គតិ ​៧ឃ្លា ​របស់គ្រូបង្រៀនចិត្តវិញ្ញាណ​ហិណ្ឌូ​ លោក Sri Nisargadatta Maharaj ដែល​អ្នកគួរយកទៅត្រិះរិះ​​



ថ្ងៃនេះ​យើង​បាន​ប្រមូល​ផ្ដុំ​នូវ​គតិ​ចំនួន​ ៧ឃ្លា​ របស់ Sri Nisargadatta Maharaj ដែល​ជា​គ្រូ​បង្រៀនចិត្តវិញ្ញាណហិណ្ឌូ​មួយ​រូប ​ដែល​ការ​និយាយ​របស់​គាត់​ត្រូវ​បាន​គេ​ចងក្រង​ក្លាយ​ជា​សៀវភៅ​ដ៏​ល្បីល្បាញ​មួយ​ក្បាល​ដែល​មាន​ចំណងជើង​ថា I Am That៖

១) «ការដឹង​ថា​អ្នក​ជា​ទាសករ​នៃ​ការគិត​របស់​អ្នក​គឺជា​ការ​ចាប់ផ្ដើមពន្លក​នៃ​បញ្ញា។»

២) «យើង​រំលង​ហួស​អ្វី​ដែលជាការ​ពិត​ដោយ​​ខ្វះ​នូវ​ការ​ផ្ចង់​សតិ ហើយ​បង្កើត​អ្វី​ដែល​មិន​ពិត​ដោយ​ការ​ស្រមើស្រមៃ​ហួសហេតុ។»

៣) «អ្នក​មិន​អាច​ផ្លាស់ប្ដូរ​ព្រឹត្តិការណ៍​បាន​នោះ​ទេ តែ​អ្នក​អាច​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់​អ្នក​បាន ហើយ​អ្វី​ដែល​សំខាន់នោះ​គឺជា​ឥរិយាបថ​មិនមែន​ជា​ព្រឹត្តិការណ៍​នោះ​ឡើយ។»

៤) «បើ​អ្នក​ចង់ស្វែងរក​ការពិត អ្នក​ត្រូវ​ដក​ខ្លួនឯង​ចេញ​ពី​រាល់​ប្រវត្តិរូប​របស់​អ្នក​ទាំងអស់ រាល់​វប្បធម៌​ទាំងអស់ និង​រាល់​គំរូ​នៃ​ការ​គិត​និង​អារម្មណ៍​ទាំងអស់។ សូម្បីតែ​ទស្សន​ជា​បុរស​ឬ​ស្ត្រី ឬ​សូម្បីតែ​ជា​មនុស្ស​ក៏​គួរតែ​ត្រូវ​បាន​កម្ចាត់​ចោល​ដែរ។ សមុទ្រ​នៃ​ជីវិត​រាប់​បញ្ចូល​ទាំងអស់ មិនមែន​តែ​មនុស្ស​នោះ​ឡើយ។ ដូច្នេះ​ហើយ ដំបូង​បង្អស់​ត្រូវ​បោះចោល​នូវ​រាល់​អត្តសញ្ញាណ​ទាំងអស់​របស់​ខ្លួន ឈប់​គិត​ខ្លួនឯង​ថា​ជា​បែបនេះ​ឬ​បែប​នោះ។ បោះចោល​រាល់​ការ​ខ្វាយខ្វល់​ទាំងអស់​អំពី​ខ្លួនឯង កុំ​ខ្វល់ខ្វាយ​ពី​ទ្រព្យសម្បត្តិ​របស់​អ្នក រូបធាតុ ឬ​វិញ្ញាណ បោះចោល​រាល់​ការ​ចង់​បាន​ទាំងអស់ មិនថា​ធំ​ឬ​តូច ឈប់​គិត​ពី​សមិទ្ធផល​គ្រប់​ប្រភេទ​ទាំងអស់។ អ្នក​នៅ​ទីនេះ​ឥឡូវ​នេះ​ទាំងស្រុង អ្នក​មិន​ត្រូវការ​អ្វី​ទាំងអស់។»

៥) «កុំ​ពឹងផ្អែក​ទៅលើ​ការគិត​របស់​អ្នក​ដើម្បី​សេរីភាព។ ​ការគិត​នេះឯង​ដែល​នាំ​ឲ្យអ្នក​ជាប់​​ចំណង។ ចូរ​ទៅ​រំលង​ហួស​វា​ទាំងស្រុង។»

៦) «មិន​ពាក់ព័ន្ធ​អ្វី​ជាមួយ​នឹង​ការ​ខិតខំ​ប្រឹងប្រែង​នោះ​ឡើយ។ គ្រាន់តែ​ងាក​ចេញ ហើយ​សម្លឹង​មើល​ចន្លោះ​ការគិត ជាជាង​សម្លឹង​មើល​ការ​គិត។ នៅពេល​អ្នក​ត្រូវ​ដើរ​នៅ​ក្នុង​ចំណោម​មនុស្ស​អ៊ូអរ អ្នក​មិន​វាយ​គ្រប់​មនុស្ស​ទាំងអស់​ដែល​អ្នក​ជួប​នោះ​ឡើយ អ្នក​គ្រាន់តែ​ស្វែងរក​ផ្លូវ​របស់​អ្នក​នៅ​ចន្លោះ​នោះ​តែ​ប៉ុណ្ណោះ។ នៅពេល​អ្នក​វាយ អ្នក​អញ្ជើញ​នូវ​ការ​វាយត្រលប់។ ប៉ុន្តែ​បើ​អ្នក​មិន​ប្រឆាំង អ្នក​មិន​ជួប​ការ​ប្រឆាំង​អ្វី​នោះ​ឡើយ។ នៅពេល​អ្នក​បដិសេធ​មិន​លេង​ល្បែង អ្នក​នឹង​ស្ថិត​នៅ​ខាងក្រៅ​រង់ល្បែង។»

៧) «មាន​ពេលខ្លះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​គឺជា​អ្វីៗ​ទាំងអស់ ខ្ញុំ​ហៅ​វា​ថា​ជា​ក្ដី​ស្រឡាញ់។ មាន​ពេលខ្លះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​មិនមែន​ជា​អ្វី​ទាំងអស់ ខ្ញុំ​ហៅ​វា​ថា​ជា​បញ្ញា។ នៅ​ចន្លោះ​រវាង​ក្ដី​ស្រឡាញ់​និង​បញ្ញា ជីវិត​របស់​ខ្ញុំ​ហូរ​ទៅ​ជា​បន្តបន្ទាប់។»

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទស្សន​ជីវិត​ចំនួន​៩ឃ្លា ដែល​អាច​ធ្វើឲ្យ​អ្នក​ចាប់ផ្ដើម​រស់នៅ​ជា​ខ្លួនឯង​ពិត​ប្រាកដ

X
5s