កំណើនសិស្សជ្រើសយកផ្នែកវិទ្យាសាស្រ្តសង្គមកើនឡើងជាលំដាប់ ខណៈក្រសួងកំពុងជម្រុញលើមុខវិជ្ជាវិទ្យាសាស្រ្ត STEM
ភ្នំពេញ - កំណើនអ្នកប្រឡងវិទ្យាសាស្រ្តសង្គមមានការស្ទុះឡើង ខណៈពេលដែល ក្រសួងអប់រំ យុវជន និងកីឡា លើកទឹកចិត្តសិស្សានុសិស្សថ្នាក់វិទ្យាល័យ ឲ្យសិក្សា និងការចូលរួមប្រកួតពាក់ព័ន្ធមុខវិជ្ជាបច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM)។
ចំនួនបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះបេក្ខជនប្រឡងបានជ្រើសរើសផ្នែកសង្គមក៏មានការកើនឡើង ជាលំដាប់ផងដែរ យោងតាមទិន្នន័យនៃចំនួនមណ្ឌលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០១៨ របស់ក្រសួងអប់រំ យុវជន និងកីឡា មណ្ឌលទូទាំងប្រទេសមាន ១៩៦ មណ្ឌល និងមណ្ឌលប្រឡងផ្នែកវិទ្យាសាស្រ្តសង្គមមានដល់៩៥។ សម្រាប់ឆ្នាំ២០១៩ មណ្ឌលប្រឡងទូទាំងប្រទេសសរុបមាន២០២ ខណៈមណ្ឌលប្រឡងផ្នែកសង្គមមានដល់ទៅ១២៧មណ្ឌល និងផ្នែកវិទ្យាសាស្រ្តមានត្រឹម៧៥មណ្ឌល។
ជាអតីតសិស្សថា្នក់សង្គមក្នុងថ្នាក់ទី ១២ នៅសាលាមហាសាស្រ្តា លោក ឈៀន សុវណ្ណរ៉ូ បច្ចុប្បន្ននេះជានិសិ្សតឆ្នាំទី២ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ផ្នែករដ្ឋបាលសាធារណៈ ដោយរូបលោកបានជ្រើសរើសរៀន និងប្រឡងផ្នែកវិទ្យាសាស្រ្តសង្គម ព្រោះខ្លួនចង់រៀនច្បាប់ និងចង់ក្លាយជាមន្ត្រីនគរបាលនៅពេលរៀនចប់។
លោកបាននិយាយថា៖ «ខ្ញុំចង់ចូលច្បាប់ ខ្ញុំគិតថាយកសង្គម នៅខាងវិទ្យាសាស្រ្តខ្ញុំអត់សូវចេះគីមីវិទ្យា រូបវិទ្យា ខ្ញុំអត់អាចទៅបាន ណាមួយគ្រួសារអត់សូវមានថវិកាឲ្យរៀនពេទ្យអីចឹង ដូចនេះប៉ាថាឲ្យចូលខាងសង្គមទៅ»។
ជុំវិញការកើនឡើងថា្នក់វិទ្យាសាស្រ្តសង្គមនេះ យុវសិស្សមួយចំនួនយល់ឃើញថាយល់ថាមុខវិជ្ជាវិទ្យាសាស្រ្តសង្គមងាយរៀន ងាយប្រឡងជាប់ជាងផ្នែកវិទ្យាសាស្រ្តពិត និងមិនសូវចំណាយថវិកាច្រើន។
យុវជន ស៊ូ ឧត្តម ជាយុវជនទើបតែបញ្ចប់ថ្នាក់ទី ១២ បានជ្រើសរើសថ្នាក់វិទ្យាសាស្រ្តសង្គមក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០១៩ ជាបេក្ខជនស្វ័យរិន ដែលធ្លាប់ធ្លាក់កាលពីឆ្នាំកន្លងមកក្នុងថា្នក់វិទ្យាសាស្រ្តពិត ហើយនៅឆ្នាំសិក្សាថ្មី ក៏ប្រឡងផ្នែកសង្គមដោយគិតថាការប្រឡងសង្គមនេះងាយជាប់ និងងាយរៀន ជាងផ្នែកវិទ្យាសាស្ត្រ។
យុវជនម្នាក់នេះបាននិយាយថា៖ « ការសិក្សាថ្នាក់វិទ្យាសាស្រ្តសង្គម ខ្ញុំបានចំណាយពេលវេលានៅតែផ្ទះសម្រាប់ទន្ទេញមេរៀនតែប៉ុណ្ណោះ ដោយខ្ញុំមិនបាច់ទៅរៀននៅសាលា ឬ រៀនបន្ថែមឡើយ ហើយម្យ៉ាងទៀតការសិក្សាថ្នាក់វិទ្យាសាស្រ្តសង្គមមិនសូវចំណាយលុយច្រើនជាងវិទ្យាសាស្រ្តពិតនោះទេ»។
លោកបានបន្ថែមថា ៖ «ខ្ញុំគិតថាការកើនឡើងនេះដោយសារ អ្នកដែលប្រឡងកាលឆ្នាំកន្លងទៅ ជាពិសេសអ្នកនៅតាមបណ្តាលខេត្ត គាត់អត់ចង់ចំណាយលុយរៀនម្តងទៀត ឬ រៀនគួរបន្ថែមដែលត្រូវចំណាយអស់ច្រើន ហើយណាមួយគ្រាន់តែទន្ទេញមេរៀន វាស្រួលជាងរៀនវិទ្យាសាស្រ្តពិត ហេតុដូចនេះពួកគាត់បានជ្រើសរើសថា្នក់សង្គមដូចជាខ្ញុំទៅ»។
ទាក់ទងនឹងការកើនឡើងនៃចំនួនបេក្ខជនប្រឡងជ្រើសរើសផ្នែកសង្គមនេះ អ្នកនាំពាក្យនៃក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា នេះជាជម្រើសបុគ្គលតាមឧបនិស្ស័យ និងគោលបំណងជីវិតបុគ្គល។
ឯកឧត្តម រស់ សុវាចា បានមានប្រសាសន៍ថា ៖ «ក្រសួងកំពុងអនុវត្តន៍គោលនយោបាយវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM)។ ក្នុងន័យនេះ ក្រសួងស្វាគមន៍ និងលើកទឹកចិត្តការសិក្សា បង្រៀន និងការចូលរួមប្រកួតពាក់ព័ន្ធមុខវិជ្ជា STEM។ ជាក់ស្តែងក្រសួងបានបង្កើតសាលារៀនជំនាន់ថ្មី ដោយផ្តោតលើការសិក្សា និងបង្រៀនមុខវិជ្ជាSTEM។»
ស្របតាមគោលនយោបាយអភិវឌ្ឍន៍ STEM នាដើមឆ្នាំ២០១៦ រដ្ឋាភិបាលកម្ពុជា បានបង្កើតកម្មវិធីថ្មីមួយ ឈ្មោះថា សាលាជំនាន់ថ្មី ដោយផ្ដោតទៅលើមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដើម្បីជំរុញឲ្យមានអ្នកជំនាញខាងវិទ្យាសាស្ត្រច្រើនថែមទៀតនៅកម្ពុជា។
បើផ្អែកការសិក្សាស្តីអំពី ការកំណត់គោលនយោបាយនៃការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ធុនធ្ងន់ មធ្យម និងស្រាល និងឧស្សាហកម្មកែច្នៃ កន្លងមកបានរកឃើញថា កម្ពុជាត្រូវការអ្នកឯកទេសផ្នែក STEM រហូតដល់ចំនួន ៦ម៉ឺន៥ពាន់នាក់ ក៏ប៉ុន្តែនាពេលបច្ចុប្បន្ននេះធនធាន STEM នៅកម្ពុជាជាសរុប មានតែជាង១ម៉ឺននាក់ប៉ុណ្ណោះ។
ដោយ៖ នូ វិរៈ