ការស្រាវជ្រាវថ្មីបានរកឃើញថា វីរុសកូវីដ ១៩ អាចចម្លងពីម្តាយទៅទារកក្នុងផ្ទៃ​



ក្រុមអ្នកស្រាវជ្រាវបារាំងថ្មីនេះបានរកឃើញថា វីរុសកូវីដ ១៩ បានឆ្លងពីម្តាយទៅទារកក្នុងផ្ទៃ ដោយពួកគេបានធ្វើការសិក្សាទៅលើស្ត្រីមានផ្ទៃពោះ និងមានតេស្តវិជ្ជមានករណីកូវីដ ១៩។ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រ Bloomberg កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២០។ 

វីរុស SARS-CoV-2 ឬកូវីដ ១៩ ហាក់ដូចជាឆ្លងតាមសុក ហើយវីរុសកូវីដ ១៩ ឆ្លងទៅទារកនោះមុនពេលកើត។ យោងទៅតាមការសិក្សាពីក្រុមវេជ្ជបណ្ឌិតមកពី Paris Saclay University Hospitals ចេញផ្សាយនៅ Nature Communications នាថ្ងៃអង្គារទី ១៤ កក្កដា បានរកឃើញថា ក្រោយពេលសម្រាលទារកមានអាការៈពាក់ព័ន្ធនឹងប្រព័នញប្រសាទបង្កឡើងដោយវីរុសកូវីដ ១៩ ដោយឡែកម្តាយរបស់ទារកគឺបានជាសះស្បើយបន្ទាប់ពីទទួលការព្យាបាល។ 

យោងតាមការចេញផ្សាយពីគេហទំព័រ New York Time បាននិយាយថា របាយការណ៍បង្ហាញពីការឆ្លងពីម្តាយទៅទារកនៅក្នុងផ្ទៃ ធ្វើឡើងដោយមានភស្តុតាងជាក់លាក់និងរឹងមាំ។ ទារកដែលបានកើតនៅក្នុងទីក្រុងប៉ារីស និងម្តាយរបស់គេដែលបានរកឃើញតេស្តវិជ្ជមានកូវីដ ១៩ កាលពីខែមិនាកន្លងទៅ បានវិវត្តិន៍អាការៈទៅជាការរលាកខួរក្បាល (ចំពោះទារក) លោកវេជ្ជបណ្ឌិត Daniele De Luca អ្នកដឹកនាំការស្រាវជ្រាវ និងជា ប្រធានផ្នែកផ្នែកថែទាំសុខភាពកុមារនិងទារកនៅមន្ទីរពេទ្យ Paris-Saclay University Hospitals បានបញ្ជាក់យ៉ាងដូច្នេះ។ ក្រុមអ្នកស្រាវជ្រាវជនជាតិបារាំងបានរាយការណ៍អំពីស្ត្រីមានផ្ទៃពោះក្នុងវ័យ ២០ ឆ្នាំដែលត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដោយមានគ្រុនក្តៅនិងក្អកខ្លាំងនិងបានធ្វើតេស្តវិជ្ជមានចំពោះវីរុសនេះ។ ការធ្វើតេស្តបានបញ្ជាក់ពីវត្តមានរបស់វីរុសនៅក្នុងទារកបីម៉ោងបន្ទាប់ពីកំណើត។

មានការជជែកដេញដោល និងការសួរសំណួរជាច្រើនលើរបៀបនៃការចម្លងវីរុសពីម្តាយទៅកូន ដោយមានការសិក្សាមួយចំនួនបង្ហាញថា វាទំនងជាអាចរកការឆ្លងវីរុសនៅពេលសម្រាលភ្លាមៗ។ វីរុសនោះអាចនឹងត្រូវឆ្លងតាមដំណក់ទឹក ឬវត្ថុរាវចេញពីច្រមុះ និងបំពង់កក្នុងពេលដែលអ្នកជំងឺដកដង្ហើម ក្អក ឬកណ្ដាស់។ តែអ្នកស្រាវជ្រាវបាននិយាយថា វីរុសនេះត្រូវបានគេរកឃើញនៅក្នុងជាលិកាសុករួមជាមួយឈាមរបស់ម្តាយនិងទារកដែលបានបង្ហាញថា ការចម្លងភាគច្រើនទំនងជាកើតឡើងតាមរយៈសុក។

វេជ្ជបណ្ឌិត De Luca បាននិយាយថា គិតមកដល់ពេលនេះទារកនោះមានអាយុលើសពី ៣ ខែហើយ គេបានជាសះស្បើយដោយគ្មានការព្យាបាលនិងមានសភាពប្រសើរឡើងស្ទើរតែដូចធម្មតា រីឯម្តាយរបស់ទារកដែលមានសភាពធ្ងន់ធ្ងរ និងត្រូវការអុកស៊ីសែនក្នុងពេលសម្រាលនោះ ពេលនេះនាងក៏មានសុខភាពល្អដូចគ្នាដែរ៕

ដោយ​៖ យ៉ាយ៉ា

 

X
5s