ប្រយោគចំនួន ៦ឃ្លា ដែលពោរពេញដោយអត្ថន័យដែលចាក់ទម្លុះចូលជ្រៅក្នុងការពិត ពីសៀវភៅ Think on These Things របស់ Jiddu Krishnamurti
ថ្ងៃនេះយើងបានចងក្រងនូវប្រយោគចំនួន ៦ឃ្លា ដែលពោរពេញដោយអត្ថន័យដែលចាក់ទម្លុះចូលជ្រៅក្នុងការពិត ពីសៀវភៅ Think on These Things ដែលដំបូងឡើយត្រូវបានលើកបង្ហាញឡើងក្នុងទម្រង់ជាការសន្ទនារវាង Jiddu Krishnamurti និងទស្សនិកជន:
១) «ប្រាកដណាស់ថាការអប់រំមិនមានខ្លឹមសារអ្វីឡើយលុះត្រាតែវាបានជួយអ្នកឲ្យយល់ពីបទពិសោធន៍ដ៏ធំធេងនៃជីវិតជាមួយនឹងភាពល្អិតល្អន់ទាំងអស់របស់វា ជាមួយនឹងភាពស្រស់ស្អាតដ៏អស្ចារ្យរបស់វា ទុក្ខសោកនិងភាពរីករាយរបស់វា។ អ្នកអាចនឹងទទួលបានសញ្ញាប័ត្រ អ្នកអាចនឹងមានប័ណ្ណសរសើរមួយជួរជាហូរហែដែលមានឈ្មោះរបស់អ្នកហើយទទួលបានការងារដែលល្អ ប៉ុន្តែបើបែបនេះតើយ៉ាងម៉េច ? តើអ្វីទៅគឺជាខ្លឹមសារនៃវាទាំងអស់បើនៅក្នុងដំណើរការ ការគិតរបស់អ្នកបានក្លាយជាស្ពឹកស្រពន់ ហត់នឿយ និងល្ងង់ខ្លៅទៅហើយ ?»
២) «នៅពេលអ្នកនៅក្មេងនៅឡើយ អ្នកត្រូវតែចាប់ផ្ដើមស្វែងរកថាតើអ្វីទៅដែលជារបស់ដ៏ចម្លែកមួយនេះដែលហៅថា «សេចក្ដីសុខ»។ នេះគឺជាផ្នែកដ៏សំខាន់មួយនៃការអប់រំ។»
៣) «យើងទាំងអស់គ្នាសុទ្ធតែចង់ក្លាយជាមនុស្សដែលល្បីល្បាញ។ ខណៈពេលដែលយើងចង់ក្លាយជាអ្វីមួយ យើងនឹងលែងមានសេរីភាពទៀតហើយ។»
៤) «មនុស្សចាស់សាងកំហុសគ្រប់តែពេល ប៉ុន្តែពួកគេមិនចង់ឲ្យអ្នកសាងកំហុសឡើយ ដូច្នេះហើយពួកគេក៏បង្អត់គំនិតផ្ដួចផ្ដើមរបស់អ្នក។ ហេតុអ្វី ? ព្រោះពួកគេភ័យខ្លាចថាតាមរយៈការសង្កេតនិងចោទសួរអ្វីគ្រប់យ៉ាង តាមរយៈការពិសោធន៍និងសាងកំហុស អ្នកនឹងអាចស្វែងរកអ្វីមួយដោយខ្លួនឯងហើយផ្ដាច់ចេញពីអំណាចរបស់ម្ដាយឪពុក សង្គម និងវប្បធម៌ប្រពៃណី។ ហេតុនេះហើយទើបបានជាស្តង់ដានៃភាពជោគជ័យត្រូវបានលើកតម្កើងឡើងដើម្បីឲ្យអ្នកដើរតាម ហើយភាពជោគជ័យ អ្នកនឹងសង្កេតឃើញថា តែងមានទំនាក់ទំនងទៅនឹងភាពដែលគួរឲ្យគោរពជានិច្ច។»
៥) «ការអប់រំពិតប្រាកដគឺជាការរៀនពីរបៀបក្នុងការគិត មិនមែនអ្វីដែលត្រូវគិតឡើយ។ បើអ្នកដឹងពីរបៀបក្នុងការគិត បើអ្នកពិតជាមានសមត្ថភាពនេះមែន នោះអ្នកនឹងក្លាយជាមនុស្សដែលមានសេរីភាពម្នាក់ មានសេរីភាពពីទស្សនដែលត្រូវបានគេចាត់ទុកជាផ្លូវការ ជំនឿងងឹតងងល់ និងទំនៀមទម្លាប់ ហើយបែបនេះអ្នកនឹងអាចស្វែងរកថាតើអ្វីទៅទើបជាសាសនាពិតប្រាកដ។»
៦) «សេរីភាពនិងក្ដីស្រឡាញ់ទៅជាមួយគ្នា។ ក្ដីស្រឡាញ់មិនមែនជាការប្រតិកម្មឆ្លើយតបនោះឡើយ។ បើខ្ញុំស្រឡាញ់អ្នកក៏ព្រោះតែអ្នកស្រឡាញ់ខ្ញុំ នោះគ្រាន់តែជាការដោះដូរជំនួញ ជារបស់ដែលត្រូវបានទិញពីផ្សារមកប៉ុណ្ណោះ វាមិនមែនជាក្ដីស្រឡាញ់ឡើយ។ ស្រឡាញ់គឺមិនមែនជាការសួររកអ្វីមកវិញឡើយ មិនមែនសូម្បីតែមានអារម្មណ៍ថាអ្នកបានផ្ដល់ឲ្យអ្វីមួយ ហើយមានតែក្ដីស្រឡាញ់បែបនេះប៉ុណ្ណោះដែលអាចដឹងពីសេរីភាពបាន។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ប្រយោគទាំង១០ឃ្លារបស់លោក Jiddu Krishnamurti បុគ្គលដ៏មានបញ្ញាមួយរូបរបស់ឥណ្ឌា