ម៉ាឡេស៊ីបើកការស៊ើបអង្កេតលើការស្លាប់ក្មេងស្រីកូនកាត់បារាំង - អៀរឡង់ Nora Quoirin ខណៈឪពុកម្តាយនៅតែដាក់ការសន្និដ្ឋានលើករណីឧក្រិដ្ឋកម្ម​


រូបភាពពី Wands Worth Guardian

SEREMBAN: មួយឆ្នាំបន្ទាប់ពីសាកសពដោយមិនមានសំលៀកបំពាក់របស់នាងត្រូវបានគេរកឃើញនៅក្នុងព្រៃ ក្រោយការបាត់ខ្លួនរបស់នាងកំឡុងពេលថ្ងៃឈប់សំរាក ក្រុមអ្នកវិភាគសាកសពនៅម៉ាឡេស៊ីបានបើកការស៊ើបអង្កេតមួយកាលពីថ្ងៃច័ន្ទ ទី២៤ ខែសីហានៅក្នុងករណីនៃការស្លាប់របស់ក្មេងស្រីជំទង់ដែលជាកូនកាត់បារាំង - អៀរឡង់។

Nora Quoirin ជាក្មេងស្រីអាយុ១៥ឆ្នាំដែលនាងមានបញ្ហាលំបាកក្នុងការរៀនសូត្រ ហើយមន្រ្តីប៉ូលីសម៉ាឡេស៊ីបានប្រកែកថាមិនមានមុខសញ្ញាណាមួយពីការស្លាប់របស់នាងទេ។ អាជ្ញាធរបានចាត់ថ្នាក់ករណីនេះថា «មិនតម្រូវឱ្យមានសកម្មភាពបន្ថែមទៀតទេ»។ 

ប៉ូលីសម៉ាឡេស៊ីនិយាយថាក្មេងអៀរឡង់ឈ្មោះ Nora Quoirin ប្រហែលជាស្លាប់ដោយសារភាពអត់ឃ្លាន និងភាពតានតឹង តែអាណាព្យាបាលរបស់នាងជឿថា ការស្លាប់របស់នាងមានពាក់ព័ន្ធនិងករណីឧក្រិដ្ឋកម្ម ខណៈដែលពួកគេបាននិយាយថាក្មេងជំទង់នឹងមិនវង្វេងតែម្នាក់ឯងទេ។ ករណីនេះបានជំរុញឲ្យមានការយល់ព្រមពីអាជ្ញាធរក្នុងការបើកការសាកសួរ និងស៊ើបអង្កេត។

នៅពេលចាប់ផ្តើមដំណើរការនីតិវិធីនៅក្នុងទីក្រុង Seremban កាលពីថ្ងៃច័ន្ទអ្នកវិភាគសាកសពម្នាក់ឈ្មោះ Maimoonah Aid បាននិយាយថា «យើងមកទីនេះដើម្បីឆ្លើយសំណួរមួយចំនួនថាតើអ្នកស្លាប់ជាអ្នកណា?  នៅពេលណា? ស្លាប់ដោយរបៀបណា? ហើយថាតើមានអ្នកណាម្នាក់ជាអ្នកទទួលខុសត្រូវទេ?»

គួរបញ្ជាក់ថា Quoirin បានបាត់ខ្លួនពីរមណីយដ្ឋានដែលជាកន្លែងដែលនាងស្នាក់នៅជាមួយក្រុមគ្រួសាររបស់នាងដែលមកពីទីក្រុងឡុងដ៍ ក្នុងកំឡុងពេល១០ថ្ងៃនៃការរុករកតាមរយៈការប្រើឧទ្ធម្ភាគចក្រ ឆ្កែហិតក្លិន និងអ្នកស្វែងរករាប់រយអ្នកផ្សេងទៀត។

សាកសពរបស់នាងត្រូវបានគេរកឃើញនៅជិតកន្លែងសំរាកមួយនៅក្នុងព្រៃ ហើយការធ្វើកោសល្យវិច័យបានរកឃើញថានាងប្រហែលជាស្លាប់ដោយការអត់អាហារ និងដោយសារការហូរឈាមពីខាងក្នុង បន្ទាប់ពីជាប់គាំងប្រហែលមួយសប្តាហ៍នៅក្នុងព្រៃក្រាស់។

សាក្សី ៦៤ នាក់ត្រូវបានគេរំពឹងថានឹងត្រូវបានកោះហៅក្នុងអំឡុងពេលសាកសួរហើយសាក្សីទីមួយគឺលោក Mohamad Mat Yusop ស្នងការប៉ូលីសនៃរដ្ឋ Negeri Sembilan ។

លោក Mohamad បានប្រាប់តុលាការពីរបៀបដែលគាត់ត្រូវបានគេគេរាយការណ៍ថា ក្មេងជំទង់នេះត្រូវបានបាត់ខ្លួនកាលពីថ្ងៃទី ៤ ខែសីហាឆ្នាំមុនហើយគាត់បានបញ្ជាឱ្យប្រតិបត្តិការស្វែងរកភ្លាមៗ។

នៅថ្ងៃបន្ទាប់គាត់បានទៅដល់រមណីយដ្ឋានដូនសុននៅភាគខាងត្បូងនៃគូឡាឡាំពួ ជាកន្លែងដែលក្មេងស្រីនោះបានបាត់ពីបន្ទប់របស់នាង ក្រោយពេលដែលគ្រួសាររបស់នាងបានចូលសម្រាកនៅរមណីយដ្ឋាននោះបានមួយថ្ងៃ។

ឪពុកម្តាយរបស់ Quoirin នោះបានប្តឹងរមណីយដ្ឋាននៅម៉ាឡេស៊ី។ លោក Mohamad បាននិយាយថា“ ក្រុមគ្រួសារមានការអាក់អន់ចិត្តយ៉ាងខ្លាំងនៅពេលដែលខ្ញុំបានជួបពួកគេ” ។ "ខ្ញុំបានធានាដល់ឪពុកម្ដាយនាងថា ពួកយើងនឹងប្រើគ្រប់ធនធានទាំងអស់របស់យើងដើម្បីស្វែងរកក្មេងស្រីដែលបាត់ខ្លួន" ។

ផ្ទាំងអេក្រង់ដ៏ធំមួយនៅក្នុងតុលាការបានបង្ហាញរូបភាពនៃរមណីយដ្ឋានរួមទាំងបឹងហ្គាឡូដែលក្រុមគ្រួសារនាងបានស្នាក់នៅ។

មុនការសាកសួរ ឪពុកម្តាយរបស់នាង Meabh និង Sebastien Quoirin បានរៀបរាប់វាថាជា“ ធាតុសំខាន់មួយក្នុងការប្រយុទ្ធដើម្បីសេចក្តីពិតនិងយុត្តិធម៌ដល់ Nora Quoirin” ។ 

ពួកគេបានប្រាប់ AFP នៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ពួកយើងសង្ឃឹមថាគ្រប់មធ្យោបាយទាំងអស់ជុំវិញការបាត់ខ្លួនរបស់ Nora Quoirin នឹងត្រូវបានស្វែងរកយ៉ាងពេញលេញមិនមែនគ្រាន់តែជាទ្រឹស្ដីដែលប៉ូលីសចេះតែនិយាយនោះទេ។

ម្តាយជនជាតិអៀរឡង់និងឪពុកជនជាតិបារាំងរបស់ក្មេង មិនមានវត្តមានក្នុងការសាកសួរនោះទេដោយសារតែការរីករាលដាលនៃជម្ងឺកូវីដ១៩។ ពួកគេនឹងត្រូវបានសម្ភាសដោយក្រុមអ្នកពិនិត្យសាកសពតាមរយៈការធ្វើសន្និសិទវីដេអូ។

សាក្សី ផ្សេងទៀតរួមមានប៉ូលីសអ្នកឡើងភ្នំដែលបានរកឃើញសាកសពរបស់នាង និងអ្នកជំនាញខាងកោសល្យវិច្ច័យជនជាតិអង់គ្លេស នឹងចូលរួមការធ្វើវីដេអូតាមរយៈតំណភ្ជាប់ផងដែរ។

ដោយ៖ សុធារ៉ា

ប្រភព៖ https://www.channelnewsasia.com/news/asia/malaysia-french-irish-teen-missing-nora-quoirin-inquest-13047128

 

X
5s