេ ការជម្នះតស៊ូ និងកត្តាផ្លូវចិត្តជាច្រើនផ្សេងទៀតនោះ ? សំណួរសួរថា ប្រសិនបើភាពជោគជ័យមិនមែនកើតចេញពីទេពកោសល្យពីកំណើតរបស់មនុស្សតែម្យ៉ាង ចុះមានកត្តាអ្វីដែលសំខាន់ជាងនេះទៀត ? សូមចងចាំចុះថា មនុស្សម្នាក់ពូកែជាងមនុស្សម្នាក់ទៀតបាន គឺដោយសារតែវិធីនៃការគិតរបស់ពួកគេ តើពួកគេគិតបែបណា ?ដែលជាផ្នត់គំនិតរបស់ពួកគេនោះឯង។ បន្ទាប់មកផ្នត់គំនិតរបស់ពួកគេ នឹងបង្កើតជាអត្តចរិតរបស់ពួកគេឡើង។ លទ្ធផលស្ដែងចេញជាស្ថានភាពនិងបទពិសោធន៍គ្រប់យ៉ាងក្នុងជីវិតពួកគេគឺដូចទៅនឹងទស្សនវិទូក្រិក ហេរ៉ាគ្លីត ពោលថា "ចរិតរបស់មនុស្សម្នាក់ គឺជាជោគវាសនារបស់ពួកគេ"។ ដូច្នេះ តើផ្នត់គំនិតអ្វីខ្លះជាគ្រឹះដ៏សំខាន់សម្រាប់ភាពជោគជ័យរបស់អ្នក ?
១) បង្កើននូវការគោរពចំពោះខ្លួនឯង៖ សមិទ្ធផលអស្ចារ្យរបស់បុគ្គលម្នាក់ ត្រូវចាប់ផ្ដើមពីបុគ្គលនោះមានផ្នត់គំនិតត្រឹមត្រូវចំពោះខ្លួនឯងជាមុនសិន។ បើពួកគេមិនទាំងអាចហ្វឹកហាត់ការគិតរបស់ខ្លួនទៅរកគំនិតត្រឹមត្រូវ និងសុទិដ្ឋិនិយមផង តើពួកគេម្ដេចនឹងអាចមានភាពក្លាហានជំរុញខ្លួនឯងឲ្យក្រោកឈរឡើងនឹងការប្រឆាំងរបស់អ្នកដទៃដែលជាការបង្អាក់រំខានមកលើពួកគេបាននោះ ? អ្នកសាកត្រិះរិះទៅមើលថា តើភាពបរាជ័យក្នុងពេលនេះ និងពេលអតីតកន្លងមក អាចទៅរួចទេដែរថាវាមកពីផ្នត់គំនិតមិនត្រឹមត្រូវដែលអ្នកមិនបានផ្ដល់ការគោរពចំពោះខ្លួនឯង ?
២) បង្កើតនូវការយល់ឃើញឈ្នះៗ៖ ឈានចេញមួយកម្រិតពីការគិតត្រឹមត្រូវរបស់អ្នកចំពោះខ្លួនឯងរួចហើយ វិធីដែលអ្នកជ្រើសរើសសម្លឹងមើលពិភពជុំវិញ ក៏រឹតតែសំខាន់ទៅទៀត។ នៅក្នុងស្ថានភាពលំបាកដូចគ្នាមួយ មនុស្សពីរនាក់អាចមើលឃើញផ្សេងពីគ្នា។ ស្របពេលម្នាក់មើលឃើញថាវាជាឧបសគ្គមិនអាចជម្នះបាន វានឹងមានម្នាក់ទៀតនឹងមើលឃើញថាវាជាឱកាសចាប់យកលាភសំណាងទៅវិញ។
៣) កម្លាំងជំរុញ៖ នៅពេលមានផ្នត់គំនិតត្រឹមត្រូវចំពោះខ្លួនឯង និងពិភពជុំវិញហើយ កម្លាំងជំរុញនឹងដើរតួជាមូលហេតុដ៏សំខាន់សម្រាប់បុគ្គលម្នាក់ៗប្រឹងប្រែងបន្តដំណើរឆ្ពោះទៅមុខជានិច្ច ដើម្បីឡើងទៅដល់កំពូលភ្នំដ៏ស្រស់ត្រកាលដែលកំពុងទន្ទឹងរង់ចាំពួកគេ។
៤) ប្រឈមមុខនឹងឧបសគ្គ៖ មានផ្នត់គំនិតត្រឹមត្រូវទាំងចំពោះខ្លួនឯង និងពិភពជុំវិញ ព្រមទាំងមានកម្លាំងជំរុញចិត្តទៀត តែហេតុអ្វីមនុស្សមួយចំនួននៅតែមិនអាចឈានទៅដល់គោលដៅរបស់ពួកគេបាន ? តើនេះជាជោគវាសនារបស់ពួកគេដែលកំណត់មកថាដូច្នេះរួចទៅហើយឬ ? ប៉ុន្តែ ហេតុអ្វីពួកគេមិនសួរខ្លួនឯងទៅវិញថា "តើខ្ញុំពូកែទ្រាំប៉ុណ្ណា ? មានភាពអត់ធ្មត់កម្រិតណា ? ចង់បានវាខ្លាំងប៉ុណ្ណា ?" ចម្លើយរបស់ពួកគេនឹងកំណត់ពីភាពជោគជ័យឬភាពបរាជ័យរបស់ពួកគេមិនខាន៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ www.entrepreneur.com