​​គន្លឹះ​សំខាន់ៗ​ ​ជួយ​ឲ្យ​អ្នក​ក្លាយ​ជា​អ្នក​ធ្វើ​បទ​បង្ហាញ (Presentation) ​ដ៏​ឆ្នើម​ម្នាក់​!​​



ការ​ធ្វើ​បទ​បង្ហាញ​ (Presentation) ​គឺ​ជា​រឿង​សំខាន់​សម្រាប់​ ​សិស្ស​ ​ក៏​ដូចជា​បុគ្គលិក​ក្រុមហ៊ុន​ ​ដើម្បី​បង្ហាញ​ផលិតផល​ ​ឬ ​​​ពី​អ្វី​ដែល​ខ្លួន​បាន​ស្រាវជ្រាវ​​ទៅ​កាន់​អ្នកដទៃ​។ ​​​ទោះបីជា​ ​អ្នក​មាន​ផលិតផល​ល្អ ឬ ​អ្វីៗ​ដែល​សំខាន់​​និង​មាន​ប្រយោជន៍​​យ៉ាងណាក៏ដោយ ​តែ​បើ​ការ​ធ្វើ​បទ​បង្ហាញ​របស់​អ្នក​ខ្សោយ​ ​នោះ​វា​នឹង​ធ្វើ​ឲ្យ​មនុស្ស​ភាគច្រើន​មិន​ចង់​ស្តាប់​​​ឡើយ​ ​ដូច្នេះ​ហើយ​អ្នក​ត្រូវ​តែ​ពង្រឹង​ជំនាញ​ធ្វើ​បទ​បង្ហាញ​នេះ​ឲ្យ​បាន​ប្រសើរ​បំផុត​។​

អ្នក​ត្រូវ​ចងចាំ​គន្លឹះ​សំខាន់ៗ​​ទាំង​នេះ ​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​៖

​១) ​​ស្រាវជ្រាវ​ឲ្យ​បាន​ច្រើន​លើ​ប្រធានបទ​របស់​ខ្លួន​

​មុន​ពេល​ធ្វើ​បទ​បង្ហាញ​ ​ត្រូវ​ប្រាកដ​ថា ​អ្នក​មាន​ចំណេះដឹង​ច្រើន ​ឬ ​យល់​ច្បាស់​អំពី​អ្វី​ដែល​ខ្លួន​ចង់​បង្ហាញ។ បើ​អ្នក​គ្រាន់​តែ​យល់​សើៗ ​​ឬ​ ​មិនសូវ​ច្បាស់​ទេ​​ ​នោះ​នាំ​ឲ្យ​ការ​និយាយ​​របស់​អ្នក​ទៅកាន់​មនុស្ស​ដទៃ​ ​ហាក់​ដូចជា​ ​គ្មាន​ទម្ងន់​ដែល​គ្រប់គ្នា​មិន​ចង់​ស្តាប់​ ​ព្រោះ​ពួកគេ​មិន​ដឹង​ថា ​​និយាយ​ក្នុង​គោលដៅ​អ្វី​។

២) ​កុំ​ឈរ​អាន​ក្រដាស ឬ ​ស្លាយ​ទាំង​ស្រុង

​ការ​ធ្វើ​បទ​បង្ហាញ​ ​ជា​ពន្យល់​ចំណុច​សំខាន់ៗ​​ទៅ​កាន់​អ្នក​ស្តាប់​ ​​ពោល​គឺ​មិនមែន​​ការ​មក​ដើម្បី​ឈរ​អាន​ក្រដាស​ ​ឬ ​ស្លាយ​ទាំង​ស្រុង​ឡើយ ​ព្រោះ​អ្នក​​ដែល​អង្គុយ​មើល​ក៏​អាច​អាន​ដោយខ្លួន​ឯង​បាន​ដែរ តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ការ​ពន្យល់​ពី​ចំណុច​មួយ​​ទៅ​ចំណុច​ទៀត​យ៉ាង​ច្បាស់លាស់​បំផុត​​។ ​​ការ​​​អាន​បែបនេះ​ក៏​បញ្ជាក់​ថា ​អ្នក​គ្មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង​ផង​ដែរ​ ​ដែល​បង្ក​ឲ្យ​បរិយាកាស​ហាក់​ដូចជា ​គ្មាន​ន័យ​។

៣) ​ត្រូវ​ប្រើ​ភ្នែក​ ​និង កាយវិការ​រស់រវើក

​ត្រូវ​ធ្វើ​បទ​បង្ហាញ​ប្រកប​ដោយ​ភាព​ស្វាហាប់​ ​និង ជឿជាក់​លើ​ខ្លួន​ឯង​តាម​រយៈ​ ​ការ​ប្រើប្រាស់​ក្រសែភ្នែក​ដ៏​មុត​ស្រួច​សម្លឹង​ទៅ​កាន់​អ្នកដទៃ​ ​ជា​មួយ​នឹង​កាយវិការ​​​សមសួន​ផង​ដែរ​។ ការ​ប្រើប្រាស់​ក្រសែភ្នែក​ដ៏​មុត​ស្រួច​​បែបនេះ​ ​ដើម្បី​​ធ្វើ​ឲ្យ​អ្នក​មើល​ទាំង​អស់​ផ្ដោត​អារម្មណ៍​លើ​អ្វី​ដែល​អ្នក​កំពុង​និយាយ​។

៤) ​ព្យាយាម​និយាយ​ពាក្យ​សាមញ្ញ​ ​និង ងាយ​យល់​

ជា​ទូទៅ​ ​ការ​ធ្វើ​បទ​បង្ហាញ​​គឺ​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ ​ដូច្នេះ​ហើយ​ដើម្បី​ប្រាកដ​ថា ​ការ​និយាយ​របស់​អ្នក​​ ​​អាច​ជ្រាបចូល​ក្នុង​ខួរក្បាល​របស់​មនុស្ស​​ភាគច្រើន ​​អ្នក​ត្រូវ​តែ​ព្យាយាម​និយាយ​អ្វី​ដែល​សាមញ្ញ ​និង ងាយ​យល់​។ ​បើ​អ្នក​និយាយ​តែ​ពាក្យ​បច្ចេកទេស​ច្រើន​ពេក​ ​នោះ​វា​នាំ​ឲ្យ​​មនុស្ស​មួយ​ចំនួន​មិន​យល់​ ​ហើយ​អ្នក​ក៏​ត្រូវ​ចំណាយ​ពេល​ដើម្បី​បកស្រាយ​ផង​ដែរ​ ​ហើយ​បកស្រាយ​ចុះឡើង​ក៏​ចាក់​ផុត​ពី​ប្រធាន​បទ​បាត់​។ ​

 

ដោយ​៖ ​រតនា​ ​វិចិត្រ​

X
5s