មិនគួរនិយាយពាក្យទាំង៥ឃ្លានេះ ទៅកាន់ចៅហ្វាយនាយរបស់អ្នកឡើយ
ភាពស្មោះត្រង់គឺជាចំណុចសំខាន់ដែលបុគ្គលិកម្នាក់ៗគួរតែមាន តែវាមានភាពខុសគ្នាពីការនិយាយត្រង់ ព្រោះថាបើអ្នកនិយាយត្រង់ដោយមិនស្គាល់ពីកាលៈទេសៈ អ្នកក៏អាចជួបនឹងបញ្ហាជាច្រើនផងដែរ ជាពិសេសបើអ្នកនិយាយទៅកាន់ចៅហ្វាយនាយរបស់អ្នក។ អ្នកគួរតែប្រុងប្រយ័ត្នចំពោះពាក្យសម្ដីប៉ុន្មានឃ្លាខាងក្រោមនេះ៖
១) «ខ្ញុំសុំចេញទៅមុនហើយ ព្រោះអស់មានអ្វីដែលធ្វើទៀតនោះទេ»
វាមិនមែនជាបញ្ហាអ្វីធំដុំដែលអ្នកសុំចេញទៅមុននោះទេ តែជាទូទៅគឺចៅហ្វាយនាយចង់ឃើញពីការខិតខំប្រឹងប្រែងរបស់អ្នកចំពោះក្រុមហ៊ុនរបស់ពួកគេ។
២) «វាមិនអាចទៅរួចនោះទេ»
ចៅហ្វាយនាយរបស់អ្នកមិនចង់ឃើញភាពអវិជ្ជមាននៅក្នុងខ្លួនអ្នកនោះទេ ហើយការដែលអ្នកនិយាយបែបនេះ វាអាចជាការបំបាក់ទឹកចិត្តទៅដល់អ្នកដែលផ្ដើមគំនិត។
៣) «ខ្ញុំគ្មានដំណោះស្រាយចំពោះបញ្ហានេះនោះទេ»
បើសិនជាអ្នកគ្មានដំណោះស្រាយចំពោះបញ្ហាដែលអ្នកលើកឡើងនោះ អ្នកគួរតែមិនបាច់និយាយពីវាទើបល្អជាជាង ព្រោះចៅហ្វាយនាយចង់បានបុគ្គលិកដែលចេះជួយដោះស្រាយពីបញ្ហា មិនមែនរអ៊ូរទាំពីបញ្ហានោះទេ។
៤) «ខ្ញុំធុញណាស់»
អ្នកអាចនិយាយឃ្លានេះជាមួយអ្នកណាក៏បានតែហាមនិយាយជាមួយចៅហ្វាយនាយរបស់អ្នកឲ្យសោះ។
៥) «ខ្ញុំមិនអាចធ្វើជាមួយអ្នកនេះឬអ្នកនោះបានទេ»
អ្នកត្រូវតែចេះរៀនសម្របសម្រួលខ្លួនតាមស្ថានភាព មិនមែននិយាយថាទេរហូតនោះទេ៕