ប្រទេសចិននឹងផ្តល់អាទិភាពដល់បណ្តាប្រទេសនៅតាមដងទន្លេមេគង្គសម្រាប់ការចាក់វ៉ាក់សាំងកូវីដ-១៩
នាយករដ្ឋមន្រ្តីចិនលោក Li Keqiang បាននិយាយកាលពីថ្ងៃច័ន្ទទី ២៤ សីហាថា «ប្រទេសចិននឹងផ្តល់អាទិភាពដល់ការផ្តល់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រទេសនៅតាមដងទន្លេមេគង្គនៅពេលដែលវ៉ាក់សាំងមួយត្រូវបានបង្កើតនិងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ»។
លោក Li Keqiang បានធ្វើការកត់សម្គាល់នៅពេលចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំសហប្រតិបត្តិការ មេគង្គឡានឆាង (LMC) Lancang-Mekong Cooperation (LMC) លើកទី ៣ តាមរយៈប្រព័ន្ធអេឡិចត្រូនិចជាវីដេអូ។
លោក Li Keqiang បាននិយាយថា «ប្រទេសចិននឹងបង្កើតមូលនិធិពិសេសដើម្បីលើកកម្ពស់សុខភាពសាធារណៈក្រោមក្របខ័ណ្ឌនៃមូលនិធិពិសេស LMC ហើយបន្តផ្តល់នូវសម្ភារៈប្រឆាំងនឹងការរីករាលដាលកូវីដ ១៩ និងជំនួយបច្ចេកទេសដល់បណ្តាប្រទេសនៅតាមដងទន្លេមេគង្គ»។
ដោយសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការចំពោះការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតជាសកល លោក Li Keqiang បានមានប្រសាសន៍បន្ថែមថា «ប្រទេសចិនមានឆន្ទៈធ្វើការជាមួយបណ្តាប្រទេសតាមដងទន្លេមេគង្គដើម្បីគាំទ្រដល់ការងាររបស់អង្គការសុខភាពពិភពលោក»។
អត្ថបទ៖ ស្រីណា
ប្រភព៖ XinhuaNet News
ចេញផ្សាយ៖ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០