ចង់​​ធ្វើ​ជា​ចៅហ្វាយ​​ខ្លួនឯង អ្នក​គួរ​ឆ្លើយ​សំនួរ៦​នេះ​ជាមុន​សិន​ទៅ!​



មនុស្ស​ដែល​មាន​ក្តីស្រមៃ​ចង់​ធ្វើ​ជា​ចៅហ្វាយ​ខ្លួនឯង​ ​ភាគច្រើន​យល់​ថា មាន​តែ​ការ​រកស៊ី​ចាប់​ផ្តើម​ចេញ​រកស៊ី​​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ​ទើប​អាច​សម្រេច​ក្តី​ស្រមៃ​នេះ​បាន។ ពួកគេ​យល់​ថា ​ជំនួញ​គឺ​ជា​ច្រក​ផ្លូវ​នៃ​សេរីភាព​ហិរញ្ញវត្ថុ​ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​ពួកគេ​សម្រេច​បាន​ក្តី​សុបិន​ជា​ច្រើន​​​​នៅ​ក្នុង​ជីវិត​​របស់​ពួកគេ។ 

ក៏ប៉ុន្តែ​នៅ​ក្នុង​ទិដ្ឋភាព​ជាក់ស្ដែង វា​មាន​អ្វី​ដែល​ហួស​ពី​នេះ​ច្រើន​ណាស់។ ប្រសិន​បើ​ការ​គិត​របស់​អ្នក​ដូច​មនុស្ស​ទាំង​នោះ អ្នក​គួរ​ក្រឡេក​មក​សួរ​ខ្លួនឯង​ ៦ សំនួរ​នេះ​ជា​មិន​សិន​ថា តើ​អ្នក​ត្រូវ​ដឹង​អ្វី​ខ្លះ មុន​ចង់​ធ្វើ​ជា​ចៅហ្វាយ​ខ្លួនឯង? 

១.តើ​ខ្ញុំ​អាច​រស់​​បាន​ដែរ​ឬ​ទេ ​ប្រសិន​បើ​ខ្ញុំ​​ធ្លាក់​ខ្លួន​​ក្រ​ត្រដាបត្រដួស​​ជាង​នេះ? 
នៅ​អាមេរិក​អាជីវកម្ម​បង្កើត​ថ្មី​មាន​ចំនួន ៥៤៣ ០០០ ​ជា​រៀងរាល់​​ខែ។ ប៉ុន្តែ​ជា​រៀងរាល់​ខែ ​អាជីវកម្ម​ដែល​បិទទ្វារ​ទៅវិញ មាន​ច្រើន​ជាង​នេះ​ទៅ​ទៀត។ ដូច្នេះ​តើ​មាន​អ្វី​នៅ​ពី​ក្រោយ​ភាព​បរាជ័យ​នេះ? ​នេះ​មានន័យ​ថា ប្រសិនបើ​អ្នក​មិន​មាន​ទេពកោសល្យ​លេចធ្លោ​​ខ្លាំង​ជាងគេ​ទេ​​នោះ   អ្នក​នឹង​បរាជ័យ​ក្នុង​ជំនួញ​ដំបូង​របស់​អ្នក ហើយ​នេះ​គឺ​ជា​​​រឿង​ធម្មតា​សម្រាប់​​ម្ចាស់​អាជីវកម្ម​ភាគច្រើន​ដែល​ត្រូវ​​លង់ទឹក​ដោយសារ​តែ​ជិះ​ទូក​តែមួយ​ដូចគ្នា​បែប​នេះ​​។ ទោះបី​ជា​អ្នក​​ចាប់​ផ្តើម​ដោយ​ជោគជ័យ ក៏ប៉ុន្តែ​នៅ​ពេល​បន្ទាប់​​ជំនួញ​របស់​អ្នក​អាច​ក្រឡាប់ចាក់​ដែល​ធ្វើ​ឲ្យ​អ្នក​រស់​នៅ​ត្រដាបត្រដួស​ជាង​ធ្វើ​ការ​ឲ្យ​គេ​ទៅ​ទៀត​ក៏​ថា​បាន។

២.តើ​ខ្ញុំ​អាច​ធ្វើការ​​ពេល​នៅ​​ម្នាក់ឯង​ និង​ដោយ​គ្មាន​ការ​​ជំរុញ​លើកទឹកចិត្ត​​ពី​អ្នកដទៃ​បាន​ដែរ​ឬ​ទេ?
វា​ជា​រឿង​មួយ​រំភើប និង​គួរ​ឲ្យ​ចាប់អារម្មណ៍​មែនទែន​នៅ​ពេល​និយាយ​ដល់​គំនិត​រកស៊ី​ដ៏​អស្ចារ្យ​មួយ។ ក៏ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្ដែង​គឺ​ជា​រឿង​មួយ​ផ្សេង​ទៀត។ វា​មិនមែន​ជា​រឿង​​មួយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ​ នៅ​ពេល​អ្នក​ពិចារណា​ពី​ហានិភ័យ​ទាំងអស់​ដែល​ទាក់ទង​នឹង​ការ​ចាប់ផ្ដើម​អាជីវកម្ម​ផ្ទាល់ខ្លួន ពីព្រោះ​ថា អ្នក​​​ត្រូវតែ​គ្រប់គ្រង​កាលវិភាគ​​ការងារ​របស់​អ្នក ហើយ​ធ្វើ​ជា​ចៅហ្វាយ​ខ្លួនឯង។ អ្នក​​ត្រូវ​លះបង់​សេចក្ដី​សុខ​ខ្លួនឯង​ច្រើន ត្រូវ​ធ្វើការ​ច្រើន​ម៉ោង​ផង​ដែរ​ ហើយ​ជា​ធម្មតា​នៅ​ឯកោ​ និង​ត្រូវ​លើកទឹកចិត្ត​​ខ្លួនឯង​ឲ្យ​បាន​ច្រើន​ជាង​មិត្ត ភក្តិ ឬ​មនុស្ស​ផ្សេងទៀត​ដែល​នៅ​ជុំវិញ​អ្នក។

៣.តើ​ខ្ញុំ​ចង់​រៀន​មុខ​ជំនាញ​ទីផ្សារ លក់ និង​គណនេយ្យ​​ជាដើម​ដែរ​ឬទេ? 
ឧទាហរណ៍​ថា អ្នក​ចេះ​តែ​ជំនាញ​ឌីសាញ​មួយ អ្នក​មិន​អាច​បង្កើត​ក្រុមហ៊ុន​ឌីសាញ​បាន​ទេ ប្រសិន​បើ​អ្នក​មិន​ចេះ ជំនាញ​ផ្សេងៗ​ទៀត។ គ្រប់​អ្នក​រកស៊ី ម្ចាស់​អាជីវកម្ម និង​​ក្រុមហ៊ុន​នៅ​លើ​លោក​នេះ ​ចាំបាច់​ត្រូវ​មាន​ជំនាញ​សំខាន់ៗ​អម​គ្នា​ខាងក្រោម​នេះ​ដើម្បី​ជោគជ័យ​នៅ​ក្នុង​មុខ​ជំនួញ​នោះ​គឺ៖ 

-​ជំនាញ​លក់៖ ធ្វើ​ឲ្យ​អ្នក​មិន​ជួប​ភាព​អត់ឃ្លាន

-ជំនាញ​ទីផ្សារ៖ ធ្វើ​ឲ្យ​អ្នក​លក់​បាន​កាន់តែ​ច្រើន

-ជំនាញ​គ្រប់គ្រង៖ ធ្វើ​ឲ្យ​អ្នក​​​ចេះ​រស់នៅ​ជាមួយ​គេ

-ជំនាញ​រៀបចំ​គម្រោង៖ ធ្វើ​ឲ្យ​អ្នក​ដើរ​​​ស្រប​តាម​ផែនការ និង​ប្រកួតប្រជែង​បាន​យូរ​អង្វែង 

-ជំនាញ​បត់បែន៖ ​ធ្វើ​ឲ្យ​អ្នក​ចេះ​សម្រប​ខ្លួន​ស្រប​តាម​ស្ថានភាព​ជាក់ស្តែង​បាន​។ 

ក្នុង​ចំណោម​ជំនាញ​ទាំង​នេះ ជំនាញ​លក់ គឺ​ជា​ជំនាញ​ដែល​សំខាន់​ជាងគេ​បំផុត​ដែល​អ្នក​ត្រូវ​​តែ​ចេះ។

៤.តើ​អ្នក​មាន​​ជំនាញ​​ និង​បទពិសោធន៍​ពិតប្រាកដ​លើ​​មុខ​ជំនួញ​របស់​អ្នក​ហើយ​ឬនៅ?
អ្នក​មិន​អាច​ដើរ​ចូល​ក្នុង​មុខ​ជំនួញ​ក្នុង​នាម​ភាព​ជា​ម្ចាស់​ខ្លួនឯង​ដោយ​មិន​ចេះ មិន​ដឹង ឬ​គ្មាន​បទពិសោធន៍​លើ​​​មុខ​ជំនួញ​ដែល​អ្នក​កំពុង​តែ​ធ្វើ​នោះ​ឡើយ។ អ្នក​ត្រូវ​ប្រាកដ​ថា វា​ជា​ចំណង់ចំណូលចិត្ត​របស់​អ្នក វា​ជា​ទេពកោសល្យ​របស់​អ្នក និង​ជា​អ្វី​ដែល​អ្នក​បាន​ធ្វើ​ល្អ​បំផុត។ បើ​មិនដូច្នេះ​ទេ អ្នក​នឹង​ចាប់​ផ្តើម​​ធ្វើ​វា​ដោយ​ភាព​ងងឹតងងល់ ហើយ​​វា​នឹង​ធ្វើ​ឲ្យ​អ្នក​បរាជ័យ ចំណាយ​ពេល ចំណាយ​លុយ និង​ធនធាន​របស់​អ្នក​​។ 

៥.​​តើ​ខ្ញុំ​អាច​ផ្ទេរ​ភារកិច្ច​ការងារ​ទៅ​មនុស្ស​ក្រោម​បង្គាប់​បាន​ដែរ​ឬ​ទេ?
អ្នក​ជំនួញ​គ្រប់រូប​មិនមែន​សុទ្ធតែ​អាច​​អនុវត្ត​ការងារ​របស់​ខ្លួន​ទៅ​តាម​ក្រឹត្យក្រម​នេះ​ទាំងអស់​នោះ​ទេ។ វា​ជា​បញ្ហា​ប្រសិន​បើ​អ្នក​មិន​មាន​សមត្ថភាព​​គ្រប់គ្រង​មនុស្ស របៀប​​ផ្ទេរ​ភារកិច្ច​ និង​ ទំនួលខុសត្រូវ​ការងារ​ ទំនុក​ចិត្ត និង​ភាព​ជឿជាក់​ទៅ​លើ​មនុស្ស​ក្រោម​បង្គាប់។ ប្រសិន​បើ​អ្នក​ចង់​ធ្វើ​ជា​ចៅហ្វាយ​ខ្លួនឯង អ្នក​ត្រូវ​​យកចិត្ត​ទុកដាក់​លើ​ការ​​បង្រៀន​ពួកគេ​ពី​របៀប​ធ្វើ​ការ ការ​គ្រប់គ្រង និង​បណ្ដុះបណ្ដាល​ជាដើម​ដើម្បី​ធ្វើ​ឲ្យ​ការ​ផ្ទេរ​ទំនួល​ខុសត្រូវ​របស់​អ្នក​ទៅ​ឲ្យ​ពួកគេ​ដាក់​ទៅ​ចំ​កន្លែង ត្រូវ​ពេល និង​ត្រូវ​មនុស្ស​។

៦.តើ​ខ្ញុំ​អាច​ជា​អ្នកដឹកនាំ​ល្អ​ដែរ​ឬទេ?
អ្នក​មិន​អាច​​ផ្ទេរ​ភារកិច្ច​ទទួល​ខុសត្រូវ​​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​​បាន​ទេ​​ប្រសិន​បើ​អ្នក​មិន​ដឹង​ពី​​របៀប​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព។ ហើយ​ទោះបី​ជា​អ្នក​មាន​​គ្រូ​បណ្ដុះបណ្ដាល​​ខាង​ជំនួញ​​​ដែល​អ្នក​ជឿជាក់​ច្រើន​​ប៉ុណ្ណា​ក៏ដោយ ការ​គ្រប់គ្រង​មិន​ត្រឹមតែ​ពឹងផ្អែក​លើ​ចំណេះដឹង​​មួយ​មុខ​ប៉ុណ្ណោះ​ទេ។ ​ដូច​លោក​ឧត្ដមសេនីយ៍​នាវី Grace Grace Murray Hopper បាន​និយាយ​ដូច្នេះ​ថា “ សម្រាប់​របស់របរ អ្នក​អាច​គ្រប់គ្រង​​បាន​ ប៉ុន្តែ​សម្រាប់​មនុស្ស​ អ្នក​ត្រូវ​ដឹកនាំ​ពួកគេ។ ទោះបី​ជា​អ្នក​រៀន​អនុបណ្ឌិត ឬ​បណ្ឌិត​គ្រប់គ្រង​ក៏ដោយ វា​មិន​ទាន់​គ្រប់គ្រាន់​ទេ។ អ្នក​ត្រូវ​ដឹង​ពី​របៀប​គ្រប់គ្រង និង​ដឹកនាំ​មនុស្ស​ដោយ​របៀបណា​ទើប​ធ្វើ​ឲ្យ​ភាព​ដឹកនាំ​របស់​អ្នក​ជះឥទ្ធិពល​ដល់​ភាព​ជោគជ័យ​របស់​ពួកគេ៕

ដោយ៖ ខេវិន 
ប្រភព៖ entrepreneur

 

​​​

 

 

X
5s