បញ្ហាសង្គម! កំណើននៃកាកសំណល់អេឡិចត្រូនិចនៅទូទាំងពិភពលោកមិនត្រូវបានបំផ្លាញឡើយ
ជារៀងរាល់ឆ្នាំបរិមាណនៃគ្រឿងអគ្គិសនី និងគ្រឿងអេឡិចត្រូនិចសរុបដែលមនុស្សទូទាំងពិភពលោកបានប្រើប្រាស់កើនឡើងដល់ ២,៥ លានតោន។ ក្នុងនោះមាន ទូរស័ព្ទ វិទ្យុ ប្រដាប់ប្រដាក្មេងលេង កុំព្យូទ័រយួរដៃជាដើម។ ប្រសិនបើឧបករណ៍ ឬសម្ភារៈប្រើប្រាស់ទាំងនោះវាមានថាមពលឬការប្រើប្រាស់ដោយការសាកថ្មបាន វាទំនងនឹងជាផ្នែកមួយនៃ កាកសំណល់អេឡិចត្រូនិច ដែលកំពុងកើនឡើងជាច្រើនបន្តបន្ទាប់ក្រោយពីប្រើប្រាស់រួច។
ក្នុងឆ្នាំ ២០១៩ ពិភពលោកបានបង្កើតកាកសំណល់អេឡិចត្រូនិចចំនួន ៥៣,៦ លានតោន គិតជាមធ្យមគឺប្រហែល ៧,៣ គីឡូក្រាមជាសំណល់ដែលមនុស្សម្នាក់បានបង្កើតឡើង និង មានទម្ងន់ប្រហាក់ប្រហែលទៅនឹងកប៉ាល់ប្រមាណ ៣៥០គ្រឿងឯណោះ។
ទ្វីបអាស៊ីបានផលិតកាកសំណល់ទាំងនោះប្រមាណ ២៤,៩លានតោន តាមពីក្រោយដោយសហរដ្ឋអាមេរិក ១៣,១លានតោន និងទ្វីបអឺរ៉ុបមានចំនួន ១២លានតោន ខណៈទ្វីបអាព្រិក និងអូសេអានីបង្កើតសំណល់រៀងគ្នាត្រឹមតែ ២,៩លានតោន និង ០,៧លានតោន
យោងតាមគេហទំព័រសារព័ត៌មាន CNA បានលើកឡើងថា នៅឆ្នាំ ២០៣០ ចំនួនសំណល់សរុបនៅលើពិភពលោកអាចនឹងកើនឡើងដល់ ៧៤,៧ លានតោនដែលស្ទើរតែកើនឡើងទ្វេដងនៃបរិមាណប្រចាំឆ្នាំសំណល់អេឡិចត្រូនិច (គិតក្នុងរយៈពេល ១៦ឆ្នាំមកនេះ)។
កត្តាដែលនាំឲ្យកាកសំណល់អេឡិចត្រូនិចមានការកើនឡើងយ៉ាងឆាប់រហ័សនេះ គឺបណ្តាលមកពីទំនោរនៃការប្រើប្រាស់គ្រឿងអេឡិចត្រូនិចដែលមានវដ្តជីវិតខ្លី និងការផ្លាស់ប្តូរម៉ូដែលប្រើប្រាស់ជាជាងការជួសជុលប្រើប្រាស់បន្តនៅពេលខូច ដូច្នោះហើយទើបវាបង្កឲ្យមានការកើនឡើងឆាប់រហ័សបែបនេះ។ កំណើននៃតម្រូវការសកលលើគ្រឿង និងសម្ភារៈអេឡិត្រូនិចនេះវាបានជួយដោះស្រាយបញ្ហាសង្គមនាពេលបច្ចុប្បន្ន តែវាបានក្លាយជាផលលំបាកលើភាពមានកម្រិតនៃការកែច្នៃកាកសំណល់ទាំងនោះ រួមទាំងការបោះចោលប្រកបដោយសុវត្ថិភាព។ នៅពេលដែលពួកវាលែងប្រើហើយត្រូវបានគេបោះបង់ចោលផលិតផលទាំងនេះអាចកកនៅក្នុងបរិស្ថាន ដែលអាចបង្កអន្តរាយដល់មនុស្សនិងសត្វព្រៃ៕
Source : CNA
ដោយ៖ ពិទូរ្យ