Update៖ ១៥ សីហា គ្មានករណីឆ្លងថ្មី តែមានអ្នកជាសះស្បើយថែម ០៤នាក់ទៀត
ក្រសួងសុខាភិបាលនៃព្រះរាជានាចក្រកម្ពុជា នាព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសថា អ្នកជំងឺកូវីដ ១៩ ចំនួន ០៤នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ហើយមិនបានរកឃើញករណីឆ្លងថ្មីដែរ។
អ្នកជំងឺដែលបានព្យាបាលជាសះស្បើយទាំង ០៤ នាក់នោះមានដូចជា៖
- បុរសជនជាតិខ្មែរអាយុ ២៥ឆ្នាំ មានអាសយដ្ឋាននៅភូមិស ឃុំធីយោ ស្រុកចម្ការលើ ខេត្តកំពង់ចាម ជាអ្នកធ្វើដំណើរពីប្រទេសរុស្ស៉ី ដោយបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី។ គាត់បានមកដល់កម្ពុជានៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ហើយពេលនេះត្រូវបានព្យាបាលជាសះស្បើយ បន្ទាប់ពីទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
- បុរសជនជាតិខ្មែរអាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់ភូមិកែវសុវណ្ណ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ជាក្រុមមួកខៀវអង្គការសហប្រជាជាតិរបស់កម្ពុជា ដែលបានវិលត្រឡប់ពីប្រទេសម៉ាលី តាមជើងហោះហើរ មកដល់កម្ពុជាកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។
- បុរសជនជាតិខ្មែរអាយុ ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាអ្នកធ្វើដំណើរមកពីប្រទេស ឥណ្ឌូណេស៊ីតាមជើងហោះហើរ មកដល់កម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។
- បុរសជនជាតិខ្មែរអាយុ ២៥ឆ្នាំ មានអាសយដ្ឋាននៅភូមិនរា ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ជាអ្នកបានធ្វើដំណើរពី ប្រទេសប៉ាគីស្ថាន បន្តជើងយន្តហោះ នៅប្រទេសម៉ាឡេស៊ី មកដល់ប្រទេសកម្ពុជានៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។
បុរសទាំង ០៣នាក់ខាងលើទទួលបានលទ្ធផលតេស្តអវិជ្ជមានចំនួន ០២លើក និងអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែក្រោម រាជធានៅភ្នំពេញ។
គួរបញ្ជាក់ផងដែរថា ចំនួនអ្នកជំងឺកូវីដ ១៩ សរុបនៅកម្ពុជាគិតត្រឹមថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២០ កម្ពុជាមានអ្នកឆ្លងកូវីដ ១៩ សុរបចំនួន ២៧៣នាក់ ក្នុងនោះស្ត្រីចំនួន ៥៤នាក់។ ជាមួយគ្នានេះដែរ អ្នកព្យាបាលជាសះស្បើយសរុបមានចំនួន ២២៩ នាក់ (ស្រ្តី ៤៦ និងបុរស ១៨៣នាក់) និងអ្នកកំពុងសម្រាកព្យាបាលនៅមានចំនួន ៤៤នាក់។