ការសិក្សាថ្មី៖ ទោះជាអ្នកជំងឺកូវីដមានអាការៈស្រាលកម្រិតណា តែកម្រិតប៉ះពាល់ខួរក្បាលគឺធ្ងន់ធ្ងរ
តាមការសិក្សាថ្មីពីក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញថា វីរុសកូវីដ ១៩ បានបង្កផលប៉ះពាល់ដល់ខួរក្បាល និងប្រព័ន្ធប្រសាទធ្ងន់ធ្ងរលើសពីការគិតរបស់យើង។ កម្រិតនៃការប៉ះពាល់នេះវាបង្កឡើង ទោះបីជាវីរុសហាក់មិនបានវាយប្រហារដោយផ្ទាល់ទៅលើខួរក្បាល ឬសរីរាង្គប្រសាទ ឬ អ្នកជំងឺមានអាការៈស្រាលក៏ដោយ។ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រព័ត៌មានចិន South China Morning Post កាលពីថ្ងៃច័ន្ទទី ១៣ ខែកក្កដា ឆ្នាំ២០២០ នេះ។
ក្រុមគ្រូពេទ្យវេជ្ជសាស្រ្ត និងក្រុមអ្នកស្រាវជ្រាវដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស បានធ្វើការព្រមានកាលពីសប្ដាហ៍មុនថា ផលវិបាកបណ្ដាលមកពីវីរុសកូវដី ១៩ វានឹងធ្វើឲ្យមានគ្រោះថ្នាក់ដល់ខួរក្បាល ការដាច់សរសៃឈាមខួរក្បាល រងនូវការភ្លេចភ្លាំង ក៏ដូចជាខូចផ្នែកមួយចំនួននៃប្រព័ន្ធសរសៃប្រសាទ។
ការស្រាវជ្រាវដែលបានធ្វើឡើងកន្លងមកបានរកឃើញពីការរងផលប៉ះពាល់លើខួរក្បាល និងប្រព័ន្ធប្រសាទបានកើតមានឡើងចំពោះអ្នកជំងឺកូវីដ ១៩ ដែលមានអាការៈធ្ងន់ធ្ងរ តែចំពោះការសិក្សាថ្មីដែលដឹកនាំដោយក្រុមវេជ្ជបណ្ឌិតនៃ University London បានបង្ហាញថាបញ្ហាប៉ះពាល់ធ្ងន់ធ្ងរចំពោះខួរក្បាល និងប្រព័ន្ធប្រសាទនេះកើតឡើងរាប់ចាប់តាំងពីអ្នកជំងឺដែលមានអាការៈស្រាល។ ក្រុមគ្រូពេទ្យបានធ្វើការសិក្សាទៅលើអ្នកជំងឺចំនួន ៤៣នាក់ ដែលមានរោគសញ្ញាសង្ស័យនឹងកូវីដ ១៩ ហើយក៏បានរកឃើញរោគសញ្ញាពាក់ព័ន្ធនឹងប្រព័ន្ធប្រសាទ។
ក្នុងចំណោមនោះគេបានរកឃើញថា អ្នកមានបញ្ហាខួរក្បាលបណ្ដោះអាសន្នចំនួន ១០ករណី បញ្ហារលាកខួរក្បាលចំនួន ១២ករណី បញ្ហាដាច់សរសៃឈាមខួរក្បាលចំនួន ៨ករណី និងខូចខាតសរសៃប្រសាទចំនួន ៨ ករណី។ ភាគច្រើននៃអ្នកជំងឺដែលរកការរលាកខួរក្បាល និងប្រព័ន្ធប្រសាទទាំងអស់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជាប់ពាក់ព័ន្ធនឹងជំងឺ Acute Disseminated Encephalomyelitis (ADEM) ដែលជាលក្ខខណ្ឌកម្រកើតមានជាទូទៅលើកុមារក្រោយឆ្លងជំងឺ។
លោកវេជ្ជបញ្ឌិត Michael Zand មកពីវិទ្យាស្ថាន Neurology and University College London Hospitals NHS Foundation Trust បានឲ្យដឹងថា៖ «យើងបានកំណត់ពីចំនួនមនុស្សដែលនឹងរងផលប៉ះពាល់ និងបញ្ហាផ្នែកប្រព័ន្ធប្រសាទនឹងមានច្រើនជាងការរំពឹងទុក ដែលពួកគេនឹងប្រឈមជាមួយបញ្ហាដូចជា ការរលាកខួរក្បាលជាដើម ហើយទាំងនោះវាមិនជាប់ទាក់ទងទៅនឹងរោគសញ្ញាធ្ងន់ធ្ងរនៃការរលាកផ្លូវដង្ហើមទេ។ ការសិក្សាស្រាវជ្រាវដែលមានចេញផ្សាយដោយទិន្នានុប្បវត្តិ Brain បានបង្ហាញថា គ្មានអ្នកជំងឺកូវីដ ១៩ ណាម្នាក់ត្រូវបានរកឃើញ ឬធ្វើរោគវិនិច្ឆ័យថា វីរុសកូវីដ ១៩ បានបង្កផលប៉ះពាល់ដោយផ្ទាល់លើខួរក្បាលរបស់ពួកគេទេ។ ក្នុងកណី និងលទ្ធផលនៃការស្រាវជ្រាវនេះត្រូវបានគេធ្វើការពិភាក្សាថា អ្នកជំងឺជាង ១២លាននាក់លើពិភពលោកនឹងត្រូវរងផលប៉ះពាល់សុខភាពផ្នែកប្រព័ន្ធប្រសាទបន្ថែមពីលើបញ្ហាផ្លូវដង្ហើម (ប៉ះពាល់លើសួត)៕
ដោយ៖ យ៉ាយ៉ា