ដើម្បីក្លាយជាមនុស្សដែលមានភាពជាអ្នកដឹកនាំត្រូវ...?
មិនថាធ្វើអ្វីឡើយ កើតមកជាមនុស្សគួរមានចំណេះដឹងពាក់ព័ន្ធនឹងភាពជាអ្នកដឹកនាំ ។ អ្នកអាចយល់ដឹងបានច្រើនពីភាពជាអ្នកដឹកនាំ ដោយសារ មើលអ្នកដឹកនាំដទៃ ដែលអ្នកស្គាល់ ឬមួយក៏ អានសៀវភៅជាដើម។ ខាងក្រោមនេះជាអ្វីដែលអ្នកគួរដឹង៖
១) ទំនាក់ទំនងល្អ៖ ក្នុងនាមជាអ្នកដឹកនាំម្នាក់ អ្នកគួរតែ ចេះបង្ហាញពីយោបល់ ហើយមានទំនាក់ទំនងស្អិតល្មួតជាមួយសមាជិកក្រុម។ អ្នកដឹកនាំ គួរតែស្ទាត់ជំនាញ ទៅនឹងការទាក់ទងគ្នាគ្រប់ទម្រង់ រួមមាន ទំនាក់ទំនងរវាងម្នាក់នឹងម្នាក់ តាមទូរស័ព្ទ អ៊ីមែល និងបណ្ដាញសង្គមផងដែរ។
២) ចេះជំរុញទឹកចិត្តសមាជិក ៖ អ្នកដឹកនាំ គួរតែចេះជំរុញលើកទឹកចិត្ត ដល់សមាជិក ឲ្យដើរទៅមុខ ដើម្បីសម្រេចគោលដៅរួម។ វាមាន ផ្លូវច្រើនណាស់ ក្នុងការជំរុញទឹកចិត្តសមាជិកខ្លួននោះ តាមរយៈ ការឲ្យរង្វាន់លើកទឹកចិត្ត និងផ្ដល់ឱកាសឲ្យពួកគេសាកល្បងតួនាទីថ្មី ជាដើម។
៣) ចេះចែករំលែកការងារ៖ អ្នកដឹកនាំដែលព្យាយាម កាន់ជាប់ការងារជាច្រើន សម្រាប់ខ្លួនឯង គឺមិនងាយនឹងសម្រេចវាទេ។ បុគ្គលដែលចេះចែករំលែកការងារទៅអ្នកដទៃ គឺជាបុគ្គលដែលមានភាពជាអ្នកដឹកនាំខ្ពស់ ព្រោះមុននឹងគេហ៊ានចែកការងារឲ្យអ្នកដទៃ គេសិក្សា ហើយដឹងច្បាស់ណាស់ ថាសមាជិកក្រុមណាដែលមានជំនាញអីនោះ។
៤) អាចជឿជាក់បាន៖ សមាជិក នឹងកាន់តែមានអារម្មណ៍ថាងាយស្រួល ពេលដែល សំណួរនិងការខ្វល់ខ្វាយរបស់អ្នកដឹកនាំគេគឺ ស័ក្ដិសមនិងអាចទទួលយកបាន។ ហេតុនេះហើយ ក្នុងនាមជាអ្នកដឹកនាំ អ្នកគួរបង្ហាញ ឲ្យឃើញពីសុចរិតភាពរបស់ខ្លួន ទៅកូនក្រុម ដើម្បីឲ្យពួកគេកាន់តែជឿហើយស្ដាប់តាមអ្នក។
៥) មានភាពឆ្នៃប្រឌិត៖ អ្នកដឹកនាំគួរមានគំនិតឲ្យល្អ ដាច់គេ ហើយ គិតបានវែងឆ្ងាយ។ បង្កើនសមត្ថភាព ក្នុងការដោះស្រាយបញ្ហា ហើយមានគំនិតល្អប្លែកក្នុងការអភិវឌ្ឍ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ The balance