ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនៅរក្សាការបិទដដែលដោយមិនទាន់កំណត់ពេលវេលាបើកនៅឡើយទេ​



បន្ទាយមានជ័យ - ថៃមិនទាន់ឯកភាពបើក ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត~ខ្លងលឹក ដោយរក្សាការបិទដដែល និងមិនទាន់កំណត់ថ្ងៃណា ពេលណា បើកនោះទេ ដោយរងចាំការជូនដំណឹងពីរាជរដ្ឋាភិបាលថៃសិន។ នេះបើយោងតាមទំព័រហ្វេសបុកផ្លូវការរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ។

នៅក្នុងកិច្ចប្រជុំ កាលពីព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២០ រវាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ជាមួយ ឯកឧត្តម វរ៉ាផាន់សុវាណុន (H.E .WORAPHAN SUWANNUN) អភិបាលខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ តាមរយៈប្រព័ន្ធ Video Conference ។ ជាលទ្ធផល ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត~ខ្លងលឹក គឺរក្សាការបិទដដែល នឹងមិនទាន់មានព័ត៌មានផ្លូវការណាមួយ ត្រូវបើកនាពេលឆាប់ៗនោះទេ ។

យ៉ាងណាមិញ ភាគីទាំងពីរ បានឯកភាពជាគោលការណ៍ ឲ្យមានការចូលទៅផ្សាររុងក្លឿ ពិនិត្យទំនិញ និងដឹកទំនិញឥវ៉ាន់មកវិញ តាមរយៈរថយន្ត ចំនួន ៥០ ឡាន មនុស្សក្នុង១ ឡាន ២នាក់ ដោយមានការ បំពេញបែបបទ ពិនិត្យសុខភាព តាមការណែនាំ និងវិធានការក្រសួងសុខាភិបាល ដោយពុំអនុញ្ញាតឲ្យមានការចូលទៅលក់ដូរនោះទេ ។

ជាមួយគ្នាដែរ ភាគីទាំងពីរបានយល់ព្រមកំណត់ រយៈពេល នៃការចូលទៅផ្សារនោះ គឺចាប់ពីម៉ោង ៨:០០ ដល់ម៉ោង ១០ នាទីព្រឹកឲ្យចូលឲ្យអស់ នៅវេលាម៉ោង១៣:០០ នាទីរៀលចេញពីទឹកដីថៃវិញ ។

គួរបញ្ជាក់ផងដែរ ថាប្រទេសកម្ពុជា និងថៃ បានសម្រេច​បិទច្រកព្រំដែនបណ្តោះអាសន្ន កាលពីអំឡុងចុងខែមិនា ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩។

ដោយ៖ នូ វិរៈ

X
5s