WHO មិនទាន់មានការវិនិច្ឆ័យពីលទ្ធភាពវ៉ាក់សាំង COVID19 ដែលរូស្សីបានប្រកាសរកឃើញនោះទេ​



អង្គការសុខភាពពិភពលោក បានចេញសេចក្តីថ្លែងការពីការរកឃើញវ៉ាក់សាំងកូវីដ ១៩ របស់ប្រទេសរុស្សីថា ខ្លួនមិនទាន់អាចធ្វើការវិនិច្ឆ័យលើលទ្ធភាពនៃវ៉ាក់សាំងនេះបាននៅឡើយនោះទេ។ 

លោក ប្រ៊ូស អាលីវ័ន(Bruce Aylward) ទីប្រឹក្សាជាន់ខ្ពស់របស់ WHO បានលើកឡើងថា «យើងមិនមានព័ត៌មានគ្រប់គ្រាន់នៅចំណុចមួយនេះដើម្បីធ្វើការវិនិច្ឆ័យលើរឿងនោះទេ ហើយបច្ចុប្បន្នយើងកំពុងសិក្សា និងពិភាក្សាគ្នាយ៉ាងជិតស្និតជាមួយប្រទេសរុស្ស៊ីដើម្បីទទួលបានព័ត៌មានបន្ថែមយកមកស្វែងយល់ពីស្ថានភាពនៃផលិតផលវ៉ាក់សាំង រួមទាំងការប្រើប្រាស់សាកល្បងដែលត្រូវបានធ្វើរួមមកនេះ ហើយក៏ជាពេលដែលយើងត្រូវសិក្សាលើជំហានបន្ទាប់ដូចគ្នា។ 

លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន បានប្រកាសនៅថ្ងៃអង្គារនេះថា រុស្ស៊ី បានចុះបញ្ជីវ៉ាក់សាំងប្រឆាំងកូវីដ-១៩ មុនគេលើពិភពលោក។ នេះបើតាមការផ្សាយរបស់សារព័ត៌មានរុស្ស៊ី RT ដោយលោកបញ្ជាក់ថា វ៉ាក់សាំងនេះ មានប្រសិទ្ធភាពក្នុងការបង្កើតភាពស៊ាំប្រឆាំងនឹងវីរុស។

លោកបានប្រាប់ទៅសមាជិករដ្ឋាភិបាលលោកថា៖ «តាមដែលខ្ញុំដឹង វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ត្រូវបានចុះបញ្ជីនៅព្រឹកនេះហើយនៅរុស្ស៊ី និងជាលើកដំបូងលើពិភពលោក។ មេដឹកនាំរូបនេះ បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងធ្វើតាមគោលការណ៍ស្ម័គ្រចិត្ត ដោយមិនមានការបង្ខំឡើយ ហើយលោកក៏ទម្លាយថា កូនស្រីម្នាក់របស់លោក បានចាក់រួចហើយ «បន្ទាប់ពីចាក់វ៉ាក់សាំងលើកដំបូង កូនស្រីរបស់ខ្ញុំមានកម្តៅ៣៨ ហើយថ្ងៃបន្ទាប់ធ្លាក់មក៣៧ នេះជាចំណុចល្អមួយ»។ លោកបានអះអាងយ៉ាងដូច្នេះ។

គួរបញ្ជាក់ថា រុស្សីជាប្រទេសដំបូងគេលើពិភពលោកដែលបានប្រកាសពីការទទួលជោគជ័យលើការផលិតវ៉ាក់សាំងកូវីដ ១៩ ហើយក៏ជាប្រទេសដំបូងដែលបានធ្វើការចុះបញ្ជីមួយនេះ តែទោះជាយ៉ាងណាមកទល់ពេលនេះអង្គការសុខភាពពិភពលោកនៅមិនអាចបញ្ជាក់ពីប្រសិទ្ធភាពវ៉ាក់សាំងនេះនៅឡើយទេ៕

ដោយ៖ ស្រីណា

 

X
5s