កញ្ញា ជាតិ សុខហួន អតីតសិស្សនិទ្ទេស A ឆ្នាំ២០១៨៖ គន្លឹះ ៤ យ៉ាងត្រៀមខ្លួនមុនពេលប្រលងបាក់ឌុប
ដើម្បីជំរុញទឹកចិត្តសិស្សប្អូនជំនាន់ក្រោយ ក្នុងការសិក្សារៀនសូត្រ ដើម្បីឲ្យទទួលបានលទ្ធផលល្អ ជាពិសេសប្អូនៗថ្នាក់ទី១២ដែលនឹងត្រូវប្រលងថ្នាក់ជាតិនាខែធ្នូខាងមុខនេះ កញ្ញា ជាតិ សុខហួន អតីតសិស្សនិទ្ទេស A ឆ្នាំ២០១៨ ចែករំលែកគន្លឹះ ៤ យ៉ាងខាងក្រោមនេះ ដើម្បីត្រៀមខ្លួន មុនពេលប្រលងបាក់ឌុបឲ្យកាន់តែមានប្រសិទ្ធភាព។
១. មានគោលដៅច្បាស់លាស់
ការចាប់ផ្ដើមដំបូងគេ គឺការរៀបចំគោលដៅរបស់ខ្លួនឲ្យច្បាស់លាស់។ អ្នកត្រូវដឹងពីអ្វីដែលចង់បាន ថាតើគោលដៅចម្បងអ្វី ដែលជំរុញចិត្តអ្នកឲ្យចង់រៀន ហើយតើអ្នកប៉ងចង់ទទួលបាននិទ្ទេសអ្វី ហើយចង់សម្រេចបានអ្វីខ្លះបន្តទៀត? ឧទាហរណ៍ អ្នកចង់បាននិទ្ទេស A ចង់បានអាហារូបករណ៍ ឬចង់ទៅសិក្សានៅក្រៅប្រទេសជាដើម។
អ្នកគួរតែមានកូនសៀវភៅតូចមួយ ទុកសម្រាប់កត់ត្រារាល់អ្វីដែលអ្នកចង់បានពេលរៀន ពេលរៀនចប់ រួមទាំងអ្វីដែលអ្នកធ្លាប់បានសម្រេចបានពីពេលមុនៗ។ ការធ្វើបែបនេះជួយរំលឹកអ្នកឲ្យចងចាំ និងធ្វើឲ្យអ្នកផ្សារភ្ជាប់ខ្លួនទៅនិងគោលដៅរបស់អ្នក។ ការដែលកត់ត្រាអ្វីដែលអ្នកធ្លាប់បានធ្វើ អាចជួយអ្នកឲ្យមានកម្លាំងចិត្តប្រឹងប្រែង និងអភិវឌ្ឍខ្លួនបន្តទៅមុខទៀត។
២. រៀបចំកាលវិភាគសិក្សា
អ្នកត្រូវបែងចែកឲ្យដាច់រវាងម៉ោងរៀន និងម៉ោងសម្រាក។ ហើយចំពោះម៉ោងរៀនក៏ត្រូវបែកចែកតាមមុខវិទ្យាផ្សេងៗ ផងដែរ។ ជាក់ស្ដែង ក្នុងថ្នាក់វិទ្យាសាស្រ្ត មុខវិជ្ជាដែលត្រូវសិក្សាមាន ០៧ មុខដូចជា គណិតវិទ្យា រូបវិទ្យា ជីវវិទ្យា គីមីវិទ្យា និងភាសាខ្មែរ ភាសាអង់គ្លេស និងប្រវត្តិវិទ្យា។ មុខវិជ្ជាទាំងអស់នេះអ្នកត្រូវរៀនឲ្យបានច្រើន និងផ្ដោតខ្លាំងទៅលើមុខវិជ្ជាមួយណាដែលអ្នកមិនសូវពូកែ។ ក្រៅពីការសិក្សា អ្នកក៏គួរមានពេលសម្រាកគ្រប់គ្រាន់សម្រាប់ខ្លួនឯងផងដែរ។
៣. ការអនុវត្ត
បន្ទាប់ពីមានការរៀបចំកាលវិភាគត្រឹមត្រូវហើយ អ្នកត្រូវយកវាមកអនុវត្តជាក់ស្ដែង។ អ្នកគួររៀនធ្វើលំហាត់ឲ្យបានច្រើន គ្រូរៀនដល់មេរៀនណា ស្រង់លំហាត់ពីមេរៀននោះមកធ្វើ ហើយបើអាចគួររៀនធ្វើលំហាត់ក្នុងមេរៀនឲ្យបានមុនគ្រូបង្រៀនទៀត។ ក្រៅពីរៀនធ្វើលំហាត់ អ្នកត្រូវរៀនឆ្លើយសំណួរតាមមេរៀន និងអានរឿងអក្សរសិល្ប៍ខ្មែរឲ្យបានច្រើនដែលជួយអ្នកឲ្យមានគំនិតរៀបរាប់ច្រើននៅពេលប្រលង។
នៅក្នុងការអនុវត្តនេះ អ្នកអាចរៀនដោយខ្លួនឯង និងរៀនជាក្រុមជាមួយមិត្តភក្ដិ។ ការរៀនជុំគ្នាជាមួយមិត្តភក្ដិអាចជួយអ្នកឲ្យឆាប់ចាំ និងឆាប់យល់មេរៀន។ អ្នកគួរព្យាយាមចំនាយពេលអនុវត្តឲ្យបានច្រើន រៀនធ្វើវិញ្ញាសាប្រលងដែលធ្លាប់ចេញកាលពីឆ្នាំមុនៗ និងកំណត់ពេលវេលាដូចគ្នាឲ្យដូចការប្រលងមែនទែន នោះអ្នកនឹងដឹងពីសមត្ថភាពខ្លួនឯងថាអ្នកអាចធ្វើបានកម្រិតណា។
៤. ត្រូវមានទំនុកចិត្តលើខ្លួនឯង
ក្រោយពីមានការរៀបចំខ្លួនគ្រប់គ្រាន់ រួចរាល់ហើយ អ្នកត្រូវមានទំនុកចិត្តលើខ្លួនឯង ត្រូវជឿជាក់លើខ្លួនឯងថាអាចធ្វើបាន តាំងអារម្មណ៍ឲ្យនឹងនរ នៅពេលប្រលង។ ហើយត្រូវថែរក្សាសុខភាពឲ្យល្អ គេងឲ្យបានគ្រប់គ្រាន់ ញ៉ាំអារហារដែលមិនប៉ះពាល់ដល់សុខភាព ដើម្បីជៀសវាងការមានបញ្ហាមុនពេល ក៏ដូចជាកំឡុងពេលប្រលង៕
ដោយ៖ សុធារ៉ា