គតិបណ្ឌិតចំនួន ៥ឃ្លា ពីគ្រូព្រះពុទ្ធសាសនារបស់ទីបេ Sogyal Rinpoche និងជាអ្នកនិពន្ធសៀវភៅ The Tibetan Book of Living and Dying
ថ្ងៃនេះយើងបានចងក្រងនូវគតិបណ្ឌិតចំនួន ៥ឃ្លា ពី Sogyal Rinpoche ដែលជាគ្រូព្រះពុទ្ធសាសនារបស់ទីបេ និងជាអ្នកនិពន្ធសៀវភៅដែលស្ថិតក្នុងចំណោមតារាងសៀវភៅលក់ដាច់ជាងគេមួយគឺ The Tibetan Book of Living and Dying:
១) «យើងត្រូវបានបាក់បែកជាផ្នែកខុសគ្នាជាច្រើន។ យើងមិនដឹងថាយើងគឺជានរណានោះឡើយ ឬក៏ថាតើផ្នែកណាមួយនៃខ្លួនយើងដែលយើងគួរតែកត់សម្គាល់ជាមួយឬជឿជាក់ទៅលើនោះឡើយ។ សំឡេង ការគ្រប់គ្រង និងអារម្មណ៍ដែលប្រឆាំងគ្នាជាច្រើន ដែលបានប្រយុទ្ធគ្នាដើម្បីក្លាយជាម្ចាស់ទៅលើជីវិតខាងក្នុងរហូតទាល់តែយើងបានរកឃើញខ្លួនឯងបែកខ្ញែកពាសពេញគ្រប់ទីកន្លែង នៅគ្រប់ទិសដៅ និងមិនសល់នរណាម្នាក់នៅក្នុងផ្ទះសោះ។ សមាធិគឺជាការនាំយកចិត្តត្រឡប់មកផ្ទះវិញ។»
២) «ប្រហែលជាមូលហេតុដែលជ្រៅបំផុតថាហេតុអ្វីបានជាពួកយើងភ័យខ្លាចការស្លាប់ គឺដោយសារតែយើងមិនដឹងថាយើងជានរណា។ យើងជឿទៅលើអត្តសញ្ញាណផ្ទាល់ខ្លួន ខុសប្លែកពីគេ និងដាច់ដោយឡែកពីគេ ប៉ុន្តែបើសិនជាយើងហ៊ានត្រួតពិនិត្យមើលវា យើងនឹងរកឃើញថាអត្តសញ្ញាណនេះពឹងផ្អែកទាំងស្រុងទៅលើការប្រមូលផ្ដុំគ្នាមិនមានទីបញ្ចប់នៃអ្វីៗទាំងឡាយដើម្បីទ្រទ្រង់វាឡើង ដូចជាឈ្មោះរបស់យើង ជីវប្រវត្តិរបស់យើង ដៃគូរបស់យើង គ្រួសារ ផ្ទះ ការងារ មិត្តភ័ក្ដិ កាតធនាគារជាដើម។ គឺនៅលើការគាំទ្រដែលទន់ខ្សោយឬមិនឋិតថេររបស់ពួកវាដែលយើងពឹងអាស្រ័យសម្រាប់សុវត្ថិភាពរបស់យើង។ ដូច្នេះហើយនៅពេលដែលពួកវាត្រូវបានដកចេញទាំងអស់ តើយើងនឹងមានការយល់ឃើញបែបណាដែរទេថាតើយើងគឺជានរណា ?»
៣) «ដោយមិនមានការគាំទ្រពីគ្រួសារ យើងប្រឈមមុខតែជាមួយខ្លួនឯងប៉ុណ្ណោះ មនុស្សម្នាក់ដែលយើងមិនដែលស្គាល់ មនុស្សចម្លែកម្នាក់ដែលធ្វើឲ្យអ្នកមិនស្រណុកចិត្តដែលយើងតែងតែរស់នៅជាមួយគ្រប់ពេល ប៉ុន្តែដែលយើងមិនចង់ជួបជាមួយប៉ុន្មាននោះឡើយ។ តើវាមិនមែនជាមូលហេតុដែលយើងព្យាយាមបំពេញរាល់ខណៈពេលនៃពេលវេលាជាមួយនឹងសំឡេងអ៊ូអរនិងសកម្មភាព មិនថាជាគួរឲ្យធុញទ្រាន់ឬឥតប្រយោជន៍យ៉ាងណា ដើម្បីប្រាកដថាយើងមិនត្រូវបានទុកចោលនៅក្នុងភាពស្ងប់ស្ងាត់ជាមួយនឹងមនុស្សចម្លែកនេះដោយខ្លួនឯងទេឬ ?»
៤) «មនុស្សពីរនាក់បានរស់នៅក្នុងខ្លួនអ្នកពេញមួយជីវិតរបស់អ្នក។ មួយគឺជាអត្តា និយាយច្រើន ទាមទារចង់បាន ធ្វើតាមអារម្មណ៍ និងថ្លឹងថ្លែងខាតចំណេញ។ មួយទៀតគឺជាអត្ថិភាពវិញ្ញាណ ដែលសំឡេងនៅស្ងៀមនៃបញ្ញារបស់វាអ្នកគ្រាន់តែបានឮឬបានយកចិត្តទុកដាក់ទៅលើយូរៗម្ដងប៉ុណ្ណោះ។»
៥) «បើអ្នកចង់ដឹងពីអតីតជាតិរបស់អ្នក ចូរសម្លឹងមើលស្ថានភាពបច្ចុប្បន្នរបស់អ្នក។ បើអ្នកចង់ដឹងពីជាតិខាងមុខរបស់អ្នក ចូរសម្លឹងមើលសកម្មភាពបច្ចុប្បន្នរបស់អ្នក។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ សុភាសិតដែលខ្លីតែខ្លឹមចំនួន១៤ឃ្លារបស់ឥណ្ឌា ដែលអ្នកគួរអាន