ក្រសួងទេសចរណ៍ធ្វើការក្រើនរំលឹកដល់ម្ចាស់អាជីវកម្មឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការពារការឆ្លងកូវីដ ១៩ អំឡុងពេលឈប់សម្រាក់នេះ​



ក្រសួងទេសចរណ៍នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ បានចេញសេចក្តីប្រកាសពីការក្រើនរំលឹកអំពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ដល់អាជីវកម្មស្នាក់នៅទេសចរណ៍ក្នុងឱកាស​ឈប់​សម្រាក​​សងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ ក្នុងសេចក្តីប្រកាសក្រសួងទេសចរណ៍បានបញ្ជាក់ដូចខាងក្រោម៖

«ក្រសួងទេសចរណ៍ សូមក្រើនរំលឹកសារជាថ្មីដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មស្នាក់នៅទេសចរណ៍ទាំងអស់ដូចជា សណ្ឋាគារ និង ផ្ទះសំណាក់។ នៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តទាំងអស់ សូមយកចិត្តទុកដាក់អនុវត្ត និងត្រូវរៀបចំស្របតាមវិធានសុវត្ថិភាពទេសចរណ៍ឱ្យបានខ្ជាប់ខ្ជួនប្រកបដោយស្មារតីទទួលខុសត្រូវ។ ក្នុងនោះរួមមាន៖ ការលាងសម្អាតដៃនិងអាកុលជាប្រចាំ ការរក្សាគម្លាតសុវត្ថិភាព ត្រូវវាស់កម្តៅរាល់អ្នកចេញចូល ត្រូវពាក់ម៉ាស ត្រូវសម្អាតបរិវេណអាជីវកម្មឲ្យបានជាប់ជាប្រចាំនិងឲ្យបានត្រឹមត្រូវ ជាពិសេសនៅក្នុងបន្ទប់ស្នាក់នៅ និងត្រូវអនុវត្តតាមវិធានការណែនាំសំខាន់ៗមួយចំនួនទៀត ស្របតាមខ្លឹមសារក្រមប្រតិបត្តិ ស្ដីពីវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មស្នាក់នៅទេសចរណ៍»។

សេចក្តីប្រកាសនេះបានធ្វើការប្រកាសបន្ទាប់ពីមានការសង្កេតជាក់ស្តែង នៃការក្សាគម្លាតសុវត្ថិភាពនៅមិនទាន់អនុវត្តបានពេញលេញនៅឡើយ ជាពិសេសការអង្គុយទទួលទានអាហារជុំគ្នាច្រើនជាក្រុមក្រុមគ្រួសារ ឬក្រុមរបស់ពួកគាត់តែមួយ ហើយរមណីយដ្ឋានខ្លះមានសភាពហួសចំណុះផ្ទុកធម្មតា ដោយសារភ្ញៀវទេសចរមកលេងច្រើនក្នុងពេលតែមួយ ហើយដែលអ្នកគ្រប់គ្រងគោលដៅទេសចរណ៍ និងមន្ត្រីជំនាញនឹងបន្តខិតខំណែនាំបន្ថែមទៀតឲ្យមានការចែករំលែក និងបង្វែរទស្សនកិច្ច ដើម្បីសម្រួលកុំឱ្យមានការផ្ទុកលើសពី ៥០%។

បើតាមរបាយការណ៍ពីគ្រប់មន្ទីរទេសចរណ៍រាជធានី ខេត្ត បានឲ្យដឹងថា ពេញមួយថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ដែលត្រូវនឹងថ្ងៃដំបូងនៃការសងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរនេះ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចេញដើរកម្សាន្តនៅទូទាំងប្រទេសចំនួន ២៣៣,៣២៩នាក់។

គួរបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានមានប្រកាសសងថ្ងៃឈប់សម្រាកនៃពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដល់ប្រជាជនខ្មែរទូរទាំងប្រទេសចំនួន៥ថ្ងៃ ដែលគិតចាប់ពីថ្ងៃទី១៧ដល់២១ ខែសីហា ឆ្នាំ២០២០៕

ដោយ៖ ស្រី​ណា

 

X
5s