ពាក្យ​កុហក​ដ៏​ពេញ​និយម​ចំនួន​ ៤ឃ្លា ​ដែល​ឪពុកម្ដាយ​របស់​​អ្នក​បាន​​ប្រាប់​អ្នក​រឿង​លុយកាក់ និង​ជីវិតការងារ​



តើ​អ្នក​ធ្លាប់​បដិសេធន៍​គំនិត ឬ​ទស្សនៈ​​ឪពុក​ម្ដាយ​របស់​អ្នក​ដែរ​ឬទេ​ទាក់ទង​ទៅ​នឹង​លុយកាក់ និង​ជីវិត​ជាក់​ស្តែង? ចូរ​ក្រឡេក​មមើលពាក្យ​ ៤​ឃ្លា​ ខាងក្រោម​នេះ តើ​​អ្នក​​ធ្លាប់​បាន​ស្ដាប់​​អ្នក​មាន​គុណ​របស់​អ្នក​និយាយ​វា​ប្រាប់​អ្នក​ដែរ​ឬ​អត់? ​

  • កូន​ត្រូវ​មាន​ជំនាញ​ច្បាស់លាស់​មួយ ហើយ​រើស​យក​ជំនាញ​នោះ​ជា​មុខរបរ​ចិញ្ចឹម​ជីវិត​របស់​កូន​​។ ​អ្នក​ដែល​មាន​ជំនាញ​មិន​ច្បាស់លាស់ ជីវិត​អ្នកនោះ​មិន​មាន​ស្ថិរភាព​ទេ ហើយ​ក៏​មិន​គេច​ផុត​ពី​ភាព​ក្រីក្រ​ដែរ។
  • ​​បាន​​អាជីព​មួយ​ កូន​ត្រូវ​តែ​ទៅ​​រៀន​នៅ​សាលា ហើយ​បើ​ចង់​ប្តូរ​​អាជីព​ក៏​ត្រូវតែ​ទៅ​រៀន​នៅ​សាលា​ដែរ។ សាលា​រៀន​គឺ​ជា​កន្លែង​វិនិយោគ​ដ៏​ល្អ​បំផុត។
  • មាន​លុយ​មិន​ប្រាកដ​ថា មាន​​អ្វីៗ​គ្រប់យ៉ាង​នោះ​ទេ។
  • ចេះ​១០​មិន​ស្មើ​អ្នក​ប្រសព្វ​​មួយ​នោះ​​ទេ។ 

​​​​តាម​ពិត​ទៅ ឪពុក​ម្តាយ​របស់​អ្នក​​ប្រហែល​ជា​មិន​​បាន​យក​ពាក្យ​សម្តី​ទាំង​នេះ​មក​និយាយ​ក្នុង​ពេល​ដំណាលគ្នា​នោះ​ទេ។ ក៏ប៉ុន្តែ​អ្នក​ប្រហែល​ជា​ធ្លាប់​បាន​ស្តាប់​ឮ​ពួកគេ​និយាយ​ដូច្នេះ​​ពេញ​មួយ ជីវិត​របស់​អ្នក​។ ឥឡូវ​នេះ ដល់​ពេល​​ដែល​អ្នក​សាកល្បង​មក​ស្វែងយល់​ការ​បកស្រាយ​​​ចំណុច​ទាំង​នេះ​​ឲ្យ​បាន​លម្អិត​ដូច​ខាងក្រោម​នេះ៖

១.អ្នក​​ត្រូវ​មាន​ជំនាញ​ច្បាស់លាស់​មួយ ហើយ​រើស​យក​ជំនាញ​នោះ​ជា​មុខរបរ​ចិញ្ចឹម​ជីវិត​របស់​​អ្នក
នេះ​មិន​ពិត​ទាំងស្រុង​ទេ។ សូម​ចាំ​ថា អាជីព​​ណាមួយ​ វា​គ្រាន់តែ​ជា​មុខរបរ​​មួយ​ប៉ុណ្ណោះ។ ​នេះ​មានន័យថា វា​​ជា​ជំនាញ​មួយ​ដែល​អ្នក​ធ្វើ​រហូត​ដល់​អ្នក​បាន​រក​ឃើញ​មុខរបរ​ផ្សេង​ទៀត​ដែល​​ល្អ​ប្រសើរ​ជាង​នេះ រក​ចំណូល​បាន​ច្រើន​ជាង​នេះ និង​​ធ្វើ​ឲ្យ​អ្នក​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង​។ មិន​ខុស​ពី​សំលៀកបំពាក់​នោះ​ទេ​គឺ​ថា អាជីព​ការងារ​មួយ​អ្នក​​អាច​ប្ដូរ​វា​​បាន។   អ្នក​អាច​យក​វា​មក​ស្លៀក​បាន តែ​វា​មិន​អាច​ប្រាប់​អ្នក​ផ្សេង​បាន​ថា អ្នក​ជា​មនុស្ស​បែប​ណា​​ឲ្យ​ប្រាកដ​នោះ​ទេ។

ប្រសិន​បើ​អ្នក​​មាន​អាជីព​មួយ​ដែល​អ្នក​មិន​ពេញចិត្ត​ដើម្បី​ធ្វើ​យក​តែ​លុយ   លុយ​ដែល​បាន​មក​ពី​អាជីព​នោះ​​វា​មិន​អាច​ធ្វើ​ឲ្យ​អ្នក​ពេញចិត្ត​ខ្លួនឯង​​ឡើយ​។  អ្នក​ធ្វើ​ដោយសារតែ​អ្នក​ចង់​បាន​លុយ​ប៉ុណ្ណោះ​ មិនមែន​អ្នក​ចូលចិត្ត​ការងារ​នោះ​ទេ។ នេះ​ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​គេង​មិន​ចង់​ក្រោក​ពី​គ្រែ។ ចេះ​ជំនាញ​មួយ​បាន​ជ្រៅជ្រះ គឺ​ជា​រឿង​សំខាន់  ប៉ុន្តែ​វា​ក៏​ជា​ចំណុច​មួយ​ដែល​អ្នក​ត្រូវ​យកចិត្ត​ទុកដាក់​ផង​ដែរ។  ហេតុដូច្នេះ​ហើយ ពេញ​មួយ​ជីវិត​របស់​អ្នក ហេតុអ្វី​បាន​ជា​​អ្នក​មិន​ចង់​មាន​បទពិសោធន៍ ឬ​ចំណេះដឹង​លើ​មុខ​ជំនាញ​ជា​ច្រើន​ទៀត?

២. អ្នក​ត្រូវ​តែ​ទៅ​​រៀន​នៅ​សាលា ​ដើម្បី​រៀន​​ចាប់​យក​អាជីព​មួយ
ពិភពលោក​បាន​ផ្លាស់ប្ដូរ​ហើយ។ អ្វី​ដែល​កាន់តែ​ពិសេស​ជាង​មុន​ទៅ​ទៀត​គឺ​ថា ការ​ចង់​បាន​ចំណេះដឹង​ខ្លាំង​​ពូកែ​ឈាន​​ដល់​តំណែង​កំពូលៗ គឺ​អាច​រក​បាន​គ្រប់​ទីកន្លែង​សម្រាប់​នរណា​ដែល​មាន Wifi អ៊ីនធឺណិត និង​មហិច្ឆតា​​ខ្ពស់​នៅ​ក្នុង​ដៃ បើ​ទោះបី​ជា​មុខ​ជំនាញ​មួយ​ចំនួន​នៅ​មិន​ទាន់​ធ្វើ​បាន​ដូច​ជា ពេទ្យ ឬ​ច្បាប់​ក៏ដោយ។  ប៉ុន្តែ​ឧទាហរណ៍​ថា ប្រសិន​បើ​អ្នក​បាន​ដឹង ឬ​ទទួល​បាន​ព័ត៌មាន​ជា​មុន​ថា មិន​ត្រឹមតែ​​​​ជំនាញ​ពីរ​​ទាំង​​នេះ​ទេ​ដែល​អាច​ឲ្យ​អ្នក​​រក​ចំណូល​បាន​ច្រើន​ជាង​នេះ​ នោះ​​ប្រហែល​ជា​​មនុស្ស​ភាគច្រើន​នឹង​​ជ្រើសរើស​វិធី​ផ្សេង​ក្រៅ​ពី​នេះ។ 

រឿង​នេះ​គឺ​ពិត​ជា​កើត​មាន​មែន​។ សាលារៀន​មិនមែន​ជា​​កន្លែង​វិនិយោគ​ដ៏​ល្អ​បំផុត​ដែល​មិន​អាច​ប្រកែក​បាន​នោះ​ឡើយ ជា​ពិសេស​សម្រាប់​សហគ្រិន​។ សេដ្ឋកិច្ច​ថ្មី​ទាមទារ​ការ​ស្វែងរក​នរណា​ម្នាក់​​ដែល​មាន​សមត្ថភាព​រៀន​សូត្រ​អភិវឌ្ឍ​ចំណេះ​ដឹង​របស់​ខ្លួន​​បាន​គ្រប់​ស្ថានភាព បាន​គ្រប់​ទីកន្លែង​។  តើ​អ្នក​គួរ​ចំណាយ​ពេល​សិក្សា និង​ងប់ងុល​នឹង​អ្វី​ដែល​ជា​ទ្រឹស្ដី​នៅ​សាលារៀន​ ឬ ចំណាយ​ពេល​លើ​ការ​អប់រំ​ដែល​​អាច​ឲ្យ​អ្នក​យក​មក​អនុវត្ត​​នៅ​ក្នុង​ពិភពលោក​ជាក់ស្ដែង​បាន? នេះ​ហើយ​ដែល​ការ​អប់រំ​​​នាំ មក​នូវ​ផល​ចំណេញ​ត្រឡប់​មក​វិញ។ 

៣.មាន​លុយ​មិន​ប្រាកដ​ថា មាន​​អ្វីៗ​គ្រប់​យ៉ាង
ចំណុច​នេះ​សំខាន់​ខ្លាំង​ណាស់។ ជា​ការពិត​ មាន​លុយ​​មិន​ប្រាកដ​ថា មាន​អ្វីៗ​គ្រប់យ៉ាង​ទេ តែ​មាន​លុយ​ អ្នក​មាន​​អ្វីៗ​ភាគច្រើន​ដែល​អ្នក​ចង់​បាន​។  ​វា​ប្រៀប​ដូច​ជា​ខ្យល់​អុកស៊ីហ្សែន​ដែល​មនុស្ស​ម្នាក់​ៗ​ត្រូវការ​ជា​ចាំបាច់​ដើម្បី​ដកដង្ហើម​រស់​សម្រាប់​ទៅ​ធ្វើ​រឿង​ផ្សេងៗ​​ទៀត។  អ្នក​អាច​អង្កេត​ដោយ​បាន​ខ្លួនឯង​ទៅ​លើ​មនុស្ស​ដែល​​គ្មាន​លុយ។ ពួកគេ​នឹង​និយាយ​ពី​វា​គ្រប់​ពេល​។ ពួកគេ​ព្យាយាម​ធ្វើ​ពុត​ថា ពួកគេ​​នៅ​តែ​មាន​អារម្មណ៍​ធម្មតា​ដូច​ជា​គ្មាន​រឿង​អ្វី​​ប្រសិនបើ​ពួកគេ​មាន​លុយ​ច្រើន​ក៏ដោយ។  តាមពិត​ទៅ ពួកគេ​កំពុង​កុហក​​ខ្លួនឯង។ ពិត​ហើយ  លុយ​​វា​គ្រាន់តែ​ក្រដាស​ប៉ុណ្ណោះ។ វា​មិន​មានតម្លៃ​ទេ បើ​​គេ​មិន​ចាយ​វា​។ ប៉ុន្តែ​តើ​អ្នក​នឹង​ពិបាក​ដកដង្ហើម​ប៉ុណ្ណា​នៅ​ពេល​​គ្មាន​លុយ?  

នៅ​ក្នុង​​ទិដ្ឋភាព​ជាក់ស្ដែង លុយ​​បាន​ក្លាយ​ជា​ឧបករណ៍​ដ៏​ពេញ​និយម​ដើម្បី​​ដោះដូរ​សេរីភាព។  វា​ជា​អំណាច​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ផ្សេងទៀត​ធ្វើ​អ្វីៗ​​ដើម្បី​អ្នក​​សម្រាប់​ការងារ​ដែល​អ្នក​មិន​ចង់​ធ្វើ ឬ​មិន​អាច​ធ្វើ​ដោយ​ខ្លួនឯង​បាន​។ វា​ជា​អំណាច​​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ពេលវេលា​កាន់តែ​ច្រើន​ទៅ​ផ្ដោត​អារម្មណ៍​លើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​។ ​ ​ក៏ប៉ុន្តែ​ នេះ​មិន​​មែន​មានន័យ​ថា​ អ្នក​ដែល​មាន​លុយ​​ទាំងអស់ សុទ្ធតែ​សប្បាយ​ចិត្ត​នោះ​ទេ ឬ​អ្នក​ដែល​គ្មាន​លុយ​មិន​សប្បាយចិត្ត​​នោះ​ដែរ​ ហើយ​វា​ក៏​ ​មិន​​មែន​មានន័យ​ថា ​មាន​លុយ​គេ​មិន​អាច​​មើលងាយ​ ឬ​មិន​អាច​រំលោភបំពាន​នោះ​ដែរ​។ 

តាម​ពិត​វា​ក៏​ជា​អន្ទាក់ ហើយ​ធ្វើ​ឲ្យ​អ្នក​មាន​សេរីភាព​កាន់តែ​តិច​ផង​ដែរ ប្រសិន​បើ​អ្នក​មិន​ចេះ​គ្រប់គ្រង​វា​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​នោះ។  ក្នុង​ន័យ​នេះ អ្នក​មិន​ត្រូវ​ធ្លាក់​ខ្លួន​ជា​ទាសករ​នៃ​លុយ​នោះ​ទេ។ អ្នក​ត្រូវ​តែ​ឲ្យ​លុយ​ធ្វើ​ជា​ទាសករ​របស់​អ្នក។ អ្វីដែល​អ្នក​ត្រូវ​ស្រវា​តោង​យក​ឲ្យ​បាន​ គឺ​សេរីភាព​​របស់​អ្នក ពីព្រោះ​លុយ​គឺ​ជា​មធ្យោបាយ​មួយ​ដែល​អាច​ជួយ​ឲ្យ​អ្នក​ឆាប់​សម្រេច​បាន​ក្តី​សុបិន​នេះ​បាន ប្រសិន​បើ​អ្នក​មាន​ភាព​ឆ្លាតវៃ​ក្នុង​រឿង​​គ្រប់គ្រង​នេះ។ 

៤.ចេះ ​១០​ មិន​ស្មើ​អ្នក​ប្រសព្វ​​មួយ
នេះ​ជា​គំនិត​ហួស​សម័យ​មួយ​។ ការពិត​វា​មិន​ដូច្នេះ​ទេ! អ្នក​ដែល​មាន​បទពិសោធន៍ និង​ជំនាញ​សំបូរ​បែប អ្នក​នោះ​ទេ​ដែល​មាន​អត្ថិភាព​កាន់តែ​ខ្លាំងក្លា​នៅ​យុគសម័យ​បច្ចេកវិទ្យា​​នា​សតវត្ស​ទី​២១​នេះ។ នៅ​ពេល​បច្ចុប្បន្ន​​នេះ មិន​ថា អ្នក​រៀន​ច្បាប់ វេជ្ជបណ្ឌិត កសិករ អាជីវករ អ្នក​ជំនួញ ឬ​មុខ​របរ​អ្វី​ផ្សេង​ទេ អ្នក​ត្រូវ​ចេះ​ជំនាញ​ឲ្យ​បាន​ច្រើន។ ក្រៅ​ពី​អាជីព​ផ្ទាល់​ខ្លួន​អ្នក​ត្រូវ​​ចេះ​ពី​ជំនាញ​ទំនាក់ទំនង លក់ ទីផ្សារ ចេះ​ប្រើ​បច្ចេកវិទ្យា ចេះ​នយោបាយ សេដ្ឋកិច្ច វប្បធម៌​ និង​មាន​ភាព​ច្នៃប្រឌិត​ជាដើម​ដើម្បី​យក​ជំនាញ​ទាំង​នេះ​មក​ចាក់​បំពេញ​ជំនាញ​ផ្ទាល់ខ្លួន​ណាមួយ​របស់​អ្នក។ អ្នក​មិន​គួរ​ស្លាប់ក្រឡា​​នៅ​បឺត​ជញ្ជក់​​​ពឹង​លើ​ជំនាញ​មួយ​របស់​អ្នក​បាន​ឡើយ។ ពិភពលោក​ប្រែប្រួល​លឿន​ណាស់ ជំនាញ​របស់​អ្នក​អាច​នឹង​ស្លាប់​នៅ​ថ្ងៃ​ណាមួយ ប្រសិន​បើ​អ្នក​មិន​ចេះ​បត់បែន។ អ្នក​ស្គាល់​ពិភពលោក​កាន់តែ​ច្បាស់ នោះ​អ្នក​នឹង​ដឹង​ថា អ្នក​គួរ​ឈរ​នៅ​កន្លែង​ណា​ខ្លះ ហើយ​គួរ​ត្រៀម​ខ្លួន​បែប​ណា​សម្រាប់​ចរន្ត​សកលភាវូបនីយកម្ម​ដែល​កំពុង​បន្ត​ដំណើរ​ឥតឈប់?

អត្ថបទ​ទាក់ទង៖ តើ​អ្នក​ចាត់​ទុក​ថា ការ​​រកលុយ​គួរតែ​ជា​គោលដៅ​ចុងក្រោយ​របស់​អ្នក​ដែរ​ឬទេ?​

ដោយ៖ ខេវិន
ប្រភព៖ Entrepreneur ​​​

 

 

X
5s