តើ​អ្នកជំនួញ​​គួរ​ធ្វើ​ការ​ប៉ុន្មាន​ម៉ោង​ក្នុង​មួយ​ថ្ងៃ​?​



ភាព​ជា​អ្នក​ជំនួញ អ្នក​ត្រូវ​ការ​ខិតខំ​ប្រឹងប្រែង​ខ្លាំង​ណាស់។ សម្រាប់​​មនុស្ស​មួយ​ចំនួន ភាព​ជា​អ្នក​ជំនួញ ឬ​សហគ្រិន មានន័យ​ថា ពួកគេ​បោះបង់​​ធ្វើ​ការ​ឲ្យ​គេ​ចោល ហើយ​ចាប់​យក​អាជីព​រកស៊ី​ដោយ​ខ្លួនឯង។ អ្នក​ខ្លះ​បាន​រកស៊ី​ដោយ​មិន​​ចាំបាច់​រៀន​នៅ​មហាវិទ្យាល័យ ខណៈ​ដែល​ខ្លះ​ទៀត​​រៀន​ឆ្លៀត​រកស៊ី​ឲ្យ​ខ្លួនឯង​បណ្តើរ ធ្វើ​ការ​ឲ្យ​គេ​បណ្ដើរ។ 

ទោះបីជា​អ្នក​ក្លាយ​ជា​​ជំនួញ​តាម​វិធី​ណា​ក៏ដោយ អ្នក​ត្រូវ​មាន​ការ​ប្ដេជ្ញា​​ចិត្ត​ក្នុង​ការ​លះបង់​ពេលវេលា​ដ៏​ច្រើន​របស់​​អ្នក​នៅ​ជាមួយ​នឹង​វា។ ក៏ប៉ុន្តែ​សំនួរ​សួរ​ថា តើ​អ្នក​ត្រូវការ​ចំណាយ​ពេល​​ពេល​​​ច្រើន​ប៉ុណ្ណា​ដើម្បី​ជោគជ័យ​ក្នុង​កិច្ចការ​ជំនួញ​របស់ អ្នក? 

ថ្វីត្បិត​តែ​មាន​ក្រុមហ៊ុន​ខ្លះ​ប្រើ​ក្បួន ៩ មក ៥ (9-to-5) ឬ ៤០​ម៉ោង​​ក្នុង​មួយ​សប្ដាហ៍ អ្នក​ជំនួញ​ជា​ច្រើន​យល់​ថា នៅ​ក្នុង​ទិដ្ឋភាព​ជាក់ស្ដែង​​គឺ​ពួកគេ​ត្រូវការ​ពេល​ច្រើន​ជាង ៤០​ម៉ោង​ក្នុង​មួយ​សប្ដាហ៍​នេះ​ទៅ​ទៀត។ សម្រាប់​សហគ្រិន​ក្មេងៗ​វិញ នេះ​ប្រហែល​ជា​បញ្ហា​ចោទ​មួយ​របស់​ពួកគេ ត្បិតអី​ពួកគេ​មិន​​អាច​ស្មាន​ត្រូវ​ឲ្យ​ប្រាកដ​ថា ត្រូវ​ធ្វើ​ការ​ប៉ុន្មាន​ម៉ោង​ក្នុង​មួយ​ថ្ងៃ ឬ​ក្នុង​មួយ​សប្ដាហ៍​លើ​កិច្ច​ការ​រកស៊ី​របស់​ពួកគេ​នោះ​ទេ។

ដូច​នេះ​តើ​អ្នក​ជំនួញ​គួរ​ធ្វើ​ការ​ប៉ុន្មាន​ម៉ោង​ក្នុង​មួយ​សប្ដាហ៍? ជាមួយ​នឹង​ភាព​ស្រពិចស្រពិល​ជា​ច្រើន​ក្នុង​ការ​ផ្តល់​ចម្លើយ​មួយ​នេះ អ្នក​ជំនួញ​​ទាំងអស់​ត្រូវ​សិក្សា​ស្វែង​យល់​ពី​ផលិតភាព​ការងារ​នៅ​ក្នុង​អាជីវកម្ម​របស់​ខ្លួន​ដើម្បី​ស្វែងរក​ចម្លើយ​ពិតប្រាកដ​មួយ​សម្រាប់​ខ្លួនឯង។ ​​

​គ្មាន​ចម្លើយ​ពិតប្រាកដ​ណាមួយ​ត្រូវ​បាន​លាតត្រដាងចំពោះ​សំនួរ​ខាងលើ​ទេ
អ្នក​ជំនួញ​គ្រប់រូប មិន​គួរ​កំណត់​​ស្តង់ដារ​ចំនួន​ម៉ោង​​​ធ្វើ​ការ​​ដើម្បី​ឲ្យ​អាជីវកម្ម​របស់​ខ្លួន​ជោគជ័យ​នោះ​ទេ។ ការ​យក​ចំនួន​ម៉ោង​ធ្វើ​ការ​មក​ធ្វើ​ជា​មូលដ្ឋាន​ដើម្បី​វាស់​ស្ទង់​ភាព​ជោគជ័យ​ក្រុមហ៊ុន​របស់​អ្នក គឺ​វា​គ្មាន​ន័យ​ឡើយ។ អ្នក​ត្រូវ​ដឹង​ថា អ្នក​ត្រូវតែ​ធ្វើ​ការ​រហូត​ដល់​អ្នក​អាច​សម្រេច​បាន​លទ្ធផល​មួយ​ដែល​អ្នក​ចង់​បាន មិន​ថា អ្នក​ទើប​តែ​ចាប់​ផ្តើម​ចេញ​លក់​ជា​លើក​ដំបូង មាន​អ្នក​ទិញ​ដំបូង ឬ​អាច​រក​ចំណូល​បាន​ក្នុង​ឆ្នាំ​​ដំបូង​​ដល់​ទៅ​ ៦​ខ្ទង់​នោះ​ទេ​។ ប្រសិន​បើ​អ្នក​អាច​ប្រើ​ពេល​ត្រឹមតែ ២០ ម៉ោង ឬ​ដល់​ទៅ ៧០​ម៉ោង​ក្នុង​មួយ​សប្ដាហ៍​ទើប​​​អាច​សម្រេច​ផែនការ​របស់​អ្នក​បាន អ្នក​​ត្រូវតែ​ចំណាយ​ពេល​​តាម​ហ្នឹងដែរ។ 

ម្ចាស់​ជំនួញ​ខ្លះ​ស្វែង​រក​ភាព​ជោគជ័យ​ដោយ​ធ្វើ​ការ ៣០​ម៉ោង ឬ​តិច​ជាង​នេះ​ក្នុង​មួយ​សប្ដាហ៍ ខណៈ​ដែល​អ្នក​ជំនួញ​ខ្លះ​ទៀត​យល់​ថា ធ្វើ​ការ ៩៥ ម៉ោង​ក្នុង​មួយ​សប្ដាហ៍ ឬ ១៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ក្លាយ​ជា​សេដ្ឋី​។ អ្នក​ខ្លះ​ទៀត​ដូច​ជា​លោក Gary Vaynerchuk សេដ្ឋី​អាមេរិក​ដើម​កំណើត​បេឡារូស​បាន​ឲ្យ​យោបល់​ថា សហគ្រិន​ថ្មីថ្មោង​ត្រូវ​ចំណាយ​ពេល​ជាមួយ​នឹង​មុខ​ជំនួញ​របស់​​ខ្លួន​​​រហូត​ដល់​ ១៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​នៅ​​ឆ្នាំ​ដំបូង។ ចំណែក​មហាសេដ្ឋី​អាមេរិក Elon Musk ធ្លាប់​និយាយ​ថា លោក​បាន​ប្រើ​ពេល​រហូត​ដល់ ទៅ ៨០ ទៅ ១០០ ម៉ោង​ឯណោះ​ក្នុង​មួយ​សប្តាហ៍​នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន Businessinsider។ 

ចំពោះ​សេដ្ឋី Vaynerchuk លោក​ថា ដើម្បី​ឲ្យ​ក្តី​សុបិន​របស់​អ្នក​ក្លាយ​ជា​ការពិត អ្នក​ត្រូវ​ការ​លះបង់​ច្រើន​ខ្លាំង​ណាស់។ លោក​បន្ត​ថា ធ្វើ​ជា​អ្នកជំនួញ​ អ្នក​មាន​ការងារ​សំខាន់ៗ​ជា​ច្រើន​​ត្រូវ​ធ្វើ​  គេង​មិន​ឆ្អែត មិន​សូវ​មាន​ពេល​សម្រាប់​មនុស្ស​ដែល​អ្នក​ស្រលាញ់ ហើយ​ថែម​ទាំង​គ្មាន​ពេល​គ្រប់គ្រាន់​ដើម្បី​បង្កើត​កម្មវិធី​សប្បាយៗ និង​ថែទាំ​សុខភាព​របស់​អ្នក​ទៀត​ផង។ សុភមង្គល​របស់​អ្នក​ទំនង​ក៏​មិន​​ទទួល​បាន ១០០% ផង​ដែរ។

ទោះបី​ជា​បែប​នេះ​ក្តី​ ការ​ស្រាវជ្រាវ​​របស់​សាកលវិទ្យាល័យ Harvard បាន​រក​​ឃើញ​ថា ការ​ធ្វើ​ការងារ​ច្រើន​ម៉ោង អាច​ធ្វើ​ឲ្យ​ផលិតភាព និង​សុខភាព​របស់​អ្នក​ចុះ​ខ្សោយ។ ខណៈ​ដែល​​មាន​អ្នក​ជំនួញ​ល្បីៗ​ជា​ច្រើន​នៅ​លើ​ពិភពលោក​​​ជំរុញ​ឲ្យ​អ្នក​ធ្វើ​ការ​ពី ៦០ ទៅ ១០០​ម៉ោង​ក្នុង​មួយ​សប្ដាហ៍ ការ​ស្រាវជ្រាវ​តាម​បែប​វិទ្យាសាស្ត្រ​មិន​យល់ស្រប​ទៅ​នឹង​​ដំបូន្មាន​មួយ​នេះ​ឡើយ។ ជា​ការពិត វា​គ្មាន​ចម្លើយ​ដ៏​សុក្រឹត​​ណាមួយ​ដែល​ប្រាប់​អ្នក​ថា អ្នក​ត្រូវ​​ចំណាយ​ពេល​​លើ​កិច្ចការ​ជំនួញ​របស់​អ្នក​ឲ្យ​បាន​ប៉ុន្មាន​ម៉ោង​ក្នុង​មួយ​សប្ដាហ៍​នោះ​ទេ។

មុន​នឹង​​ស្វែងរក​ចម្លើយ​ពិតប្រាកដ​មួយ​សម្រាប់​ខ្លួនឯង អ្នក​ត្រូវ​តាមដាន​មើល​ពី​សុខភាព​​ផ្លូវកាយ និង​ផ្លូវចិត្ត​របស់​អ្នក។ អ្នក​ត្រូវ​ពិនិត្យ​មើល​លក្ខខណ្ឌ​ការងារ​របស់​អ្នក​ថា​ អ្នក​ចង់​បាន​អ្វី? ចង់​បាន​ជោគជ័យ​កម្រិត​ណា? វា​មាន​ផលិតភាព​កម្រិតណា? ស្ថានភាព​របស់ អ្នក​មិន​ដូច​អ្នក​ជំនួញ​​ទាំង​នោះ​ទេ។ ហេតុដូច្នេះ​ហើយ សូម​កុំ​ព្យាយាម​​ធ្វើ​តាម​តែ​អ្វី​ដែល​​បុគ្គល​​ទាំង​នោះ​សរសេរ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា៕

ដោយ៖ ដោយ 
ប្រភព៖ Businessnewstodaily 

X
5s