​ឧបសគ្គ​៣​យ៉ាង​ដែល​​គ្រប់គ្នា​​ពិបាក​ជម្នះបំផុត​ តែ​បើ​​ជម្នះ​បាន​គឺ​ដឹង​តែ​ជោគជ័យ​ក្នុង​ជីវិត​



អ្នក​អាច​នឹង​មិន​ដែល​ចាប់​អារម្មណ៍​យកចិត្តទុកដាក់​ពី​ការ​គិត​របស់​ខ្លួន​នោះ​ឡើយ ប៉ុន្តែ​ឥទ្ធិពល​របស់​វា​មក​លើ​ជីវិត​អ្នក តែង​គ្រប​ដណ្ដប់​ពេញ​ដង្ហើម​ជីវិត​របស់​អ្នក។ អ្នក​យល់​ឃើញ​បែប​ណា អ្នក​នឹង​ឆ្លើយតប​បែប​នោះ ហើយ​ការ​ប្រព្រឹត្ត​របស់​អ្នក​បែប​ណា វា​នឹង​កំណត់​នូវ​ផល​ដែល​អ្នក​ទទួល​បាន​បែប​នោះ​ដូច​គ្នា។ ក្នុង​រូបភាព​នៃ​ហេតុការណ៍​មួយ​កើតឡើង រូបភាព​ជាក់​ស្ដែង​ពិត​ប្រាកដ​នៃ​ហេតុការណ៍​នោះ​មាន​តែ​មួយ​នោះ​ទេ ប៉ុន្តែ​រូបភាព​នៅ​ក្នុង​ការ​គិត​របស់​មនុស្ស​ម្នាក់ៗ​វិញ មាន​ភាព​ខុស​ប្លែក​ពី​គ្នា​ទាំងអស់ ដោយ​មិន​អាច​ធ្វើ​ការ​សន្និដ្ឋាន​ជា​មុន​បាន​ថា ការ​យល់​ឃើញ​របស់​អ្នក​នេះ​ត្រឹមត្រូវ ហើយ​ការ​យល់​ឃើញ​របស់​អ្នក​នោះ​មិន​ត្រឹមត្រូវ​នោះ​ឡើយ។ បុគ្គល​ជោគជ័យ​តែង​មាន​ការ​យល់​ឃើញ​វិជ្ជមាន​ដែល​នាំ​ពួកគេ​ឲ្យ​ជោគជ័យ រីឯ​បុគ្គល​បរាជ័យ​វិញ​តែង​មាន​ការ​យល់​ឃើញ​អវិជ្ជមាន​ដែល​នាំ​ពួកគេ​ឲ្យ​បរាជ័យ។ ហេតុនេះ ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ជីវិត គំនិត​ជា​រនាំង​ឧបសគ្គ​៣​យ៉ាង​ខាងក្រោម គឺ​ជា​អ្វី​ដែល​អ្នក​ចាំបាច់​យក​ឈ្នះ​ឲ្យ​បាន​ដាច់​ខាត៖

១) អាយុ៖ បុគ្គល​បរាជ័យ​យល់​ថា អាយុ​របស់​ពួកគេ​គឺ​ជា​កត្តា​កំណត់​ថា​តើ​ខ្លួន​គេ​ជា​នរណា និង​អាច​ធ្វើ​អ្វី​បាន​ខ្លះ។ ពួកគេ​ថែម​ទាំង​យល់​ថា កត្តា​នេះ​ជា​ឧបសគ្គ​ដែល​មិន​អាច​ផ្លាស់ប្ដូរ​ពួកគេ​ទៅ​កាន់​ទី​កន្លែង​ជា​ក្ដី​ប្រាថ្នា​របស់​គេ​បាន​ទៀត​ផង ដូច្នេះ​ក៏​បញ្ចប់​នូវ​ក្ដី​សុបិន​របស់​ខ្លួន​នៅ​ត្រឹម​ឧបសគ្គ​នៃ​អាយុ​ដែល​តាម​ពិត​វា​ជា​លេស​នោះ​ទៅ។ ខុស​ពី​គ្នា​ដាច់​ស្រឡះ បុគ្គល​ជោគជ័យ ប្រគល់​អំណាច​ដល់​បេះដូង​របស់​ពួកគេ និង​ជំនក់​ចិត្ត​របស់​ពួកគេ ជា​អ្នក​ដឹកនាំ​ជីវិត មិនមែន​ជា​សម្បក​កាយ​ដែល​ពួកគេ​តាំង​ទី​លំនៅ​នោះ​ឡើយ។

២) អតីតកាល ឬ​អនាគតកាល៖ គ្មាន​ការ​សោកស្ដាយ​កម្រិត​ណា​ដែល​អាច​ផ្លាស់ប្ដូរ​អតីតកាល​របស់​អ្នក ហើយ​ក៏​គ្មាន​កង្វល់​ខ្វល់ខ្វាយ​កម្រិត​ណា​ដែល​អាច​ផ្លាស់ប្ដូរ​អនាគតកាល​របស់​អ្នក​បាន​ដូច​គ្នា​ដែរ។ បុគ្គល​ជោគជ័យ​ដឹង​ថា រឿង​ដែល​កន្លង​ហួស​ទៅ និង​រឿង​ដែល​មិន​ទាន់​មក​ដល់ គឺ​ជា​អ្វី​ដែល​នៅ​ក្រៅ​អំណាច​គ្រប់គ្រង​របស់​ពួកគេ។ អ្វី​ដែល​ស្ថិត​នៅ​ក្នុង​អំណាច​គ្រប់គ្រង​របស់​ពួកគេ និង​ដែល​ល្អ​បំផុត​សម្រាប់​ពួកគេ​ឆ្លើយតប​ចំពោះ​រឿង​ទាំងនោះ​វិញ គឺ​ជា​ការ​ផ្ដោត​យ៉ាង​ពេញ​ទំហឹង​ក្នុង​ពេល​បច្ចុប្បន្ន ក្នុង​ខណៈ​នេះ ឥឡូវ​នេះ ព្រោះ​ថា​ពួកគេ​នឹង​មិន​អាច​គាស់​រំលើង​សក្ដានុពល​របស់​ខ្លួន​បាន​អស់​នោះ​ឡើយ បើ​ការ​គិត​របស់​គេ​ហោះហើរ​រសាត់​គ្មាន​កោះ​ត្រើយ​នៅ​ទី​ណា​ផ្សេង​នោះ។ លោក Mark Twain ក៏​បាន​និយាយ​ដូច្នេះ​ថា "ការ​បារម្ភ​ខ្វាយខ្វល់​ប្រៀប​បាន​ទៅ​នឹង​ការណ៍​ដែល​អ្នក​សង​នូវ​បំណុល​ដែល​ខ្លួន​មិន​ធ្លាប់​ដែល​បាន​ជំពាក់​ដូច្នោះ"។

៣) សភាពការខាងក្រៅ​របស់​ពិភពលោក៖ សង្គ្រាម​ហិង្សា ការ​កាប់​សម្លាប់​គ្នា សេដ្ឋកិច្ច​ធ្លាក់​ចុះ គ្រោះ​ទុរភិក្ស​ជា​ដើម ដោយ​ចូល​ទៅ​ពិចារណា​ឲ្យ​ជ្រៅ​បន្តិច​ទៅ ហេតុការណ៍​ទាំងនេះ សុទ្ធ​តែ​ជា​វដ្ដ​នៃ​ហេតុការណ៍​ដែល​កើតឡើង​ដដែលៗ​ម្ដង​ហើយ​ម្ដង​ទៀត។ ជា​ការ​ខាតបង់​ដ៏​ខ្ជះខ្ជាយ​បំផុត ដែល​ទៅ​យកចិត្តទុកដាក់​ខ្វាយខ្វល់​រឿង​ដែល​នៅ​ក្រៅ​អំណាច​គ្រប់គ្រង​របស់​ខ្លួន​នោះ។ ងាក​មក​អ្វី​ដែល​បុគ្គល​ជោគជ័យ​ឆ្លើយតប​ចំពោះ​ហេតុការណ៍​ទាំងនេះ​វិញ គឺ​ពួកគេ​នឹង​ផ្ដោត​ទៅ​លើ​អ្វី​ដែល​ខ្លួន​គ្រប់គ្រង​បាន ជា​ការ​បូជា​កម្លាំង​កាយ​ចិត្ត និង​ពេលវេលា​មាន​ទាំង​ប៉ុន្មាន​ផ្ដោត​ទៅលើ​ផ្នែក​វិជ្ជមាន​នៃ​ជីវិត និង​ផ្ដោត​ការ​ប្រើប្រាស់​ភាព​តស៊ូ​ខិតខំ​របស់​ខ្លួន ធ្វើ​នូវ​អ្វី​ដែល​សេសសល់​សម្រាប់​ខ្លួន​ធ្វើ​បាន ដើម្បី​បង្កើន​គុណភាព​នៃ​ជីវិត និង​អភិវឌ្ឍ​ពិភពលោក​ជុំវិញ​ខ្លួន​ក្លាយ​ជា​កន្លែង​ដ៏​ល្អ​ប្រសើរ​សម្រាប់​មនុស្ស​រស់នៅ៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ cnbc

X
5s