បើមិនសូវមានភាពជឿជាក់លើខ្លួនឯង គួរអនុវត្តចំណុចទាំង៣នេះ!
ភាពជឿជាក់ គឺជាចំណុចសំខាន់មួយដែល មនុស្សគ្រប់រូបត្រូវការ មិនអាចខ្វះបាន។ មិនថា ការបំពេញការងារ ឬ ការសិក្សាទេ នៅពេលដែលអ្នកគ្មានទំនុកចិត្ត ឬ ជឿជាក់លើខ្លួនឯង អ្នកនឹងប្រឈមនឹងការបរាជ័យ ព្រោះជាធម្មតាទេ នៅពេលដែលគ្មានការជឿជាក់ អ្នកនឹងមិនអាចបញ្ចេញសកម្មភាពឲ្យអស់ពីចិត្ត និង សមត្ថភាពឡើយ ព្រោះតែភាពភ័យខ្លាច ឬ ស្ទាក់ស្ទើរ។ ដើម្បីទទួលបានការជឿជាក់លើខ្លួនឯង អ្នកអាចសាកល្បងអនុវត្តចំណុចទាំងនេះ៖
១) គោលដៅត្រូវតែច្បាស់៖ នៅពេលធ្វើអ្វីមួយ ប្រសិនបើអ្នកមិនបានកំណត់គោលដៅឲ្យបានច្បាស់នោះទេ វានឹងធ្វើឲ្យអ្នកធ្វើការងារនោះទាំងទទឹងទិស មានន័យថា អ្នកកំពុងដើរក្នុងទីងងឹត ដោយមិនដឹងថា ទៅទីណាឲ្យប្រាកដ។ ដើម្បីជៀសវាងបញ្ហានេះ អ្នកត្រូវតែច្បាស់លាស់ចំពោះអ្វីដែលអ្នកចង់ធ្វើ ហើយធ្វើវាដោយរបៀបណា។ ការកំណត់បែបនេះ នឹងធ្វើឲ្យអ្នកមានភាពជឿជាក់លើខ្លួនឯងមិនខាន។
២) ចាប់ផ្តើមពីតូចទៅធំ៖ គ្មាននរណាម្នាក់កើតមក អាចចេះដោយមិនបាច់រៀននោះឡើយ។ មានន័យថា អ្វីៗគឺត្រូវចាប់ផ្តើមពីតូចទៅធំ ទើបអ្នកអាចដំណើរការអ្វីៗបានយ៉ាងរលូន។ ប្រសិនបើអ្នក ចាប់ផ្តើមជាមួយនឹងរឿងធំ ដោយមិនឆ្លងកាត់រឿងតូចៗទេនោះ ប្រាកដណាស់ថា អ្នកនឹងប្រឈមនឹងភាពបរាជ័យ ហើយធ្វើឲ្យខ្លួនឯងបាត់បង់ភាពជឿជាក់។ ដូច្នេះហើយ មិនគួរអន្ទះសាចង់ធ្វើការងារធំ ដោយមិនបានយល់អំពីការងារតូចៗនោះទេ ហើយត្រូវចាំថា «ស៊ូធ្វើពីតូចទៅធំ គឺមិនមែនពីធំមកតូចវិញនោះទេ»។
៣) គិតវិជ្ជមាន៖ ការគិតពិតជា សំខាន់ណាស់ ព្រោះបើគិតថា ល្អវានឹងល្អ តែបើគិតថា អាក្រក់ប្រាកដជាចេញសកម្មភាពមិនល្អដែរ។ ក្នុងការសាងភាពជឿជាក់ឲ្យខ្លួនឯង អ្នកពិតជាមិនអាច មើលរំលងលើការ គិតបែបវិជ្ជមាននោះឡើយ ព្រោះបើអ្នកគិតថា មិនអាចទៅរួច នោះវានឹងធ្វើឲ្យអារម្មណ៍របស់អ្នកកាន់តែស្មុគស្មាញ ហើយកាន់តែធ្វើឲ្យទំនុកចិត្តកាន់តែធ្លាក់ចុះ។ ប៉ុន្តែបើគិតថា ទៅរួចនោះវានឹងធ្វើឲ្យអ្នកមានកម្លាំងចិត្តក្នុងការជំនះការលំបាករហូតសម្រេចតាមបំណង៕