បង្កើនភាពជឿជាក់លើខ្លួនឯងម្តងទៀតតាមរយៈវិធីទាំង ០៥ នេះ​


ប្រភពរូបភាព៖ Pexels

បើអ្នកមានអារម្មណ៍ថាអ្នកដូចជាមនុស្សបរាជ័យ ខឹង និងតូចចិត្តចំពោះខ្លួនឯង លែងចង់ចាប់ផ្ដើមធ្វើអ្វីបន្តទៀត នោះអ្នកកំពុងបាត់បង់ជំនឿលើខ្លួនឯងហើយ។ ជំនឿចិត្តងាយនឹងបាត់បង់ បើអ្នកមិនមានកម្លាំងចិត្តគ្រប់គ្រាន់ក្នុងការថែរក្សា និងកសាងវាបន្ថែមឲ្យកាន់តែរឹងមាំ។

តែនោះមិនមែនជាបញ្ហាទេ ខាងក្រោមនេះនឹងរៀបរាប់ពីរបៀបទាំង ០៥ យ៉ាង ដែលអាចជួយឲ្យអ្នកត្រឡប់មកជឿជាក់លើខ្លួនឯងម្តងទៀតបាន។

១. ទទួលស្គាល់ភាពបរាជ័យ

ដោយសារតែការរីករាលដាលនៃជំងឺរាតត្បាតពិភពលោកនាពេលបច្ចុប្បន្ននេះ មនុស្សរាប់លាននាក់ បានបាត់បង់ចំណូលប៉ះពាលល់ដល់ជីវភាព ការងារ ក៏ដូចជាសេចក្តីថ្លៃថ្នូរ និងការជឿជាក់លើតម្លៃខ្លួនឯង។ ដោយសារតែការរីករាលដាលនៃមេរោគឆ្លងនេះ សហគ្រិន និងអ្នកធ្វើការ ប្រឈមនឹងបញ្ហាដ៏ធំមួយ ដើម្បីរកចំណូលប្រចាំថ្ងៃ និងរក្សាអាជីវកម្មរបស់ពួកគេឱ្យនៅតែបន្តរីកលូតលាស់។

អ្នកប្រហែលជាមានអារម្មណ៍មិនត្រឹមតែខ្លាចប៉ះពាល់សុខភាព និងសុវត្ថិភាពរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏មានការព្រួយបារម្ភអំពីអាជីវកម្ម និងការងាររបស់អ្នកផងដែរ។

ការពិតដ៏អាក្រក់គឺថា ពេលខ្លះការបរាជ័យគឺជាកំហុសរបស់អ្នក តែពេលខ្លះវាមិនមែនជាកំហុសអ្នកទេ។ រៀនស្គាល់ភាពខុសគ្នារវាងចំណុចទាំងពីរនេះ និងឆ្ពោះទៅមុខបន្តទៀត។

 ២. រៀនពីកំហុសរបស់អ្នកហើយកុំធ្វើវាម្តងទៀត

នៅពេលដែលអ្នកសាងកំហុស ជាពិសេសគឺអ្វីដែលធ្វើឱ្យអ្នកខាតពេលវេលា ឬហិរញ្ញវត្ថុជាដើម សំខាន់គឺថា មិនមែនដោយសារតែកំហុសខ្លួនឯងនោះទេ។ វាគឺជាការចេះបោះបង់ភាពស្ដាយក្រោយនៃការធ្វើឲ្យមានកំហុសនោះ។

យើងត្រូវមានភាពក្លាហាន អភ័យទោសឱ្យខ្លួនឯង ក៏ដូចជាអភ័យទោសឱ្យមនុស្សផ្សេងទៀតដែលធ្វើបាបយើង ឬធ្វើឲ្យយើងមានកំហុស។

អ្នកអាចនឹងគិតថា "ចុះបើបែបនេះ បែបនោះ?" ហើយស្ពាយភាពស្ដាយក្រោយជាមួយខ្លួនឯងជារៀងរហូត ប៉ុន្តែក្នុងករណីភាគច្រើន វាមិនអាចជួយអ្នកផ្លាស់ប្តូរស្ថានភាព ឲ្យបានប្រសើរឡើងទេ។ ចងចាំថាមនុស្សគ្រប់គ្នាធ្វើខុស ហើយអ្វីដែលល្អបំផុត ដែលយើងអាចធ្វើបាន គឺរៀនពីកំហុសនោះ ហើយយកវាជាកម្លាំងចិត្តប្រឹងប្រែងបន្តទៀត។

៣. ផ្តោតលើគោលដៅពិតថ្មីរបស់អ្នក

ការដឹងពីអ្វីដែលអ្នកចង់បាន ពិតជាជួយអ្នកឱ្យយល់ពីមូលហេតុអ្វីដែលអ្នកកំពុងព្យាយាមរស់នៅ អ្វីដែលអ្នកត្រូវការ និងអ្វីដែលអ្នកត្រូវធ្វើឱ្យបានទៀងទាត់ប្រចាំថ្ងៃ។

នៅពេលអ្នកឈានដល់ការយល់ដឹងកាន់តែស៊ីជម្រៅអំពីខ្លួនឯង គោលដៅ ក្តីសុបិន្ត និងគុណតម្លៃពិតរបស់អ្នក អ្នកអាចគោរពខ្លួនឯងកាន់តែខ្លាំង ហើយធ្វើការសម្រេចចិត្តដែលមានអត្ថប្រយោជន៍សម្រាប់ការលូតលាស់របស់អ្នក។

ការពិតគឺ ពេលខ្លះហេតុផលដែលយើងបរាជ័យ គឺដោយសារតែយើងធ្វើអ្វីដែលយើងមិនចង់។ ត្រូវប្រាកដថា អ្នកនឹងដើរតាមគោលដៅដែលអ្នកចង់បាន ព្រោះថាដូចដែល Stephen Covey និយាយថា "កុំឡើងជណ្តើរនៃភាពជោគជ័យ ដើម្បីគ្រាន់តែដឹងថាជណ្ដើរនោះកំពុងតែឈរប្រឆាំងនឹងជញ្ជាំងដែលខុស។ "

៤. រីករាយជាមួយនិងការសម្រេចការងារតូចៗដែលអ្នកបានធ្វើ

ទំលាប់មួយដែលធ្វើឱ្យអន្តរាយដល់តម្លៃខ្លួនឯង គឺការជឿជាក់ថា "អ្នកនឹងសប្បាយចិត្តនៅពេលអ្នកបានសម្រចនេះ ឬទៅដល់នោះ" ។ នៅពេលអ្នកឈានដល់គោលដៅ A បន្ទាប់មកអ្នកអាចឱ្យខ្លួនឯងមានអារម្មណ៍រីករាយ។ នេះគឺជាអន្ទាក់ខាងផ្លូវចិត្តព្រោះនៅពេលដែលអ្នកឈានដល់គោលដៅ A ភ្លាមអ្នកប្រាប់ខ្លួនឯងភ្លាមថា អ្នកត្រូវតែយកគោលដៅ B មួយទៀតទើបអ្នកពេញចិត្ត ។

ចាប់ផ្ដើមផ្តល់រង្វាន់ដល់ខ្លួនអ្នក នៅពេលអ្នកបានសម្រេចនូវភារកិច្ច ឬគោលដៅតូចៗ។ ឧទាហរណ៍បន្ទាប់ពីខ្ញុំបានសរសេរអត្ថបទនេះចប់ ខ្ញុំនឹងផ្តល់រង្វាន់ដល់ខ្លួនខ្ញុំ នូវភេសជ្ជៈមួយកែវដែលជំនួយដល់សុខភាពខួរក្បាលរបស់ខ្ញុំ។

ការអបអរសាទរ ការសម្រេចនូវសមទ្ធិផលតូចៗដែលយើងបានធ្វើ ជួយឱ្យយើងឈានទៅមុខ ពីព្រោះវាអនុញ្ញាតឱ្យយើងមានអារម្មណ៍ថាសកម្មភាពរបស់យើងត្រូវបានទទួលស្គាល់ បើទោះបីជា ទទួលស្គាល់ដោយអ្នកដទៃ ឬក៏ដោយខ្លួនយើងផ្ទាល់ក៏ដោយ។

៥. ស្វែងរកអ្នកណែនាំ​​ សម្រាប់ខ្លួនអ្នក

អ្នកណែនាំអ្នក គឺជាមនុស្សដែលជឿជាក់លើអ្នក នៅពេលអ្នកមិនជឿលើខ្លួនឯង។ អ្នកណែនាំត្រឹមត្រូវ នឹងជួយអ្នកឱ្យបង្កើតផែនការសកម្មភាព រកឧបករណ៍ត្រឹមត្រូវក្នុងការបំពេញការងារ និងផ្តល់ការគាំទ្រដែលអ្នកត្រូវការ ដើម្បីឈានដល់គោលដៅរបស់អ្នក។

ស្វែងរកនរណាម្នាក់ដែលមានចំណេះដឹង និងបទពិសោធន៍ទាក់ទងនឹងអ្វីដែលអ្នកកំពុងចង់ធ្វើការផ្លាស់ប្តូរ។ មនុស្សខ្លះជំទាស់ថា អ្នកគួរតែមានគ្រូបង្វឹក ឬអ្នកណែនាំតែម្នាក់។ នោះអាចជាការពិតក្នុងករណីខ្លះ។ ទោះជាយ៉ាងណាក៏ដោយ សូម្បីតែអត្តពលិកល្បីៗ នៅលើពិភពលោកក៏មានគ្រូបង្វឹកជាច្រើនសម្រាប់ឯកទេសផ្សេងៗគ្នាដែរ។ ឧទាហរណ៍ពួកគេអាចមានគ្រូបង្វឹកកម្លាំង គ្រូបង្វឹកអាហារូបត្ថម្ភ និងគ្រូបង្វឹកដែលមានភាពបត់បែន។ ការស្គាល់អ្នកណែនាំត្រឹមត្រូវ អាចជួយអ្នកឱ្យផ្លាស់ប្តូរទស្សនៈរបស់អ្នក និងដឹកនាំអ្នកឱ្យជឿលើខ្លួនឯងម្តងទៀត។

 

ដោយ៖ សុធារ៉ា

 

ប្រភព៖ Entrepreneur

 

X
5s