កំពូលតារាសិចស៊ីចិន ស៊ូឈី និយាយថា បណ្ដោយខ្លួនឱ្យធាត់ដូចប្រព្រឹត្តិ «ឧក្រិដ្ឋកម្ម»
តារាសម្ដែងស្រីកោះតៃវ៉ាន់ ស៊ូឈី ដែលត្រូវបានអ្នកគាំទ្រប្រសិទ្ធិនាមឱ្យថាទេពធីតានៅក្នុងបេះដូងបុរសជាច្រើននោះបានរិះគន់មិនប្រណីមាត់ចំពោះបេក្ខនារីក្មេងៗ ក្នុងកម្មវិធីទូរទស្សន៍ចិនដីគោក“X FIRE” ដោយឱ្យពួកគេបញ្ចុះទម្ងន់ ហើយនាងបាននិយាយប្រយោគដ៏ខ្លី និងមានន័យថា៖«ភាពធាត់ប្រៀបដូចជាឧក្រិដ្ឋកម្ម»។
ថ្មីៗនេះខណៈដើរតួនាទីជាអ្នកណែនាំក្នុងកម្មវិធីដ៏ល្បីមួយរបស់ប្រទេសចិនដីគោក តារាសម្ដែងស្រីកម្ពស់ ១,៦៨ម៉ែត្រ រូបនេះបានផ្ដល់ដំបូន្មានចំពោះបេក្ខនារីវ័យក្មេងដោយពាក្យសម្ដីខ្លាំងៗ ឬអាចនិយាយបានថាពាក្យរិះគន់មិនប្រណីផងដែរចំពោះអ្នកដែលមានរាងធាត់។ តារាស្រីដែលអាចរក្សាទម្ងន់ខ្លួន ៥០ គីឡូក្រាម រយៈពេលជាង២០ឆ្នាំក្នុងរង្វង់សិល្បៈរូបនេះបាននិយាយទៅកាន់បេក្ខនារីម្នាក់ថា៖ «ចុះទម្ងន់ជាងនេះបន្តិចបានទេ? ចង់ក្លាយជាតារាត្រូវតែមានរាងស្អាត »។
មិនត្រឹមតែប៉ុណ្ណោះ ស៊ូឈី ក៏បានបន្ថែមប្រយោគខ្លីៗតែប្រកបដោយអត្ថន័យដែរថា ក្នុងនាមជាតារាទំនួលខុសត្រូវខ្លាំងបំផុតនោះ គឺការរក្សារូបរាងឱ្យនៅតែស្រស់ស្អាតដដែល ជាពិសេសនាងបានសង្កត់ធ្ងន់ថាបណ្ដោយខ្លួនឱ្យធាត់គឺជាឧក្រិដ្ឋកម្ម។ ពាក្យសម្ដីរបស់នាងត្រូវប្រិយមិត្តទស្សនិកជនជាច្រើនយកទៅផ្សព្វផ្សាយបន្តគ្នា ដោយមានអ្នកខ្លះបានសរសេរនៅលើបណ្ដាញសង្គមខ្លួនថា «ខ្ញុំបានក្លាយខ្លួនជាឧក្រិដ្ឋជនជាច្រើនឆ្នាំមកហើយ»។ខណៈអ្នកខ្លះទៀតបានបន្ថែមថា៖«សូមឱ្យខ្ញុំស្លាប់ទៅទាំងបាបផងចុះ»។
នៅពេលស៊ូឈី បានឃើញរូបថតរបស់នាងនៅលើបណ្ដាញសង្គម Weibo នាងមានការភ្ញាក់ផ្អើលជាខ្លាំងដែលនាងបាននិយាយពាក្យសម្ដីអស់ទាំងនេះ។ នាងបានឆ្លើយតបទៅវិញថា៖«សុំទោស ក្រោយញ៉ាំអាហារថ្ងៃនេះហើយ ខ្ញុំនឹងមិនញ៉ាំទៀតទេ»។ នាង ស៊ូឈី ដែលធ្លាប់ជាអតីតមិត្តស្រីរបស់តារាចម្រៀងតារាសម្ដែងល្បី លីវ តឺហួររូបនេះថ្វីត្បិតតែប្រឡូកចូលវិស័យសិល្បៈជាច្រើនឆ្នាំប៉ុន្តែកេរ្តិ៍ឈ្មោះនិងភាពល្បីល្បាញរបស់នាងមិនបានស្រកស្រុតនោះទេ ព្រោះមិនត្រឹមតែបានថតនៅក្នុងផលិតកម្មក្នុងស្រុកប៉ុណ្ណោះទេ នាងថែមទាំងធ្លាប់បានសម្ដែងភាពយន្តហូលីវូដទៀតផង៕
ប្រែសម្រួល៖ សុខា នីកា
ប្រភព៖ hasianpopnews.com