គន្លឹះ ៥ យ៉ាង ដើម្បីយកឈ្នះបញ្ហាលំបាកផ្នែកហិរញ្ញវត្ថុសម្រាប់អាជីវកម្ម
ការជាប់គាំងដំណើរការអាជីវកម្ម គឺកើតឡើងដោយសារអាជីវកម្មមួយកំពុងជួបប្រទះបញ្ហាលំបាកផ្នែកហិរញ្ញវត្ថុ។ អាជីវកម្មមួយចំនួនបានឈានដល់ដំណាក់កាលក្ស័យធនដោយសារបញ្ហាហិរញ្ញវត្ថុចេះតែកើតមានឥតស្រាកស្រាន។
តើធ្វើយ៉ាងណាដើម្បីឲ្យអាជីវកម្មរបស់អ្នកអាចយកឈ្នះលើភាពតានតឹងផ្នែកហិរញ្ញវត្ថុបាន? ខាងក្រោមនេះគឺជាគន្លឹះ ជួយអ្នកក្នុងការសម្រាប់បន្ទុកទៅលើភាពតានតឹងផ្នែកហិរញ្ញវត្ថុសម្រាប់អាជីវកម្ម
១) ផែនការលំហូរសាច់ប្រាក់
អ្វីៗទាំងអស់ចាប់ផ្ដើមចេញពីការធ្វើផែនការ អ្នកត្រូវធ្វើការកំណត់ថា នៅត្រីមាសបន្ទាប់ ឬនៅឆ្នាំបន្ទាប់ អ្នកនឹងប្រើសាច់ប្រាក់របស់អ្នកចំណាយទៅលើអ្វី ហើយសាច់ប្រាក់នោះនឹងត្រូវធ្វើការចំណាយនៅពេលណា? អ្នកក៏ត្រូវរកឲ្យឃើញពីឧបសគ្គនិងការរារាំង ដែលអាចបង្កឱ្យមានការជាប់គាំងផ្នែកហិរញ្ញវត្ថុ។ រកឃើញបញ្ហា អ្នកក៏ត្រូវរកជម្រើសនិងដំណោះស្រាយផ្សេងៗដើម្បីអាចជំរុញឱ្យចរន្តសាច់ប្រាក់របស់លោកអ្នកអាចមានផ្លូវហូរចេញហូរចូលបានខ្លះ។ ផែនការមួយនេះធ្វើដើម្បីអាធានាបានថាសាច់ប្រាក់របស់អាជីវកម្មអ្នកមិននៅទ្រឹងមួយកន្លែងនោះទេ។
២) រៀបចំនិងធ្វើការទូទាត់នៅអ្វីដែលអាទិភាព
អ្នកធ្វើការបែងចែកឲ្យបានច្បាស់រាល់ការចំណាយដែលសំខាន់ ដឹងចំណាយដែលជាអាទិភាព ព្រោះការចំណាយមួយចំនួនអាចនឹងសំខាន់តែមិនមែនជាអាទិភាព។ ជាងនេះទៅទៀតអ្វីដែលធ្វើអោយផ្នែកហិរញ្ញវត្ថុរបស់អ្នកត្រូវជាប់គាំងគឺការចំណាយលុយឥតប្រយោជន៍។
៣) ការគ្រប់គ្រងបញ្ហា និងទំនាក់ទំនង
តម្លាភាពគឺជាអាទិភាពមួយនាំភាពជោគជ័យដល់ដំណើរការអាជីវកម្មរបស់លោកអ្នក។ វាចាំបាច់ណាស់ក្នុងដំណើរការអាជីវកម្មមួយ នៅពេលអ្នកបានផ្តល់នូវតម្លាភាព និងភាពត្រឹមត្រូវជូនដល់អតិថិជន ក៏ដូចជាអ្នកវិនិយោគ ព្រោះបើគ្មានអតិថិជននូវអ្នកវិនិយោគអាជីវកម្មរបស់អ្នកក៏មិនអាចបន្តដំណើរការបានដែរ។ ការដែលនៅតែមានការគាំទ្រពីអតិថិជន នៅមានការបន្តវិនិយោគបន្ថែមពីអ្នកវិនិយោគ ពិតណាស់ថាហិរញ្ញវត្ថុនិងលំហូរសាច់ប្រាក់របស់អាជីវកម្មនឹងមិនត្រូវបានជាប់គាំងនោះទេ។
៤) សវនកម្ម រៀបចំឡើងវិញ និងកែតម្រូវ
អាជីវកម្មមួយដែលអាចមានដំណើរការទៅយ៉ាងរលូនគឺវាអាស្រ័យទៅនឹងការត្រួតពិនិត្យ ការដឹកនាំ ដឹងដំណើរការប្រតិបត្តិការរឹងមាំ។ ការធ្វើសវនកម្មមិនមែនសំដៅទៅលើហិរញ្ញវត្ថុមួយមុខនោះទេ ការអនុវត្តការងារជាប្រចាំរបស់បុគ្គលិក ទំនាក់ទំនងនៅក្នុងអង្គភាព ទំនាក់ទំនងរបស់អង្គភាពជាមួយនឹងអតិថិជន ក៏ដូចជាទំនាក់ទំនងរវាងអង្គភាពជាមួយអ្នកវិនិយោគ។ ទាំងនេះជាកត្តាដែលត្រូវធ្វើសវនកម្មដើម្បីបញ្ជាក់បានភាពច្បាស់លាស់និងត្រឹមត្រូវ។ នៅពេលមិនបានធ្វើសវនកម្មអង្កេតពីបញ្ហានៅខាងក្នុងអង្គភាព យើងមិនអាចដឹងថាបុគ្គលិកបានអនុវត្តត្រឹមត្រូវតាមអ្វីដែលជាទស្សនៈវិស័យរបស់ក្រុមហ៊ុនឬអាជីវកម្ម បុគ្គលិកអាចនឹងខ្វះជំនាញ រកអ្វីដែលគាត់កំពុងធ្វើមិនបានត្រឹមត្រូវតាមតម្រូវការទីផ្សារក៏ថាបាន។ ប្រសិនបើយើងមានការតាមដានហើយអាចរកឃើញបញ្ហា នោះយើងនិងអាចធ្វើការកែប្រែដែលរៀបចំឡើងវិញនៅប្រព័ន្ធការងារថ្មី ព្រមទាំងកែតម្រូវរាល់ចំណុចខ្វះខាតដើម្បីពង្រឹងសមត្ថភាពអាជីវកម្មរបស់យើងឲ្យដំណើរការទៅមុខបានកាន់តែប្រសើរ។
៥) ផ្ដោតសំខាន់លើការថែរក្សាអតិថិជន នៅជំរុញសមត្ថភាពលក់
ជាវិធីសាស្ត្រដ៏ល្អបំផុតដើម្បីឲ្យអាជីវកម្មរបស់លោកអ្នក ចៀសផុតពីការជាប់គាំងផ្នែកហិរញ្ញវត្ថុគឺការជំរុញការលក់អោយបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន។ អ្នកត្រូវវិភាគទៅលើការធ្វើទីផ្សាររបស់អ្នកនៅពេលបច្ចុប្បន្នក៏ដូចជាយុទ្ធសាស្ត្រលក់ រកឱ្យឃើញពីចំណុចខ្សោយ ដើម្បីស្វែងរកយុទ្ធសាស្ត្រថ្មី។ ទន្ទឹមគ្នានេះដែរអ្នកត្រូវប្រាកដថាអ្នកអាចនឹងប្រមូលមកវិញនូវសាច់ប្រាក់អ្នកគេជំពាក់ (អតិថិជនមិនទាន់បានសងមិនទាន់បានទូទាត់) បានយ៉ាងមានប្រសិទ្ធភាព។
នៅពេលដែលអាចអនុវត្តតាមវិធីសាស្រ្តទាំង ៥នេះបាន ទោះបីជាអាជីវកម្មអ្នកត្រូវជួបការលំបាកក៏មិនឈានដល់ជាប់គាំងខ្លាំងមិនអាចដោះស្រាយបាននោះដែរ៕
យ៉ាយ៉ា