២៣ កក្កដា៖ អ្នកជំងឺកូវីដ ១៩ ជាសះស្បើយ ២នាក់ ខណៈរកឃើញវិជ្ជមាន ១ ករណីថែមទៀត
អ្នកជំងឺកូវីដ ១៩ ចំនួន ២ នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យនៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២០ ម្សិលមិញ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅព្រឹកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២០។
អ្នកទាំងពីរនាក់គឺជាបុរសជនជាតិខ្មែរវ័យ ២៦ និង ២៥ឆ្នាំ មានអាស័យដ្ឋាននៅភូមិចុងខ្សាច់ ឃុំទួលទទឹង ស្រុកព្រៃនប់ខេត្តព្រះសីហនុ។ ពួកគាត់ទាំងពីរជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី ដោយទទួលបានលទ្ធផលទេអវិជ្ជមានកូវីដ ១៩ ចំនួន ២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ជាមួយគ្នានេះដែរនៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២០ នេះក៏បានរកឃើញករណីវិជ្ជមានកូវីដ ១៩ ថែមម្នាក់ទៀត មានអាស័យដ្ឋានស្ថិតនៅក្នុងភូមិគោកត្នោត ឃុំកណ្ដែត ស្រុកប្រាសាទបាគងខេត្តសៀមរាប ពេលនេះកំពុងដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ បុរសខាងលើនេះជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសរុស្ស៊ី តែបានបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី MH754 មកដល់កម្ពុជានៅថ្ងៃទី ១៩ ខែកក្កដាឆ្នាំ ២០២០ វាលា ១២:៥៥នាទីរសៀល។
គួរបញ្ជាក់ផងដែរថាអ្នកជំងឺ covid 19 នៅកម្ពុជាសរុបមានទាំងអស់ ១៩៨ អ្នក និងអ្នកជាសះស្បើយមានចំនួន ១៤២ នាក់៕