៣យ៉ាងអំពីភាពជាអ្នកដឹកនាំរបស់អ្នក​និពន្ធដ៏ល្បី លោក Simon Sinek​



នៅ​លើ​ពិភពលោក​យើង​នេះ មាន​អង្គភាព​ក្រុមហ៊ុន​ជា​ច្រើន​ដឹង​ពី "អ្វី" ដែល​ខ្លួន​កំពុង​ធ្វើ និង "ដំណើរការណ៍" បែប​ណា​ដែល​ត្រូវ​ប្រតិបត្តិ​ដើម្បី​សម្រេច​បាន​នូវ​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ។ ប៉ុន្តែ​តើ​មាន​ក្រុមហ៊ុន​ប៉ុន្មាន​ដែល​ដឹង​ថា "ហេតុអ្វី" ទើប​អង្គភាព​ពួកគេ​មាន​មុខ​នៅ​លើ​សកលលោក​នេះ​មក ? តើ​អ្វី​ជា​កម្លាំង​ជំរុញ​ចិត្ត​ពួកគេ​ឲ្យ​ធ្វើ​បែប​នេះ ? ប្រហែល​មាន​ក្រុមហ៊ុន​មិន​តិច​នោះ​ទេ ដែល​មិន​ដែល​ចាប់​អារម្មណ៍​ពី​ស្នូល​ដ៏​សំខាន់​នៃ​ដំណើរ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ក្នុង​ការ​ធ្វើ​ជំនួញ​នេះ។ លោក Simon Sinek មាន​ដើម​កំណើត​សញ្ជាតិ​អង់គ្លេស គឺ​ជា​អ្នក​និពន្ធ​ដ៏​ល្បីល្បាញ​មួយ​រូប​របស់​សៀវភៅ Start With Why: How Great Leaders Inspire Everyone to Take Action ក៏​ជា​អ្នក​ថ្លែង​សន្ទរកថា​ប្រកប​ដោយ​ការ​បំផុស​កម្លាំង​ចិត្ត​មួយ​រូប ដែល​ការ​ថ្លែង​សន្ទរកថា​របស់​គាត់​ក្នុង​TED Talk មាន​ចំណង​ជើង​ថា How Great Leaders Inspire Action​ជាប់​ជា​ការ​ថ្លែង​សន្ទរកថា​ដ៏​ល្បីល្បាញ​បំផុត​មួយ​ក្នុង​លំដាប់​ទី៣​រហូត​មក ព្រម​ទាំង​ជា​អ្នក​ប្រឹក្សា​ផ្នែក​ទីផ្សារ​ឲ្យ​ក្រុមហ៊ុន​ធំៗ​ដទៃ​ជា​ច្រើន​ទៀត​រួម​ទាំង​ក្រុមហ៊ុន Apple របស់ Steve Jobsផង​ដែរ។

ជា​គ្រូបង្រៀន​ថ្នាក់​បញ្ចប់​ការសិក្សា​ផ្នែក​ប្រាស្រ័យ​ទាក់ទង​បែប​យុទ្ធសាស្ត្រ​ក្នុង​សាកលវិទ្យាល័យ​កូឡុំប៊ី​ក្នុង​សហរដ្ឋអាមេរិក ថា​តើ​ភាព​ជា​អ្នក​ដឹកនាំ​ដូចម្ដេច​ខ្លះ​ដែល​អ្នក​អាច​រៀន​សូត្រ​យក​ជា​គំរូ​បាន​ពី​លោក ដែល​មាន​លក្ខណៈ​ពិសេស​ខុស​ប្លែក​ពី​ភាព​ជា​អ្នក​ដឹកនាំ​របស់​បុគ្គល​ដទៃ​ទៀត ?

១) ចាប់ផ្ដើម​ជាមួយ​នឹង "ហេតុអ្វី" ៖

ដូច​ដែល​បាន​រៀបរាប់​ត្រួសៗ​ពី​ខាងលើ​រួច​មក ថា​មាន​អង្គភាព​ជា​ច្រើន​ជាប់​ខ្លួន​ទៅ​ក្នុង​អន្លង់​ដ៏​ជ្រៅ​លង់លក់​ជាមួយ​នឹង "អ្វី" ដែល​ខ្លួន​កំពុង​ធ្វើ និង "ដំណើរការណ៍" ដែល​ពួកគេ​ប្រើប្រាស់​ដើម្បី​សម្រេច​បាន​នូវ​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ​នោះ។ យ៉ាងណាមិញ តាំង​ពី​ដំបូង​មក​ពួកគេ​មិន​ដែល​ចាប់​អារម្មណ៍​ឆ្លើយ​នឹង​សំណួរ "ហេតុអ្វី" ទើប​ពួកគេ​ធ្វើ​វា​នោះ​ទេ។ ហេតុអ្វី​ទើប​ក្រុមហ៊ុន​ពួកគេ​ត្រូវ​បាន​បង្កើត​ឡើង​មក ? តើ​អ្វី​ជា​កម្លាំង​ជំរុញ​ចិត្ត​ពួកគេ ? ហើយ​វា​ត្រូវ​តែ​មិនមែន​ជា​កម្លាំង​ជំរុញ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​លុយ​ជា​ធំ​នោះ​ទេ។ អ្នក​ត្រូវ​តែ​មាន​អ្វី​ដែល​អ្នក​ជឿជាក់ ជា​កម្លាំង​ជំរុញ​ដែល​ប្ដេជ្ញា​ឲ្យ​អ្នក​ពេញចិត្ត​នឹង​បំពេញ​ប្រយោជន៍​សម្រាប់​មនុស្ស​ក្នុង​សង្គម វា​ត្រូវ​តែ​ជា​អ្វី​ដែល​ធំ​ជាង​ខ្លួន​អ្នក។

២) មាន​សេចក្ដី​បញ្ជាក់ ភាព​មាន​វិន័យ និង​ភាព​ស្ថិតស្ថេរ៖

សេចក្ដី​បញ្ជាក់​យ៉ាង​ដូចម្ដេច ? សេចក្ដី​បញ្ជាក់​ថា ហេតុអ្វី​បាន​ជា​អ្នក​ធ្វើ​វា ? បើ​សូម្បី​តែ​ខ្លួន​អ្នក​ជា​អ្នក​នាំ​មុខ​ធ្វើ​វា​ឡើង​មិន​ទាំង​ដឹង​ពី​មូលហេតុ​ដែល​ខ្លួនឯង​ធ្វើ​វា​ផង តើ​នឹង​មាន​បុគ្គលិក​ឯណា អតិថិជន​ឯណា​នឹង​យល់​ពី​វា ហើយ​ស្ម័គ្រចិត្ត​ដើរ​តាម​អ្នក ប្រើប្រាស់​របស់​អ្នក​នោះ ? ចុះ​ត្រូវ​មាន​វិន័យ​យ៉ាង​ដូចម្ដេច ? ដំណើរការណ៍ ឬ​យុទ្ធសាស្ត្រ​ដែល​អ្នក​យក​មក​ប្រើប្រាស់​ដើម្បី​សម្រេច​បាន​នូវ​អ្វី​ដែល​អ្នក​ជឿជាក់ ត្រូវ​តែ​មាន​វិន័យ ឆ្លុះ​បញ្ចាំង​ពី​អ្វី​ដែល​ជា​តម្លៃ​របស់​អ្នក ភាព​ត្រឹមត្រូវ​របស់​អ្នក និង​ជំនឿ​ដែល​អ្នក​មាន​លើ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ។ ភាព​ស្ថិតស្ថេរ​នៅ​ត្រង់​ថា អ្វី​ដែល​អ្នក​ធ្វើ​ត្រូវ​តែ​ជា​លទ្ធផល​ជះ​ត្រឡប់​បង្ហាញ​ពី "ហេតុអ្វី" អ្នក​ធ្វើ​វា និង "ដំណើរការណ៍" ដែល​អ្នក​ប្រើប្រាស់ ដែល​ធាតុ​ផ្សំ​នៃ​ដង្ហើម​ភាព​ជោគជ័យ​ទាំង​៣​នេះ​ត្រូវ​មាន​ភាព​តោង​ស្អិត​ល្មួត​នឹង​គ្នា​ជានិច្ច។

៣) បម្រើ​អ្នក​ដែល​បម្រើ​អ្នក​ដទៃ៖

មុខ​តំណែង​មិន​អាច​ឲ្យ​អ្នក​ក្លាយ​ជា​អ្នក​ដឹកនាំ​គេ​នោះ​ទេ ព្រោះ​ទោះ​បុគ្គល​គ្មាន​មុខ​តំណែង​ជា​អ្នក​ដឹកនាំ ក៏​ពួកគេ​អាច​ក្លាយ​ជា​អ្នក​ដឹកនាំ​គេ​បាន​ដែរ។ ការ​ទទួល​ខុសត្រូវ​របស់​អ្នក​ជា​អ្នក​ដឹកនាំ គឺ​ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​ដូចជា​ឪពុក​ម្ដាយ​របស់​ពួកគេ​ដូច្នោះ ផ្ដល់​សុវត្ថិភាព ចំណេះដឹង និង​ភាព​រីកចម្រើន​ដល់​អ្នក​ក្រោម​បង្គាប់។ ត្រូវ​មាន​ភាព​ក្លាហាន​ចេញ​មុខ​ប្រឈម​មុខ​មុន​ពួកគេ នៅ​ពេល​មាន​គ្រោះថ្នាក់​មក​ដល់ ថែម​ទាំង​សុខ​ចិត្ត​លះបង់​ប្រយោជន៍ និង​ភាព​សុខ​ស្រួល​របស់​ខ្លួន​ដើម្បី​ការពារ​សុវត្ថិភាព​ពួកគេ។ ឯ​ការ​លះបង់​របស់​ពួកគេ​នឹង​តបស្នង​មក​វិញ​តាមរយៈ​ញើស​ឈាម​គ្រប់​ដំណក់ ការ​តស៊ូ​ប្រឹងប្រែង​របស់​ពួកគេ​ចំពោះ​អ្នក រួម​គ្នា​ដើម្បី​សម្រេច​នូវ​អ្វី​ដែល​អ្នក​ជឿជាក់ មូលហេតុ​នៃ "ហេតុអ្វី" របស់​អ្នក​ឲ្យ​បាន​ដល់​គោលដៅ៕

ប្រែសម្រួល៖ ស្រីពៅ

ប្រភព៖ www.modgility.com & www.en.wikipedia.org

X
5s